ភាគច្រើនល្បែងប្រជាប្រិយខ្មែរដែលមានដូចជា បោះអង្គញ់ ចោលឈូង លាក់កន្សែង ទាញព្រ័ត្រ ស្ដេចចង់ លោតអន្ទាក់ រុញអង្រែ ជាដើមត្រូវបានប្រជាជនខ្មែរនាំគ្នាលេងកម្សាន្តយ៉ាងសប្បាយរីករាយក្នុងពិធីបុណ្យចូលឆ្នាំ។ តាមការឱ្យដឹងពីអ្នកគ្រូ នង ច័ន្ទថន ដែលជាគ្រូព្រឹទ្ធាចារ្យយល់ដឹងពីល្បែងប្រជាប្រិយខ្មែរច្បាស់ និងជាទីប្រឹក្សារបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់ថា គ្រប់ល្បែងប្រជាប្រិយខ្មែរ គឺមានអត្ថន័យសំខាន់ និងសារប្រយោជន៍ដូចៗគ្នា។ ដូច្នេះតើល្បែងប្រជាប្រិយខ្មែរ មានអត្ថន័យ និងសារប្រយោជន៍ដូចម្ដេចខ្លះ?
១. អត្ថន័យសំខាន់នៃល្បែងប្រជាប្រិយខ្មែរ
ចំពោះអត្ថន័យ នៃល្បែងប្រជាប្រិយខ្មែរ អ្នកគ្រូ នង ច័ន្ទថន ប្រាប់ថា មានតម្លៃធំណាស់ មិនអាចកាត់ថ្លៃបានទេ។ ល្បែងប្រជាប្រិយទាំងអស់ មិនថាល្បែងមួយណាទេ គឺបានបង្កប់នូវអត្ថន័យសំខាន់ដែលបង្ហាញពីការសាមគ្គីភាពគ្នា ការតស៊ូព្យាយាមក្នុងការបំពេញកិច្ចការ ជាក់ស្ដែងដូចជាល្បែងទាញព្រ័ត្រជាដើម។
គ្រប់ល្បែងប្រជាប្រិយនីមួយៗ បានផ្សារភ្ជាប់ជាមួយនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ ដើម្បីស្រុកភូមិរស់នៅបានសាន្តត្រាណ លុះត្រាប្រជាជនទាំងអស់ចេះស្រឡាញ់គ្នា ការពារគ្នាជួយគ្នាទៅវិញទៅមកដែលមានបង្កប់ក្នុងសកម្មភាពនៃល្បែងប្រជាប្រិយទាំងនោះ។ ជាក់ស្ដែងល្បែងចាប់កូនខ្លែង ប្រឡែងកូនមាន់ ដែលបង្ហាញពីមេមាន់ត្រូវការពារកូនមិនឱ្យមេខ្លែងចាប់បាន មិនខុសអីពីមនុស្សត្រូវចេះការពារគ្នា ជួយគ្នា ទើបក្នុងស្រុកភូមិរស់នៅបានសុខ។
ម្យ៉ាងវិញទៀត គ្រប់ល្បែងប្រជាប្រិយខ្មែរទាំងអស់ សុទ្ធតែត្រូវប្រើកម្លាំងដើម្បីលេងកម្សាន្ត។ ដូច្នេះវាក៏បានឆ្លុះបញ្ចាំងឱ្យឃើញថា ខ្មែរជាជនជាតិដ៏អង់អាច រឹងមាំ ក្លាហាន តស៊ូពុះពារគ្រប់ឧបសគ្គ ដើម្បីទទួលបានជោគជ័យ។ ដូច្នេះហើយល្បែងប្រជាប្រិយខ្មែរ មានអត្ថន័យ និងខ្លឹមសារដូចគ្នាទាំងអស់ ដែលដូនតាខ្មែរ បានបន្សល់ទុករហូតមកដល់សព្វថ្ងៃ។
តាមការរៀបរាប់របស់អ្នកគ្រូ នង ច័ន្ទថន បានប្រាប់ទៀតថា ល្បែងប្រជាប្រិយខ្មែរ មិនមានប្រវត្តិមកពីជនណា ឬសាស្ត្រាចារ្យណាអ្នកបង្កើតនោះទេ ពោលគឺកើតចេញពីប្រជាជនសាមញ្ញនេះឯង ជាអ្នកបង្កើតល្បែងទាំងនោះឡើងមក។
២. សារប្រយោជន៍នៃល្បែងប្រជាប្រិយខ្មែរ
ចំណែកសារប្រយោជន៍វិញ អ្នកគ្រូព្រឹទ្ធាចារ្យ នង ច័ន្ទថន ប្រាប់ថា ពេលដែលប្រជាជនប្រមូលភោគផលរួចរាល់ នៅតាមស្រុក តាមភូមិនីមួយៗតែងមូលមតិគ្នាលេងល្បែងប្រជាប្រិយ ដើម្បីជាការកម្សាន្តសប្បាយ បន្ទាប់ពីធ្វើស្រែចម្ការយ៉ាងហត់នឿយរួចមក។ ដូច្នេះសារសំខាន់នៃល្បែងប្រជាប្រិយខ្មែរត្រង់ថា ប្រជាជនលេងកម្សាន្តសប្បាយ ដើម្បីអបអរចំពោះទិន្នផលកសិកម្មដែលបានមកដូចជា បន្លែបង្ការ ស្រូវស្រែ។ ជាក់ស្ដែងក្នុងពិធីបុណ្យដារលានជាដើម។
អ្នកគ្រូ ប្រាប់ទៀតថា ចាស់ៗពីដើមក្នុងសង្គមខ្មែរ តែងលេងល្បែងប្រជាប្រិយណាដែលប្រើកម្លាំង ដូចជាលាក់កន្សែង ទាញព្រ័ត្រ លោតអន្ទាក់ រុញអង្រែ។ ចំណែកឯយុវជនយុវនារី វិញចូលចិត្តលេងបោះអង្គញ់ ចោលឈូង ស្ដេចចង់ ជាដើម។ ដូចនេះមានន័យថា ល្បែងប្រជាប្រិយខ្មែរ មិនត្រឹមតែផ្ដល់នូវភាពសប្បាយរីករាយប៉ុណ្ណោះទេ តែក៏មានសារប្រយោជន៍ចំពោះសុខភាពផងដែរ៕
អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ
ប្រភព៖ sabay




