ត្រាំ ធ្វើអីមិនកើតលើ គីម ជុងអ៊ុន បែរជា…
វ៉ាស៊ីនតោននឹងធ្វើការរួមគ្នាជាមួយសម្ព័ន្ធមិត្តនិងចិន ដើម្បីដាក់គំនាបសេដ្ឋកិច្ចនិងការទូតលើកូរ៉េខាងជើង តែអាមេរិកនឹងកិនក្រញេចភ្លាមបើសិនព្យុងយ៉ាងហ៊ានធ្វើការវាយប្រហារណាមួយ។ នេះជាប្រសាសន៍លោក Mike Pence អនុប្រធានាធិបតីអាមេរិកពេលកំពុងបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន។ ប៉ុន្តែនៅក្នុងការពិតជាក់ស្តែង អាមេរិករបស់លោក ត្រាំ ក៏មិនខុសពីប្រធានាធិបតីមុន គឺពឹងចិន ឱ្យដោះស្រាយវិបត្តិនេះ។ កងនាវាចម្បាំងនាវាផ្ទុកយន្តហោះជាច្រើនគ្រឿង ដែលរដ្ឋបាលលោកត្រាំ បានដាក់បញ្ជាឱ្យចេញដំណើរទៅឧបទ្វីបកូរ៉េ កាលពីសប្តាហ៍មុន ដើម្បីជាការឆ្លើយតបនឹងការគំរាមកំហែងរបស់កូរ៉េខាងជើង មិនបានធ្វើដំណើរទៅឧបទ្វីបកូរ៉េនោះទេ តែបានបន្តដំណើរទៅអូស្រ្តាលី។
កាលពីថ្ងៃពុធសប្តាហ៍មុន លោកដូណាល់ ត្រាំបានចេញបញ្ជាឱ្យកងនាវាចម្បាំង នាវាផ្ទុកយន្តហោះជាច្រើនគ្រឿង ដែលត្រូវធ្វើដំណើរទៅអូស្ត្រាលី ដើម្បីធ្វើសមយុទ្ធ ឱ្យប្តូរទិសទៅតំបន់ឧបកូរ៉េវិញ។ ខាងយោធា ក៏បានចេញសេចក្តីថ្លែងការណ៍ ថាបានទទួលបញ្ជាហើយ។ នៅថ្ងៃអង្គារទី ១១មេសា រដ្ឋមន្ត្រីការពារជាតិអាមេរិកក៏បានថ្លែងប្រកាសថា កងនាវាចម្បាំងកំពុងធ្វើដំណើរទៅតំបន់ប៉ាស៊ីហ្វិក។ ឯសមយុទ្ធជាមួយអូស្ត្រាលី ក៏ត្រូវបានលុបចោល។
ប៉ុន្តែតាមការពិត កងនាវាទាំងនោះនៅតែបន្តដំណើរទៅអូស្ត្រាលីដដែល។ នៅពេលដែលកូរ៉េខាងជើងកំពុងហ៊ឺហាធ្វើព្យុហយាត្រាបង្អួតមីស៊ីល យ៉ាងគគ្រឹកគគ្រេង នៅថ្ងៃសៅរ៍ និងបានបាញ់សាកល្បងមីស៊ីលជាថ្មី កាលពីថ្ងៃអាទិត្យទី ១៦មេសានោះ កងនាវាចម្បាំងនាវាផ្ទុកនុយក្លេអ៊ែរអាមេរិកនោះ ស្ថិតនៅឆ្ងាយនៅឡើយពីតំបន់ឧបទ្វីបកូរ៉េ ពោលគឺទើបឆ្លងទៅដល់មហាសមុទ្ទឥណ្ឌាតែប៉ុណ្ណោះ។
មេបញ្ជាការកងទ័ពអាមេរិកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានបំភ្លឺកាលពីថ្ងៃអង្គារ ថាក្រុមនាវាបានឆ្លៀតចូលធ្វើសមយុទ្ធខ្លីមួយជាមួយអូស្ត្រាលី រួចបន្តដំណើរទៅកាន់តំបន់មហាសមុទ្ទប៉ាស៊ីហ្វិកខាងលិច ដូចការបញ្ជា ដោយគ្រាន់តែលុបចោលការចូលចតក្នុងផែមួយរបស់អូស្ត្រាលីប៉ុណ្ណោះ។
ប្រភព៖http://www.pageth.info/archives/12855#prettyPhoto






