រៀបការ​ប្រពន្ធ​ថ្មី ព្រោះ​ប្រពន្ធ​មុន​ចរិត​មិន​បាន ពេល​ជួប​គ្នា​ម្ដង​ទៀត នាង​ប្រែប្រួល​មិន​គួរ​ឲ្យ​ជឿ

ខ្ញុំ​មាន​មិត្ត​ម្នាក់។ គេ​បាន​រៀបការ​ជាមួយ​នារី​ម្នាក់​និង​រស់​នៅ​ជាមួយ​គ្នា​ រហូត​ថ្ងៃ​មួយ​គេ​មាន​អារម្មណ៍​ថា​ប្រពន្ធ​របស់​គេ​ចាប់​ផ្ដើម​អាត្មានិយម​និង​ប្រើ​សម្ដី​ទ្រគោះបោះបោក​កាន់​តែ​ច្រើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ពួក​គេ​ទាំង​ពីរ​ចេះ​តែ​ឈ្លោះ​គ្នា​រហូត​​ក៏​សម្រេច​ចិត្ត លែងលះ។
ក្រោយ​ពី​នោះ​មិន​យូរ​ប៉ុន្មាន មិត្តភ័ក្ដិ​ខ្ញុំ​ក៏​បាន​រៀបការ​ម្ដង​ទៀត​ជាមួយ​នារី​ម្នាក់​ទៀត​ដែល​ស្រស់​ស្អាត និង​មាន​អត្តចរិត​ល្អ​ជាង​ប្រពន្ធ​មុន។ អាច​ថា​ដោយ​សារ​គេ​មិន​ទាន់​មាន​កូន​ឲ្យ​ជាប់​ចំណង​ ទើប​សម្រេច​រៀបការ​បាន​ងាយ​ឆាប់​ដូច្នេះ។ នៅ​ពេល​នោះ​គេ​មាន​អារម្មណ៍​ថា ប្រពន្ធ​ថ្មី​នេះ​ហើយ​ទើប​ជា​មនុស្ស​ស្រី​ក្នុង​សុបិន​ ដែល​អាច​មក​បំពេញ​អត្ថន័យ​សម្រាប់​ជីវិត​របស់​គេ ហើយ​គេ​ជឿជាក់​ថា​នាង​អាច​រស់​នៅ​ជាមួយ​គេ​ចុះ​សម្រុង​ជាង​ប្រពន្ធ​មុន​យ៉ាង​ពិត​ប្រាកដ។

បន្ទាប់​ពី​មិត្ត​ខ្ញុំ​និង​ប្រពន្ធ​ថ្មី​គេ​បាន​រៀបការ​ មិន​យូរ​ប៉ុន្មាន រឿង​រ៉ាវ​ដែល​មើល​ទៅ​ហាក់​ដូច​ជា​កាន់​តែ​ល្អ ក៏​ត្រលប់​ក្លាយ​ជា​ដូច​មុន។ បន្ទាប់​ពី​ពួក​គេ​ទាំង​ពីរ​រស់​នៅ​ជាមួយ​គ្នា​មួយ​រយៈ​ធំ គ្រួសារ​របស់​គេ​ក៏​ចាប់​ផ្ដើម​មាន​រឿង​ដូច​ជា​កាល​ដែល​គេ​រស់​នៅ​ជាមួយ​ប្រពន្ធ​មុន។ អ្នក​ទាំង​ពីរ​ឈ្លោះ​គ្នា​មិន​លោះ​ថ្ងៃ ការងារ​ផ្ទះ ចង្ក្រាន​ជើង​ឆ្នាំង ប្រពន្ធ​របស់​គេ​ក៏​ចាប់​ផ្ដើម​មិន​រវីរវល់។ ពេល​នោះ​មិត្ត​ខ្ញុំ​វា​ចេះ​តែ​គិត​ថា កម្មពៀរ​អី​វា រៀបការ​ប្រពន្ធ​ថ្មី​ទៅ​ហើយ​ តែ​យូរ​ៗ​ទៅ​ជួប​រឿង​ដដែល!

រហូត​ដល់​ថ្ងៃ​មួយ ទាំង​មិត្ត​របស់​ខ្ញុំ​និង​ប្រពន្ធ​មុន​របស់​គេ​ បាន​មាន​ឱកាស​ជួប​គ្នា​នៅ​ពិធី​ជប់លៀង​មួយ។ អតីត​ប្រពន្ធ​របស់​គេ​ក៏​បាន​រៀបការ​ប្ដី​ថ្មី​ហើយ​ដូច​គ្នា ហើយ​ថ្ងៃ​នោះ​ពួក​គេ​បាន​មក​ចូលរួម​ជាមួយ​គ្នា​​ដែរ។ មិត្ត​ខ្ញុំ​ក៏​មិន​បាន​មាន​អារម្មណ៍​ប្រចែប្រចណ្ឌ​អ្វី ប៉ុន្តែ​វា​ក៏​លួច​ឆ្ងល់​ថា​ហេតុ​អ្វី​មនុស្ស​ស្រី​ចរិត​ឆេវឆាវ និង​អាត្មានិយម​ដូចជា​ប្រពន្ធ​ដើម​របស់​គេ មាន​បុរស​មក​ស្រឡាញ់​ទៀត។ គេ​បាន​ត្រឹម​តែ​លួច​និយាយ​ចំអក ថា​សម​មុខ សម្រាប់​បុរស​ដែល​ជា​ស្វាមី​ថ្មី​របស់​នាង​ពី​ចម្ងាយ។​
ប៉ុន្តែ​រូបភាព​ដែល​ខ្ញុំ​បាន​ឃើញ​ មិន​ដូច​ជា​អ្វី​ដែល​មិត្ត​ខ្ញុំ​គិត​នោះ​ទេ។ ខ្ញុំ​ឃើញ​ស្វាមី​ថ្មី​របស់​នាង ហាក់​ដូច​ជា​មាន​មោទនភាព​នឹង​ប្រពន្ធ​របស់​គេ​ខ្លាំង​ណាស់។ មិន​តែ​ប៉ុណ្ណោះ ខ្ញុំ​ថែម​ទាំង​បាន​ឮ​ស្វាមី​ថ្មី​របស់​ប្រពន្ធ​ដើម​មិត្ត​ខ្ញុំ​និយាយ​សរសើរ​នាង​មិន​ដាច់​ពី​មាត់​ ដូចជា៖ "ប្រពន្ធ​ខ្ញុំ​គួរ​ឲ្យ​ស្រឡាញ់​ណាស់ នាង​ជា​មនុស្ស​ស្រី​ល្អ​មែនទែន... ខ្ញុំ​មិន​ដែល​គិត​ថា​ខ្លួន​ឯង មាន​សំណាង​បាន​ប្រពន្ធ​ល្អ​ដូច​ជា​នាង​ទេ​ ហើយ​នាង​ថែម​ទាំង​មើល​ថែ​ពុក​ម៉ែ​ខ្ញុំ​បាន​យ៉ាង​ល្អ​ទៀត​ផង... មនុស្ស​ស្រី​ដូច​ជា​នាង មិន​ងាយ​នឹង​រក​បាន​ទេ ប៉ុន្តែ​ខ្ញុំ​សំណាង​ណាស់​ដែល​បាន​នាង​មក​ធ្វើ​ជា​គូ​ជីវិត"។ ខ្ញុំ​យក​ពាក្យ​ទាំង​នេះ​មក​និយាយ​ឲ្យ​មិត្ត​ខ្ញុំ​ស្ដាប់ វា​ក៏​មិន​ជឿ​សូម្បី​បន្តិច ថែម​ទាំង​និយាយ​ទៀត​ថា "មនុស្ស​ស្រី​ដូច​នាង​ហ្នឹង​ល្អ?” ហើយ​វា​ថា​ខ្ញុំ​ហ្នឹង​កុហក​វា​ទាំង​រស់!
បន្ទាប់​ពី​ថ្ងៃ​នោះ​ ​មិន​បាន​យូរ​ប៉ុន្មាន មិត្ត​ខ្ញុំ​ក៏​បាន​ជួប​អតីត​ប្រពន្ធ​របស់​គេ​ជាមួយ​ស្វាមី​ថ្មី​​នាង​ម្ដង​ទៀត​ដោយ​ចៃដន្យ។ អ្នក​ទាំង​ពីរ​កំពុង​ដើរ​រើស​មើល​ទិញ​ឥវ៉ាន់​ក្នុង​ផ្សារ​ទំនើប។ មិត្ត​ខ្ញុំ​និយាយ​ឲ្យ​ខ្ញុំ​ស្ដាប់​ថា គេ​បាន​លួច​មើល​អ្នក​ទាំង​ពីរ​ពី​ចម្ងាយ ហើយ​ក៏​អាច​យល់​បាន​ថា​ពួក​គេ​មាន​ក្ដី​សុខ​ជាមួយ​គ្នា​ណាស់។ ស្នាម​ញញឹម​ប្រពន្ធ​មុន​របស់​គេ​មើល​ទៅ​ពោរពេញ​ដោយ​សេចក្ដី​សុខ ហើយ​គេ​ក៏​អាច​មើល​ឃើញ​ពី​កាយវិការ​ដ៏​កក់ក្ដៅ​ចេញ​ពី​ស្វាមី​ថ្មី​របស់​នាង។​

មិត្ត​ខ្ញុំ​សឹង​តែ​មិន​ជឿ​ភ្នែក​របស់​ខ្លួន​ឡើយ ថា​មនុស្ស​ស្រី​ដែល​ធ្លាប់​តែ​និយាយ​គ្រោតគ្រាត និង​អាត្មានិយម​ពេល​នេះ​ប្រែ​ក្លាយ​ជា "ទេពធីតា" ផ្ទុយ​ស្រឡះ​ពី​អ្វី​ដែល​គេ​ធ្លាប់​គិត។ រហូត​ថ្ងៃ​មួយ​ ខ្ញុំ​ក៏​មាន​ឱកាស​បាន​ជួប​ប្រពន្ធ​ដើម​របស់​គេ ទើប​ខ្ញុំ​ធ្វើ​ជា​សួរ​សុខ​ទុក្ខ​នាង នាង​ក៏​និយាយ​ឲ្យ​ខ្ញុំ​ស្ដាប់​ដោយ​ខ្សែ​ភ្នែក​ពោរពេញ​ដោយ​សេចក្ដី​សុខ​ពិត​ប្រាកដ​មែន។ នាង​និយាយ​ថា នាង​រីករាយ​ជាមួយ​ជីវិត​ថ្មី​នេះ​ណាស់ ព្រោះ​ទាំង​ប្ដី​របស់​នាង និង​គ្រួសារ​របស់​គេ សុទ្ធ​តែ​ល្អ​ជាមួយ​នាង។
ត្រឹម​តែ​ប៉ុណ្ណេះ​ខ្ញុំ​ក៏​យល់​បាន​គ្រប់យ៉ាង​... ប្រពន្ធ​មិត្ត​ខ្ញុំ​ទាំង​មុន និង​ក្រោយ គឺ​មិន​បាន​ឆេវឆាវ ឬ​អាត្មានិយម​ដូចជា​អ្វី​ដែល​វា​និយាយ​ទេ។ រឿង​ទាំង​អស់​កើត​ឡើង គឺ​ដោយ​សារ​មិត្ត​ខ្ញុំ​ទៅ​វិញ​ទេ បើ​គេ​និយាយ​ល្អ​ជាមួយ​ប្រពន្ធ​តែ​បន្តិច នោះ​គ្មាន​ផ្លូវ​ដែល​ពួក​នាង​​បង្ហាញ​ចរិត​មិន​ល្អ​ចេញ​មក​បែប​នោះ​ឡើយ។ ចុង​ក្រោយ ខ្ញុំ​សុំ​ផ្ដាំ​ផ្ញើ​ដល់​មិត្តភ័ក្ដិ​ខ្ញុំ និង​មនុស្ស​ជា​ច្រើន​ទៀត​ថា "បើ​អ្នក​ត្រូវ​ការ​ឲ្យ​មនុស្ស​ជុំវិញ​ខ្លួន​ប្រព្រឹត្ត​យ៉ាង​ម៉េច​ជាមួយ​អ្នក អ្នក​ត្រូវ​ប្រព្រឹត្ត​យ៉ាង​នោះ​ជាមួយ​ពួកគេ​ជាមុន​សិន"។ បន្ទាប់​ពី​ខ្ញុំ​បាន​ជួប​មិត្ត​ខ្ញុំ​ម្ដង​ទៀត វា​ក៏​រអ៊ូ​រទាំ​តែ​រឿង​ប្រពន្ធ​ថ្មី​របស់​វា​ឲ្យ​ខ្ញុំ​ស្ដាប់ ឯ​ខ្ញុំ​បាន​ត្រឹម​តែ​សួរ​ត្រលប់​ទៅ​វា​វិញ​ថា "ហើយ​ឯង​បាន​ធ្វើ​ល្អ​ជាមួយ​នាង​គ្រប់គ្រាន់ ហើយ​នៅ?” ខ្ញុំ​មិន​ដឹង​ថា​វា​យល់​ពី​សម្ដី​ខ្ញុំ​ឬ​ក៏​អត់​ទេ តែ​ខ្ញុំ​គិត​ថា​ខ្ញុំ​ព្យាយាម​ជួយ​វា​​ខ្លាំង​បំផុត​ហើយ...
ប្រភព៖ Liekr

ប្រែសម្រួលៈ វ៉ាន់ថន