ត្រាំព្រមានខ្លាំងថា យោធាអាមេរិកត្រៀមជាស្រេច ដើម្បីផ្ទុះសង្គ្រាមជាមួយកូរ៉េខាងជើង


(វ៉ាស៊ីនតោន)៖ សេតវិមានបានត្រៀមជាស្រេចក្នុងការវាស់ស្ទង់កម្រិតសមត្ថភាពយោធារបស់ខ្លួន ដើម្បីត្រៀមទប់ទល់នឹងកូរ៉េខាងជើង នេះបើយោងតាមការលើកឡើង របស់មន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ដកស្រង់ដោយសារព័ត៌មាន AP ចេញផ្សាយនៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧នេះ។
នៅពេលដែលចោទសំណួរអំពីការបាញ់សាកល្បងនុយក្លេអ៊ែរ មន្ត្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់យើងមិនគួរសួរថា «តើវានឹងកើតឡើងឬទេ? តែត្រូវសួរថា តើវានឹងកើតឡើង នៅពេលណា?»។
គួរបញ្ជាក់ថា សេចក្តីព្រមានខ្លាំងនេះបានធ្វើឡើង បន្ទាប់ពីអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Han Song Ryol បានព្រមានថា ប្រទេសដ៏ឯកាមួយនេះ នឹងបាញ់សាកល្បងអាវុធប្រល័យលោក មួយគ្រាប់ទៀត «នៅពេលដែលយើងមើលឃើញថា វាជាពេលដ៏សាកសម» ហើយលោកបានលើកឡើងថា ស្ថានភាពនៅឧបទ្វីបកូរ៉េ នៅក្នុងពេលនេះកំពុងឈានដល់ដំណាក់កាលគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត។
លោកអនុរដ្ឋមន្ត្រី Han Song Ryol បានលើកឡើងបែបនេះក្នុងបទសម្ភាសន៍ផ្តាច់មុខមួយជាមួយនឹងភ្នាក់ងារសារព័ត៌មាន AP ក្នុងទីក្រុង ព្យុងយ៉ាង នៅថ្ងៃសុក្រ ទី១៤ ខែមេសា ឆ្នាំ២០១៧នេះបើយោងតាមសារព័ត៌មាន AP ចេញផ្សាយមុននេះបន្តិច។
ស្ថានភាពសហរដ្ឋអាមេរិក និងកូរ៉េខាងជើង នៅពេលនេះកំពុងស្ថិតឈានដល់ដំណាក់កាលតានតឹងជាលំដាប់ ខណៈដែលសហរដ្ឋអាមេរិក បានបញ្ជូននាវាផ្ទុកយន្តហោះ ទៅកាន់ឧបទ្វីបកូរ៉េ ព្រមទាំងធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង ក្នុងទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានពីមុនមក។





ប្រភពី ៖ freshnews