វីធីសាស្រ្ត ផ្សារភ្ជាប់​គ្រួសារ​ពីរ អោយចុះ​សម្រុង​គ្នា មានសុភមង្គល នឹង រីកចំរើន ក្រោយអាពាហ៍ពិពាហ៍

បើ​យើង​ក្រឡេក​មើល​សង្គម​ខ្មែរ​នាពេល​បច្ចុប្បន្ន​នេះ​វិញ​បន្ទាប់ពី​ រៀបការ​រួច​បុរស​តែងតែ​ទៅនៅ​ផ្ទះ​ខាងស្រី ប៉ុន្តែ​បើ​គ្រួសារ​នោះ ជា​គ្រួសារ​កាត់​ចិន​វិញ​កូនស្រី​ត្រូវ​មក​រស់​នៅ​ផ្ទះ​ខាងប្រុស​វិញ។
រស់នៅ​ជាមួយ​ម្តាយក្មេក​ឪពុកក្មេក វា​មិនមែន​សុទ្ធតែ​ល្អ ឬអាក្រក់​រហូត​នោះទេ។ ជួនកាល ការ​រស់នៅ​ជាមួយ​ម្តាយឪពុក​ក្មេក​មាន​ភាព​កក់ក្តៅ ប្រសិន​បើ​មាន​ការ​យោគយល់ ឬ​អត់ឱន​ឲ្យគ្នា​ទៅវិញទៅមក។ តែ​វា​នឹង​មាន​ភាព​អាប់អួ ប្រសិន​បើ​កូនប្រសាប្រុស ឬស្រី នោះ​មាន​ទស្សនៈ ចិត្តគំនិត និង​របៀប​រស់នៅ​ផ្ទុយពី​ឪពុក​ម្តាយ​ក្មេក ក៏ដូចជា​ជំនឿ​សាសនា និង​ទស្សនៈ​នយោបាយ​ផ្សេងគ្នា។ ជួនកាល​ទៅ ឪពុកម្តាយ​ក្មេក​និយម​ជីវភាព​របៀប​បុរាណ​តែ​កូនប្រសា​បែរ ជា​ចូលចិត្ត​រស់នៅ​តាម​របៀប​ទំនើប​ទៅវិញ។ ជួនកាល​កូនប្រសា​ចូលចិត្ត​ម្ហូបនេះ តែ​ឪពុកម្តាយ​ក្មេក​ចូលចិត្ត​ម្ហូបនោះ។
បញ្ហា​គម្លាត​នៃ​វណ្ណៈ​គ្រួសារ​ទាំងសងខាង​ក៏ជា ឫស​គល់​នៃ​ជម្លោះ​ផងដែរ។ ពេលខ្លះ​ទៅ​ឪពុកម្តាយ​ក្មេក​មួយចំនួន​មិន​ចូលចិត្ត និង​មើលងាយ​កូនប្រសា​តែម្តង​ព្រោះ​គេ​ជា​អ្នក​ក្រជាង ឬ​កើត​នៅ​ក្នុង​ត្រកូល​ទាប​ជាងខ្លួន ឬមាន​ចំណេះ​វិជ្ជា​ទាប​ជាងកូន​របស់ខ្លួន។ ជួនកាល​ទៀត​ឪពុកម្តាយក្មេក ចង់ឲ្យ​កូន​ប្រសារ យក​ចិត្ត​ផ្គាប់​ផ្គុន​ខ្លួន​គ្រប់​ពេល។

ប្រសិន​បើ​អ្នក​បាន​រៀបការ ហើយ​ប្រឈម​នឹង​បញ្ហា​ទាំងនេះ តើអ្នក​ត្រូវ​ដោះស្រាយ​វា​តាម​របៀប​ណា ហើយ​អ្វីជា​ដើម​ចម​នៃ​បញ្ហា​នេះ?
ទាក់ទិន​នឹង​បញ្ហានេះ អ្នកនាង ឈួន សុវណ្ណឆៃ បាន​ផ្តល់​យោបល់​ថា ដើម្បី​ឲ្យ​ការ​រស់​ចុះ​សម្រុង​គ្នា​ជាមួយ​នឹង​ឪពុកម្តាយក្មេក កូនប្រសា​គ្រប់រូប​ត្រូវ​យល់​ឲ្យ​ច្បាស់​ពី​របៀប​រស់នៅ ក្នុង​គ្រួសារ​របស់​ឪពុកម្តាយក្មេក​ថា​តើ​ពួកគេ​ត្រូវការ​អ្វី?​ ចូលចិត្ត​អ្វី និង​មិន​ចូលចិត្ត​អ្វីខ្លះ?
តារាចម្រៀង​រូបនេះ បាន​និយាយ​ថា យើង​ត្រូវតែ​សម្រប​ខ្លួន​ទៅតាម​របៀប​រស់នៅ​ខាង ឪពុកម្តាយ​ក្មេក​របស់​យើង ប៉ុន្តែ​មិនមែន​មាន​ន័យថា​យើងត្រូវ​ធ្វើឲ្យ​បាន​ទាំងអស់​ភ្លាមៗ​នោះទេ។
យើងត្រូវ​សម្រប​ខ្លួន​សន្សឹមៗ។ ធ្វើ​ដូច្នេះ​ពួកគាត់​នឹង​មើលឃើញ​នូវ​ទង្វើល្អ និង​ការខិតខំ ប្រឹងប្រែង​របស់​យើង ហើយ​បន្ទាប់មក​ពួកគាត់​នឹងចូលចិត្ត​យើង​ជាមិនខាន។
នៅពេល​ដែល​អ្នក​យក​ព័ត៌មាន​យើង​ចោទសួរ​ថា​តើ​ត្រូវ​ដោះស្រាយ​យ៉ាងណា​នៅពេល ដែល​ឪពុកម្តាយ​ក្មេក​មើលងាយ​កូនប្រសា? អ្នក​នាង សុវណ្ណឆៃ ឆ្លើយ​យ៉ាង​សាមញ្ញ​ថា៖ «ត្រូវតែ​ទ្រាំ ប៉ុន្តែ​ការទ្រាំ​នោះ​ត្រូវ​មាន​ដែនកំណត់​របស់វា»។
Koro Studio Wedding Photographer and Cinematographer
លោក ហុង សុគន្ធា អតីត​អ្នក​ដោះស្រាយ​វិបត្តិ​ស្នេហ៍ និង​បញ្ហា​ក្នុង​គ្រួសារ​ប្រចាំ​វិទ្យុ​សារីកា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ដើម្បី​ឲ្យ​ជីវិត​ក្នុង​ដំបូល​ផ្ទះតែមួយ​រវាង​ឪពុក ម្តាយក្មេក និង​កូនប្រសា មាន​ភាពចុះ​សម្រុង​នឹងគ្នា​នោះ កូនប្រសា គ្រប់រូប​ត្រូវតែ​ខំ​ធ្វើខ្លួន ឲ្យទៅ​ជា​មនុស្ស​ដែល​មាន​ចរិយាល្អ វាងវៃ ឧស្សាហ៍​ព្យាយាម​អត់ធ្មត់។
លោក សុគន្ធា បាន​ពន្យល់​ថា៖ «កូនប្រសា​ល្អ ត្រូវតែ​ជា​មនុស្ស​ដែល​មានចិត្ត មាន​ន័យថា ត្រូវ​ចេះ​ធ្វើការ​ក្នុង​ផ្ទះ​ដោយ​មិន​ចាំបាច់​ទាល់តែ​ម្តាយ​ក្មេក​ឪពុក​ក្មេក​ប្រើ​បាន​ធ្វើ​នោះទេ ហើយត្រូវ ធ្វើ​ចិត្ត​ឲ្យ​ធ្ងន់​ផងដែរ​ចំពោះ​ពាក្យ​សម្ដី​បន្ទោស​បន្តិចបន្តួច​ពីម្តាយ ឬ​ឪពុក​ក្មេក។ បើ​យើង​ធ្វើរឿង នេះបាន ឪពុក​ម្តាយ​ក្មេក​នឹង​រំងាប់​កំហឹង​របស់​គាត់​ដែល​មាន​មក​លើ​យើង ហើយ​ចាប់ផ្តើម ឃើញ​ពី​គុណ​សម្បត្តិ​របស់​យើង»។
អតីត ឌីជេ ម្នាក់នេះ បាន​បន្ថែម​ទៀតថា បញ្ហា​ទំនាស់​រវាង​ម្តាយក្មេក​ឪពុកក្មេក និង​កូនប្រសា មិនថា​ប្រុស​មិនថាស្រី​ទេ តែងតែ​កើតមាន​ឡើង​នៅ​ក្នុង​សង្គមខ្មែរ ហើយ​ដើម​ចម​នៅពីក្រោយ​បញ្ហា​នេះ​បណ្តាល​មក​មូលហេតុ​សំខាន់ ៣ គឺ «ការ​និយាយ​ស្តាប់គ្នា​មិនបាន» «ការ​គុំកួន​ពីនាយ» និង «ចរិត​ខុសគ្នា»។
លោក បាន​ពន្យល់​យ៉ាង​ដូច្នេះថា៖ «ជួនកាលទៅ​ម្តាយក្មេក ឬឪពុកក្មេក​គិតថា​អីចេះ កូនប្រសា​គិតថាអីចុះ ម៉ែក្មេក​យល់ថា​ខ្មៅ កូនប្រសា យល់ថា ស។ អាហ្នឹង​ជាការ​និយាយ​ស្តាប់គ្នា​មិនបាន។ ខ្ញុំសង្កេត​ឃើញ​មាន​ម្តាយក្មេក​ឪពុកក្មេក​ខ្លះ​គុំកួន​កូនប្រសា តាំងពី​នាយ​មុនពេល​រស់នៅ​ផ្ទះ​ជាមួយ​គ្នា​ទៅទៀត ដោយ​សារ​ពួកគាត់​មិន​ពេញចិត្ត បុរស ឬ​ស្រ្តី​នោះឲ្យ​ធ្វើជា​កូនប្រសា​របស់​គាត់ ដូច្នេះហើយ​កូនប្រសា​ធ្វើអ្វី​ក៏មិនសូវ​ត្រូវចិត្ត​ដែរ។ មួយទៀត​គឺ​ចរិក​ខុសគ្នា គឺថា​ជួនកាល​ទៅ​ម្តាយ​ក្មេក​ជា​អ្នក​រិះថាំ ហើយ​កូនប្រសា​ដៃទូលាយ។ អាហ្នឹង​ក៏ជា​បញ្ហា​មួយដែរ»។
លោក ក៏បាន​ផ្តល់​ជា​គំនិត​ថា​ប្រសិន​បើ​កូនប្រសា​ត្រូវ​ឪពុក​ម្តាយក្មេក​មើយងាយ ឬក៏​មិន​ពេញចិត្ត ដោយសារ​តែក្រីក្រ ឬ​ឋានៈ​ការងារ​ទាប​ជាង​កូន​របស់ខ្លូន​នោះ ពួកគេ​ត្រូវ​ចេះ​អត់ធ្មត់ ហើយ​ខិតខំ​អភិវឌ្ឍ​ខ្លូន​ឲ្យ​បាន​ខ្ពស់​មុខ​ខ្ពស់មាត់។
លោក​បាន​បន្ត​ឲ្យដឹង​ទៀតថា៖ «ធម្មតា​ទេ​ឪពុកម្តាយក្មេក ដែល​មាន​ឋានៈ​ខ្ពស់ជាង​គ្រួសារ​យើង ជួនកាល គាត់​រាង​វាយឫ​កបន្តិច​ហើយ។ យើង​ត្រូវតែ​ទ្រាំ ហើយ​ខំ​យក​ឈ្នះ​ចិត្ត​គាត់​ដោយ​ទង្វើល្អ និង​ភាព​អត់ធ្មត់​របស់យើង ប៉ុន្តែការ​អត់ធ្មត់​នោះ​ត្រូវមាន​ដែនកំណត់​របស់វា។ មិនមែន មានន័យ​ថា អត់ធ្មត់​ទាល់តែ​បាន​កូនមួយ​កូនពីរ​ហើយ​នៅ​តែ​អត់ធ្មត់​នោះទេ»។

លោក មៀច ប៉ុណ្ណ ទី​ប្រឹក្សា​អម​ក្រុម​ជំនុំ​ទំនៀម​ទម្លាប់​ខ្មែរ​នៃ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ បាន​ផ្តល់​ជា​អនុសាសន៍​ចំពោះ​អ្នក​ដែល​នឹង​ក្លាយជា​កូន​ប្រសា ទាំងអស់​ថា​ប្រសិនបើ​ពួកគេ​ចង់​រស់នៅ​ឲ្យចុះ​សម្រុង​គ្នា​ជាមួយ​ម្តាយក្មេក ឬ​ឪពុកក្មេក​នោះ ពួកគេ​ត្រូវតែ​មាន​ការ​យោគយល់​ឲ្យបាន​ច្រើន ដោយចេះ​គោរព​ម្តាយ​ឬ​ឪពុក​ក្មេក ទោះបី​ជា​គាត់​ធ្វើខុស​ឆ្គង​មកលើ​ខ្លួនដោយ​ប្រការ​ណាមួយ​ក៏ដោយ។
លោក មៀច ប៉ុណ្ណ បាន​ឲ្យដឹង​ទៀត​ថា ក្នុង​នាម​ជា​កូនប្រសា​យើងត្រូវ​ដាក់ចិត្ត​ដាក់កាយ ហើយ​ត្រូវ​ចេះធ្វើ​ចាញ់​ទោះបីជា​ដឹងថា​ម្តាយក្មេក ឬ​ឪពុកក្មេក ជា​អ្នក​ខុស​ក៏ដោយ។ យើង​មិនត្រូវ​ប្រកែក​យក​ឈ្នះ​នោះទេ ព្រោះថា​ទោះជា​យ៉ាង​ណា​ក៏​ពួកគាត់​ជា​ឪពុកម្តាយ​របស់​យើងដែរ។
លោក​បាន​ពន្យល់​ថា៖ «ចាន​ក្នុងរាវ វា​តែងតែ​ប៉ះគ្នា​បន្តិចបន្តួច​ហើយ​ជៀស​មិនផុតទេ ដូច្នេះ​យើងត្រូវ​ចេះ អត់​ឱន​ឲ្យគ្នា​ទៅវិញ​ទៅមក ទើប​យើង​អាច​រស់នៅ​ជាមួយគ្នា​បាន។ ម្យ៉ាង​វិញទៀត​ឪពុកម្តាយ ក៏ត្រូវ​ជ្រើសរើស​កូន​ប្រសាណា ដែល​អាច​ដើរ​តាម​គន្លង​នៃ​ការ​ប្រៀន​ប្រដៅ​របស់​ពួកគាត់​ផងដែរ»៕






ប្រភព៖ ភ្នំពេញប៉ុស្តិ័