ឈិន សុធារី ស្រក់​ទឹក​ភ្នែក​មិន​អស់​ចិត្ត សុវណ្ណ មករា ស្ងាត់ៗ​ប្រកាស​លែង​លះ



ភ្នំពេញ: ក្រោយ​ពី​ត្រូវ​លោក សុវណ្ណ មករា ជា​ស្វាមី​ប្រកាស​ក្ដែងៗ​រើស​យក​ដំណោះ​ស្រាយ​បញ្ចប់​ចំណង​អាពាហ៍ពិពាហ៍ ដែល​បង្កើត​បាន​ដំណក់​ឈាម​កូន​ភ្លោះ​ប្រុសស្រី​វ័យ​ជាង​ ១ ​ខួប​រួម​គ្នា​នោះ ពិធីការិនី​រូប​ស្រស់​អ្នក​នាង​ ឈិន សុធារី បាន​ត្រឹម​តែ​សម្ដែង​អារម្មណ៍​ឈឺ​ចាប់​ ទាំង​មិន​អស់​ចិត្ត​នឹង​មូល​ហេតុ​ដែល​នាំ​ឲ្យ​លោក សុវណ្ណ មករា ជា​ស្វាមី​ដាច់​ចិត្ត​ប្រើ​ពាក្យ​ថា «អតីត​ឧត្តម​ភរិយា» ចំពោះ​រូប​អ្នក​នាង។
ក្រោយ​ពី​រួម​រឹត​នូវ​រឿង​អាស្រូវ​ផលិត​ក្បត់ ល្បី​ទាំង​ស្នេហា​ក្រៅ​ឆាក​ជាមួយ​តារា​ស្រី​រលក​ថ្មី​ផ្អើល​អស់​ពិភព​សិល្បៈ ​រហូត​​ធ្វើ​ឲ្យ​ភរិយា​ស្ទើរ​តែ​ហត់​នឹង​ជូត​ទឹក​ភ្នែក​​នោះ ផលិតករ​ និង​តារា​សម្ដែង​លោក សុវណ្ណ មករា ​កាល​ពី​រាត្រី​ថ្ងៃ​ទី​ ២៧ ខែ​មេសា យប់មិញ​នេះ លោក​បាន​ទម្លាយ​សារ​យ៉ាង​វែង​អន្លាយ ទទួល​ស្គាល់​កំហុស​ឆ្គង​របស់​ខ្លួន​យ៉ាង​ច្រើន​អនេក។
នៅ​ក្នុងសារ​ដែល​បង្ហោះ​កាលពី​យប់​មិញ លោក សុវណ្ណ មករា បាន​ពោល​ឡើង​ថា៖ ​«ជូន ធារី អតីត​ឧត្តម​ភរិយា​បង។ បង​ទទួល​ស្គាល់​ថា បង​មិន​មែន​ជា​ប្ដី​ល្អ មិន​មែន​ជា​ឪពុក​ល្អទេ។ បង​ក្រីក្រ ហើយ​ថែមទាំង​ផឹកស៊ី មាន​ស្រី​ញី​ក្រៅ​ផ្ទះ​ទៀត តែ​អូន​មិន​ដែល​ខឹង​យក​ទោស​អូស​ដំណើរ​នឹង​បង​ឡើយ។ អូន​ថែម​ទាំង​នៅ​តែ​ស្រឡាញ់​បង​ដដែល។ កំហុស​បង​គរ​ដូច​ភ្នំ​ខ្សាច់»។
[img]
ប៉ុន្តែ​ទន្ទឹម​នឹង​ការ​សារភាព​នូវ​ទង្វើ​ផិត​ក្បត់​ភរិយា និង​ការ​បំពញ​តួនាទីជា​ឪពុក​មិន​បាន​ល្អ​នោះ លោក​​ សុវណ្ណ មករា ក៏បាន​រំលេច​ពាក្យ​ចំៗ​ហៅ​អ្នក​នាង ឈិន សុធារី ជាប្រពន្ធ​​ថា «អតីត​ឧត្តមភរិយា» ដែល​ហាក់​សម្ដែង​នូវ​ចេតនា​​ផាត់​​ចំណង​ស្នេហា​ប្ដីប្រពន្ធ​​ក្នុង​វេលា​អតីត​កាល ដើម្បី​បញ្ចប់​រឿង​រ៉ាវ​ជីវិត​ដ៏​ស្មុគ​ស្មាញ​។
លោក សុវណ្ណ មករា ក៏​បាន​រាយ​រាប់​ពី​អារម្មណ៍​​របស់​លោក​បន្ត​ទៀត​ថា៖ «បង​ពិត​ជា​ខ្មាស់​អៀន​អូន​ណាស់ គឺ​ខ្មាស់​រហូត​ដល់​ថ្នាក់​បង​ត្រូវ​តែ​ចាក​ចេញ​ឲ្យ​ឆ្ងាញ់ពី​ជីវិត​អូន​ជា​ដាច់​ខាត ដើម្បី​ឲ្យ​អូន​មាន​អនាគត​ត្រចះត្រចង់​លើ​វិថី​ជីវិត​ថ្មី​នៃ​អូន​ចុះ។ ចំណែក​បង​វិញ សូម​បន្ត​ជីវិត​ពាលា​ដូច​សព្វ​ថ្ងៃ​របស់​បង​បន្ត​ទៀត»។
[img]
ក្នុងនោះ​អ្វី​ដែល​រឹត​តែ​ធ្វើឲ្យ​ភ្ញាក់​ផ្អើល​គឺ​ស្វាមី​របស់​អ្នកនាង ឈិន សុធារី ក៏​បាន​ប្រកាសពី​​ការ​សម្រេច​ចិត្ត​របស់​លោក​ថា៖ «​ចំណែក​កូន​ប្រុស​ស្រី យើង​ទាំង​ពីរ​ បង​សូន​ចូល​រួ​ម​អាហារកិច្ច​​ចិញ្ចឹម​បីបាច់​រហូត​ដល់​កូន​យើង​ធំ អាច​ចិញ្ចឹម​ជីវិត​ពួកគេ​ឲ្យ​ខ្លួន​ឯង​បាន។ និស្ស័យ​ស្នេហ៍​យើង​ដល់​វេលា​ដែល​ត្រូវ​តែ​ចប់​ហើយ​អូន គឺ​ចប់​ដោយ​ស្នាម​ញញឹម ចប់​ដោយ​​​សន្តិភាព យើង​អាច​រាប់អាន​គ្នា​ជា​បង​ប្អូន​បាន​ណា​អូន…»។
ភ្លាមៗ​បន្ទាប់​ពី​លោក សុវណ្ណ មករា បង្ហោះ​សារ​សម្ដែង​ឆន្ទៈ​ចង់ចែក​ផ្លូវ ជាមួយ​នឹង​ភាសា​ហៅ​ប្រពន្ធ​ថា​ «អតីត​ឧត្តមភរិយា» នោះ អ្នក​នាង ឈិន សុធារី បាន​តប​វិញ​ជាមួយ​ ​រូបភាព​បង្ហូរ​ទឹក​ភ្នែក ភ្ជាប់​សំណួរ​ចោទ​សួរ​វិញ​ទាំង​មិនអស់ចិត្ត​ថា៖ «ហេតុអ្វី​ប្រើពាក្យអតីត…? ខ្ញុំ​ខុស​អ្វី?»។
គួរ​រំឭក​ថា អតីត​ពិធីការិនី និង​តារាចម្រៀង ​ឈិន ​សុធា​រី ​​បាន​ភព​ប្រសព្វ​ជីវិត​អាពាហ៍​ពិពាហ៍​ជាមួយ​តារា​សម្តែង​ពោះ​ម៉ាយ​ ​លោក សុវណ្ណ មករា និង​បាន​ចូល​រោងការ​កាលពី​ថ្ងៃទី២១ ​ខែ​តុលា ឆ្នាំ​២០១៥ ជាមួយ​វត្តមាន​ភ្ញៀវ​ចូល​រួម​ចំនួន​​ប្រមាណ​ជាង ២០ តុ​នៅ​​សណ្ឋាគារ កាំបូឌីយ៉ាណា។ ក្រោយ​ពី​ចូល​រោង​ការ​បាន​ប្រមាណ​ជាង​ ៤ ​ខែ នៅ​ថ្ងៃទី ២៧ ខែកុម្ភៈ​គូស្នេហ៍​មួយ​គូនេះ បង្កើត​បាន​​កូន​ភ្លោះប្រុស​ស្រី​ជា​ចំណង​ដៃ​​ជីវិត​អាពាហ៍ពិពាហ៍៕
ប្រភព៖postkhmer.com