ថ្មីៗមានករណីជួបគ្រោះថ្នាក់មួយដ៏សែនរន្ធត់ដោយស្លាប់ចំនួន៤នាក់ (ស្រីម្នាក់) ហើយក៏មានម្នាក់ប៉ះចំកូនសិស្សរបស់អ្នកគ្រូ Nuon Nisa ផងដែរ។ រឿងទាំងនោះអ្នកគ្រូសឹងតែមិនជឿថាជាកូនសិស្សរបស់គាត់ ហើយគាត់ក៏បានសរសេរសារនៅលើ Status ក្នុង Facebook របស់គាត់ដោយពោរពេញទៅដោយក្តីអាណិតអាសូរ ដោយសារទាំងនោះសរសេរថា៖
តាំងពីព្រឹកខ្ញុំលឺគេនិយាយគ្នាពេញផ្សារឧដុង្គពីគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលអោយមានមនុស្សស្លាប់៤នាក់នៅនឹងកន្លែងកើតហេតុ ។ ពេលមកពីផ្សារវិញប្អូនប្រុសជីដូនមួយក៏ជិះម៉ូតូមកប្រាប់ខ្ញុំពីគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលអោយមានជនរងគ្រោះស្លាប់ជាច្រើននាក់ក្នុងនោះក៏មានម្នាក់ជាកូនសិស្សរបស់ខ្ញុំដែរ។ ខ្ញុំក៏យកទូរស័ព្ទមកមើលពីសារពត៍មានមួយនោះ គ្រោះថ្នាក់មួយនេះជាពិតរន្ធត់ណាស់ ឡានខ្ទេចឡើងមើលមិនយល់ ជនរងគ្រោះពួកគេក្មេងៗណាស់ ។ ឯណាទៅកូនសិស្សរបស់ខ្ញុំ ?មិនមានទេ ពិតជាមិនមានទេ ប្រហែលប្អូនប្រុសជីដូនមួយរបស់ខ្ញុំមើលច្រឡំហើយមើលទៅ ។ ម៉ោងប្រាំរសៀលក៏បានមកដល់ ប្អូនស្រីជីដូនមួយខ្ញុំម្នាក់ក៏និយាយពីរឿងគ្រោះថ្នាក់ចរាចរណ៍នេះជាមួយខ្ញុំ ។ គេប្រាប់ខ្ញុំថាមានម្នាក់ជាកូនសិស្សរបស់ខ្ញុំ ខ្ញុំក៏ប្រាប់ទៅគេវិញថា គ្មានទេ បងមើលពត៍មាននឹងរួចហើយ គ្មានកូនសិស្សបងទេ ។ គេក៏តបវិញថា បងនីសាឯងនៅចាំកាលបងនីសាឯងនៅបង្រៀនមានយប់មួយមានសិស្សម្នាក់ដើរទៅផ្ទះម្នាក់ឯង ហើយបងនីសាឯងជិះម៉ូតូឌុបគេទៅដល់ផ្ទះអត់? អរ នៅចាំតើ ។ នឹងហើយម្នាក់នឹងហើយ ។ ខ្ញុំក៏ព្យាយាមយកទូស័ព្ទបើកមើលពត័មាននឹងសារជាថ្មី ខ្ញុំមើលរូបថតមួយសន្លឹកនោះជាយូរ ពុទ្ធោ គេពិតជាកូនសិស្សរបស់ខ្ញុំមែន ។ ខ្ញុំមើលរូបថតគេគេងស្លាប់ក្នុងឡានដោយមិនសូវច្បាស់ ខ្ញុំក៏ព្យាយាមរកក៏ឃើញរូបថតមួយសន្លឹកដែលសិស្សទេពប្រណម្យស៊ែរ រូបថតក្រុមបាត់ទាត់ ហើយសរសេរពាក្យថា RIP ទៅកាន់ក្មេងប្រុសម្នាក់នោះ ខ្ញុំមើលយ៉ាងយូរគេគឺជាកូនសិស្សរបស់ខ្ញុំមែន ហេតុអ្វីកូនសិស្សរបស់ខ្ញុំជួបរឿងបែបនេះ ? ខានជួបគេតែកន្លះឆ្នាំ គេធំពេញកំលោះបាត់ទៅហើយ គេសង្ហារណាស់ ។
ម៉ោង៥:៣០ ខ្ញុំបានជិះម៉ូតូទៅវត្តដែលកំពុងបូជាសពរបស់គេ ខ្ញុំបានឈរមើលភ្លុកភ្លើងដែលកំពុងរំលាយរាងកាយរបស់គេ បញ្ញា តើប្អូនក្តៅទេ ? តើប្អូនឃ្លានទេ ? កន្លះឆ្នាំពេលស្មាននេះអ្នកគ្រូតែងឃើញប្អូនកំពុងញុាំមីនៅសាលាចិន ប្អូនជាក្មេងស្លូត មិនសូវចេះនិយាយស្តី នៅចាំទេ កន្លះឆ្នាំមុនប្អូន អង្គុយតុទី២នៅក្នុងថ្នាក់ទី៣ ។ នៅចាំយប់មួយចេញពីរៀនដែលអ្នកគ្រូអង្វរអោយប្អូនឡើងម៉ូតូអ្នកគ្រូដើម្បីអោយអ្នកគ្រូបានជូនប្អូនទៅផ្ទះទេ ? ប្អូនមិនចង់ឡើងទេ ព្រោះខ្លាចចិត្តអ្នកគ្រូមែនទេ តែថ្ងៃនោះអ្នកគ្រូជិះតាមក្រោយប្អូនរហូតដល់ប្អូនព្រមឡើងម៉ូតូ ។ រូបភាពទាំងអស់នេះកើតឡើងកន្លះឆ្នាំផុតទៅហើយ តែអ្នកគ្រូកំពុងនិយាយអោយប្អូនស្តាប់នៅមុខភ្លើងដែលកំពុងរំលាយរូបរាងកាយរបស់ប្អូន អ្នកគ្រូមកហើយ កន្លះឆ្នាំហើយដែលគ្រូនិងសិស្សយើងមិនដែលបានជួបគ្នា។ តែថ្ងៃនេះអ្នកគ្រូបានត្រឹមសម្លឹងមើលរូបថតដែលមានមុខរបស់ប្អូនព័ទ្ធទៅដោយផ្កាតែប៉ុណ្ណោះ ។ អ្នកគ្រូដឹងថាប្អូនកំពុងនៅឋានលើមើលមកអ្នកគ្រូ មានឃើញអ្នកគ្រូកំពុងញញឹមទៅកាន់ផ្ទៃមេឃពណ៍ខៀវទេ អ្នកគ្រូកំពុងញញឹមទៅកាន់ប្អូនហើយ។ បញ្ញាចាប់ពីថ្ងៃនេះទៅប្អូនមិនចាំបាច់ហត់ចំលងមេរៀនទៀតទេ ប្អូនមិនចាំបាច់ហត់សូត្រមេរៀន មិនចេះហើយត្រូវឈរមុខក្តារខៀនទៀតទេ ។ ប្អូនទៅបានក្តីសុខហើយ ទៅអោយបានសុគតិភពណា បញ្ញា ប្អូនប្រុស នឹងជាកូនសិស្សដ៏ស្លូតបូតរបស់អ្នកគ្រូ ។
ព័ត៌មានលម្អិតទាក់ទងគ្រោះថ្នាក់ចររាចរណ៌
(កំពង់ឆ្នាំង)៖ យ៉ាងហោចណាស់មនុស្ស៤នាក់ស្លាប់ និង៧នាក់ផ្សេងទៀតរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដ Camry បុកជាមួយរថយន្ដក្រុងដឹកអ្នកដំណើរ រួចបន្ដទៅបុករថយន្ដធុនធំមួយគ្រឿងទៀត នៅម៉ោង១០៖១០នាទីយប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៤៨-៤៩ ស្ថិតក្នុងភូមិស្ពានពោធិ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ។
បាយការណ៍របស់នគរបាលចរាចរណ៍បញ្ជាក់ថា មុនពេលកើតហេតុ ឃើញរថយន្តម៉ាក TOYOTA CAMRY ពណ៌ប៉ៃតងចាស់ ពាក់ផ្លាកលេខ ភ្នំពេញ 2A-5416 បើកបរដោយ បុរសម្នាក់ឈ្មោះ ផន ភារី អាយុ២២ឆ្នាំ ក្នុងទិសដៅពីជើងទៅត្បូង ដោយមានដឹកអ្នកដំណើរ ជាក្រុមគ្រួសារចំនួន៧នាក់ (ស្រី៣នាក់) បានបើកវ៉ារថយន្តដឹកទំនិញធុនធំ១គ្រឿង ស្រាប់តែទៅបុករថយន្តក្រុងម៉ាក HYUNDAI ពណ៌ស-ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3C-9712 ក្នុងទិសដៅច្រាស់គ្នា ហើយក៏បានខ្ទាតទៅបុករថយន្តធំ១គ្រឿងទៀត ម៉ាក FUSO ពណ៌ស្លែ ពាក់ផ្លាកលេខតាកែវ 3A-0590 ដែលកំពុងបើកបរមកពីក្រោយរថយន្តម៉ាក CAMRY ទើបរថយន្ដទៅមុខលែងរួច។
ក្នុងហេតុការណ៍ដ៏អាក្រក់នេះ បានសម្លាប់មនុស្ស៤នាក់ (ស្រីម្នាក់) របួសធ្ងន់ស្រាល៧នាក់ (ស្រី៤នាក់) និងខូចខាតរថយន្ត៣គ្រឿង។
ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់សព ទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកឯវត្ថុតាងយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ ដើម្បីដោះស្រាយតាមច្បាប់៕









