សមាជិកព្រឹទ្ធសភារុស្ស៊ីបានលើកឡើងថា រុស្ស៊ីមិនប្រយុទ្ធជាមួយទាហានអាមេរិកនៅក្នុងជម្លោះស៊ីរីឡើយ។ អ្វីដែលរុស្ស៊ីកំពុងធ្វើនៅស៊ីរីគឺបន្តគាំទ្រទាហានរដ្ឋាភិបាលស៊ីរីដើម្បីបន្តប្រយុទ្ធកម្ចាត់ក្រុមភេរវជនប៉ុណ្ណោះ។ ប្រធានគណៈកម្មការសន្តិសុខនិងការពារជាតិនៃសភាព្រឹទ្ធសភារុស្ស៊ី Victor Ozerov បានបញ្ជាក់ប្រាប់សារព័ត៌មានថា រុស្ស៊ីគ្មានគោលដៅធ្វើសង្គ្រាមជាមួយកងកម្លាំងអាមេរិកដែលស្ថិតនៅស៊ីរីឡើយ។ យោងតាមសារព័ត៌មានរុស្ស៊ី Sputnik សមាជិកព្រឹទ្ធសភារូបនេះបានលើកឡើងថា កងទ័ពជើងអាកាសនិងជើងទឹករុស្ស៊ីមានភារកិច្ចតែម្យ៉ាងគត់គឺជួយគាំទ្ររដ្ឋាភិបាលស៊ីរីដើម្បីកម្ចាត់ក្រុមភេរវជន។ កងទ័ពទាំងនោះគ្មានភារកិច្ចធ្វើសកម្មភាពយោធាឬប្រយុទ្ធជាមួយសហរដ្ឋអាមេរិកឡើយ។
“រុស្ស៊ីមិនទៅស៊ីរីដើម្បីធ្វើសង្គ្រាមជាមួយអាមេរិកទេ។ ការងាររបស់យើងនៅទីនោះគឺគាំទ្រទាហានស៊ីរីដើម្បីប្រយុទ្ធប្រឆាំងក្រុមភេរវជនប៉ុណ្ណោះ” ។ នេះជាការបញ្ជាក់របស់សមាជិកព្រឹទ្ធសភារុស្ស៊ី Victor Ozerov។ ការបកស្រាយរស់សមាជិកព្រឹទ្ធសភារុស្ស៊ី កើតមានឡើងស្របពេលស្ថានភាពនៅក្នុងប្រទេសស៊ីរីហាក់បីដូចជាតានតឹងខ្លាំងក្រោយរដ្ឋបាលអាមេរិកប្រើប្រាស់មីស៊ីលផ្លោងចូលមូលដ្ឋានទ័ពអាកាសស៊ីរីនៅក្រុង Homs សប្តាហ៍មុន ។ ក្រោយការបាញ់ផ្លោងនេះ រុស្ស៊ីបានទិតៀនអាមេរិក និងហៅសកម្មភាពនេះថាជាការឈ្លានពានមួយយ៉ាងគឃើ្លនរបស់អាមេរិកប្រឆាំងរដ្ឋសមាជិកអង្គការសហប្រជាតិ។ អ្វីដែលគួរឲ្យបារម្ភនោះ រុស្ស៊ីនិងអ៊ីរ៉ង់បានប្រកាសតបត បើអាមេរិកមិនបញ្ឈប់សកម្មភាពបង្ករឿងនេះទេនោះ។ គេឃើញមានវត្តមាននាវាចម្បាំងស៊ីរីមួយគ្រឿងចាកចេញពីមូលដ្ឋានទ័ពជើងទឹករុស្ស៊ីនៅសមុទ្រខ្មៅ ទៅកាន់សមុទ្រមេឌីទែរ៉ាណេផង។
យ៉ាងណាមិញ សមាជិកព្រឹទ្ធសភារុស្ស៊ីខាងលើ បានបកស្រាយផងដែរថា ការបញ្ជូននាវាចម្បាំងទៅស៊ីរី ជាការគ្រោងទុកមិនមែនជាសកម្មភាពតបតនឹងអាមេរិកឡើយ។ “អ្នកមិនអាចពង្រាយនាវាប្រភេទនេះក្នុងរយៈពេលមួយថ្ងៃឡើយ។ វាការគ្រោងទុក។នាវាចម្បាំង Admiral Grigorovich អមដំណើរនាវាដឹកយន្តហោះ Admiral Kuznetsov ត្រឡប់មករុស្ស៊ីវិញកន្លងមក ហើយពេលនេះវាត្រឡប់ទៅស៊ីរីវិញហើយ” ។ នេះជាការបញ្ជាក់របស់លោក Victor Ozerov។ លោកបន្តថា៖ “នាវាចម្បាំងAdmiral Grigorovich មានប្រសិទ្ធភាពខ្ពស់ក្នុងការបំពេញប្រតិបត្តិការសឹក ហើយយើងប្រើប្រាស់នាវានេះដើម្បីវាយប្រហារក្រុមឧទ្ទាមចេញសមុទ្រទៅ”។
ប្រភព៖http://www.pageth.info/archives/11249




