ជិតដល់ថ្ងៃពិសេសហើយ ថ្ងៃចូលឆ្នាំថ្មី តើយើងត្រូវរៀបចំរណ្ដាប់ទទួលទេវតាឆ្នាំថ្មី ឆ្នាំរកា យ៉ាងដូចម្ដេច?
ពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំនេះនឹងធ្វើឡើងចាប់ពីថ្ងៃសុក្រ ទី១៤ ដល់ថ្ងៃអាទិត្យ ទី១៦ ខែមេសា។ ទេវតាឆ្នាំថ្មីដែលត្រូវបន្តវេនថែរក្សាលោកក្នុងរយៈពេលមួយឆ្នាំបន្តទៀត គឺនឹងយាងចុះមកដល់នៅវេលាម៉ោង៣និង១២នាទីទៀបភ្លឺ នាថ្ងៃទី១៤ ខែមេសា។ តាមទំនៀម ប្រជាពលរដ្ឋខ្មែរតែងតែរៀបចំរណ្ដាប់សម្រាប់ទទួលទេវតាឆ្នាំថ្មី ដើម្បីទទួលនូវសិរីសួស្តីក្នុងឆ្នាំថ្មី ហើយការរៀបចំរណ្តាប់ទទួលទេវតាមិនមែនចេះតែរៀបចំធ្វើតាមការនឹកឃើញនោះទេ ពោលគឺមានក្បួនមានខ្នាតច្បាស់លាស់ទៅតាមលម្អាននៃតម្រាមហាសង្ក្រាន្តខ្មែរដែលបានកត់ចំណាំទុក។
តើប្រជាពលរដ្ឋខ្មែរត្រូវរៀបចំគ្រឿងរណ្តាប់អ្វីខ្លះ ដើម្បីទទួលទេវតាឆ្នាំថ្មី ឆ្នាំរកា ឱ្យត្រូវតាមក្បួនតម្រាប្រពៃណីខ្មែរឆ្នាំនេះ?
បើតាមក្បួនហោរនៅក្នុងសៀវភៅមហាសង្ក្រាន្តបានជម្រាបថា ពិធីឆ្លងសង្ក្រាន្ត ឬការឆ្លងឆ្នាំវកអដ្ឋស័ក ចូលឆ្នាំរកា នព្វស័ក នឹងចូលមកដល់នៅថ្ងៃសុក្រ ៣រោច ខែចែត្រ ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ២០១៧ នាវេលាម៉ោង៣និង១២នាទី ទៀបភ្លឺ។ តាមទំនាយតម្រាស្តីពីឈ្មោះទេពធីតាមហាសង្រ្កាន្ត ដោយហេតុតែវេលាសង្រ្កាន្តឆ្នាំថ្មីត្រូវនឹងថ្ងៃសុក្រ ទេពធីតាដែលនឹងយាងមកបន្តវេនក្នុងឆ្នាំថ្មីមានព្រះនាមថា កិមិរាទេវី ជាបុត្រីទី៦របស់កបិលមហាព្រហ្ម គង់ផ្ទុំបិទព្រះនេត្រលើខ្នងមហឹង្សា (ក្របី) ដោយព្រះហស្តស្ដាំកាន់ព្រះខ័ន និងព្រះហស្តឆ្វេងកាន់ពិណ។
យោងតាមក្បួនមហាសង្រ្កាន្តថ្មីនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលរៀបរៀងដោយឯកឧត្ដម អ៊ឹម បុរន្ទិ អគ្គលេខាធិការរងនៃគណៈកម្មការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ និងជាគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរបានបង្ហាញអំពីរណ្តាប់ទទួលទេវតាឆ្នាំថ្មី ឆ្នាំរកានេះ គឺត្រូវរៀបរានទទួលទេវតាដោយក្រាលសំពត់សនៅមុខផ្ទះមួយសម្រាប់ ហើយតាំងគ្រឿងពលិការផ្សេងៗសម្រាប់បូជាទេវតាឆ្នាំនេះ។ គ្រឿងសក្ការៈទាំងនោះរួមមានបាយសី៩ថ្នាក់មួយគូ, បាយសី៧ថ្នាក់មួយគូ, បាយសី៥ថ្នាក់មួយគូ, បាយសី៣ថ្នាក់មួយគូ, បាយសីប៉ាឆាមមួយគូ, ស្លាធម៌មួយគូ, ទឹកអប់មួយគូ, ទៀន៥, ធូន៥, លាជ៥, ផ្កា៥លើជើងពានមួយគូ, ចេកណាំវ៉ាដាក់លើជើងពានមួយគូ, ផ្លែឈើ១១មុខដាក់លើជើងពាន១១គូ, ដូងឡៅមួយគូ និងទឹកស្អាតពីរកែវ។
ទោះជាយ៉ាងណា អ្នកជំនាញខាងហោរាស្រាវជ្រាវវិជ្ជាមហាសង្រ្កាន្ត ប្រពៃណី ទំនៀមទម្លាប់ខ្មែរ បានបញ្ជាក់ថា ការរៀបចំខាងលើនេះទើបត្រឹមត្រូវតាមក្បួនខ្នាត តែត្រូវចំណាយច្រើនណាស់។ ហេតុនេះ សម្រាប់ប្រជាពលរដ្ឋសាមញ្ញអាចរៀបត្រឹមបាយសី៥ឆ្នាំចុះមក ឬអាចរៀបត្រឹមគ្រឿងសក្ការៈបូជា ដែលមានទៀន៥ ធូប៥ ស្លាធម៌កូនចេកមួយគូ ហើយផ្លែឈើអាចរៀបត្រឹម៣ ឬ៥មុខទៅតាមធនធានដែលខ្លួនមានក៏សមល្មមសម្រាប់ទទួលទេវតាឆ្នាំថ្មីបានដែរ។ គ្រប់តង្វាយទាំងអស់ត្រូវមានដាក់ម្លិះភួងពីលើ ចំណែកនៅលើជើងពាននិងបាយសីត្រូវដោតទៀនដុតបំភ្លឺ។ នៅវេលាជិតដល់ម៉ោងទេវតាយាងចុះសមាជិកក្រុមគ្រួសារនីមួយៗត្រូវមកជួបជុំគ្នានៅមុខរានទេវតា ហើយពេលទេវតាយាងចុះ អ្នកទាំងអស់គ្នាត្រូវក្រាបថ្វាយបង្គំព្រះ នមស្ការព្រះរតនត្រ័យ និងសមាទានសីលដោយតាំងចិត្តឱ្យបានល្អស្អាតបរិសុទ្ធជ្រះស្រឡះ ដោយវៀរចាករាល់មន្ទិលទាំងពួងដោយតម្កល់ចិត្តរំពឹងទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ រហូតពិធីទទួលទេវតាចប់សព្វគ្រប់។
ការរៀបចំទទួលទេវតាតាមទំនៀបទម្លាប់ពីបុរាណរៀងរហូតមក ត្រូវរៀបរានទេវតានៅខាងមុខផ្ទះមួយ សម្រាប់តាំងគ្រឿងពលិការផ្សេងៗ។ ត្រូវមានរានទេវតា៧ថ្នាក់ ភ្លេងពិណពាទ្យ១វង់ ក្រាលសំពត់ស លើរានទាំង៧ថ្នាក់ បាយសីធំ១គូ ស្លាធម៌១គូ ទឹកអប់១គូ ទៀន៥ ធូប៥ លាជ៥ កែវផ្កា៥ ស្លាបារីដាក់លើជើងពាន១គូ ចេកនួន ឬចេកណាំវ៉ា១គូ (ស្និតដាក់លើជើងពាន) ពែព្រះភូមិ១គូ ពែព្រះកេតុ១គូ។ ពែព្រះភូមិមានលក្ខណៈជាជ្រុង៣រួត មានកន្ទោង៥ គឺកន្ទោងបាយ១ កន្ទោងម្ហូប២ និងកន្ទោងបង្អែម២។ ចំណែកឯពែព្រះកេតុមានលក្ខណៈ៣ជ្រុង មានថ្នាក់៩រាងជម ខាងលើមានដាក់បាយម្ហូបចំណីគ្រប់ទាំង៩ថ្នាក់។ ទាំងអស់នេះធ្វើតែនៅក្នុងព្រះបរមរាជវាំង ឬផ្ទះដែលអស់លោកណាដែលមានលទ្ធភាពធ្វើទៅបានប៉ុណ្ណោះ។ ប៉ុន្តែ ចំពោះប្រជារាស្ត្រក្រីក្រ និងប្រជារាស្ត្រសាមញ្ញធម្មតា សូមធ្វើការរៀបចំទៅតាមលទ្ធភាព និងសទ្ធាជ្រះថ្លាទៅចុះ មិនជាការខុសឆ្គងអ្វីទេ ឱ្យតែមានចិត្តគោរពចំពោះមាតាបិតា ព្រះរតនៈត្រ័យ និងគុណទេវតាទៅបានហើយ៕
ប្រភព៖ http://health-168.info
