ប្រទេសកូរ៉េខាងត្បូងនិយាយថា ខ្លួននៅតែមានការប្រុងប្រយ័ត្នមុនពេលដែលប្រទេសកូរ៉េខាងជើងប្រារព្ធទិវារំលឹកខួបអនុស្សាវរីយ៍ថ្ងៃបង្កើតកងទ័ពនៅសប្តាហ៍ក្រោយ។
នៅថ្ងៃសុក្រនេះ ប្រទេសកូរ៉េខាងត្បូងបាននិយាយថា ខ្លួននៅតែមានការប្រុងប្រយ័ត្នចំពោះប្រទេសកូរ៉េខាងជើង មុនពេលដែលប្រទេសនេះនឹងប្រារព្ធទិវារំលឹកខួបអនុស្សាវរីយ៍ថ្ងៃបង្កើតកងទ័ពរបស់គេ ចំពេលដែលភាពតានតឹងក្នុងឧបទ្វីបកូរ៉េបានកើនឡើង។
អ្នកនាំពាក្យរបស់ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងបាននិយាយក្នុងសន្និសីទកាសែតមួយនៅក្នុងទីក្រុងសេអ៊ូលថា វាគឺជាស្ថានភាពត្រូវប្រុងប្រយ័ត្នដោយសារតែឧបករណ៍សមយុទ្ធជាច្រើនបានប្រមូលផ្តុំទាំងនៅក្នុងប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូង ខណៈដែលកូរ៉េខាងជើងនឹងប្រារព្ធទិវារំលឹកខួបអនុស្សាវរីយ៍ថ្ងៃបង្កើតកងទ័ពនៅថ្ងៃទី២៥ ខែមេសា រីឯកូរ៉េខាងត្បូងកំពុងតែធ្វើសមយុទ្ធយោធាប្រចាំឆ្នាំជាមួយសហរដ្ឋអាមេរិក។
សូមរំលឹកថា ភាពតានតឹងបានកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរចំនួន២ដើមកាលពីឆ្នាំមុន ហើយនៅតែបន្តអនុវត្តការសាកល្បងមីស៊ីលផ្លោងឆ្លងទ្វីបជាហូរហែ។
ប្រទេសកូរ៉េខាងជើងនឹងប្រារព្ធទិវារំលឹកខួបអនុស្សាវរីយ៍ថ្ងៃបង្កើតកងទ័ពកូរ៉េខាងជើងនៅថ្ងៃទី២៥ ខែមេសាខាងមុខនោះ ហើយគេប៉ាន់ស្មានទុកថា ប្រទេសមួយនេះនឹងធ្វើការសាកល្បងបាញ់មីស៊ីល ឬក៏អាវុធនុយក្លេអ៊ែរដើម្បីជាការអបអរសាទរក្នុងឱកាសនោះ៕
ប្រភព៖ CNC




