ជើងហោះហើរសហរដ្ឋអាមេរិក United Airlines បានធ្វើឲ្យមនុស្សស្ទើរជុំវិញពិភពលោកក្ដៅក្រហាយកាលពីថ្ងៃច័ន្ទម្សិលមិញ បន្ទាប់ពីមានការវាយអូសទាញអ្នកដំណើរអាស៊ីម្នាក់ចេញពីយន្តហោះ ព្រោះតែយន្តហោះទទួលកក់សំបុត្រច្រើនលើសលប់។
វីដេអូលេចធ្លាយលើអ៊ីនធឺណិត គេឃើញបុរសម្នាក់ស្រែកទាំងមិនសុខចិត្ត ខណៈបុគ្គលិកយន្តហោះទាញបុរសរងគ្រោះចេញពីកន្លែងអង្គុយដែលគាត់បានកក់ត្រឹមត្រូវរបស់ជើងហោះហើរ United Flight 3411 មុនពេលហោះចេញពីអាកាសយានដ្ឋាន O’Hare ទីក្រុង ឈីហ្កាហ្គូ ទៅកាន់ទីក្រុង Louisville រដ្ឋ Kentucky សហរដ្ឋអាមេរិក នៅយប់ថ្ងៃអាទិត្យ។
បុរសរងគ្រោះដែលគេស្គាល់ថាជាវេជ្ជបណ្ឌិតអាស៊ី ត្រូវបានគេវាយឈាមមុខឈាមមាត់ រួចអូសចេញតាមផ្លូវដើរ ដើម្បីយកកន្លែងអង្គុយរបស់គាត់ទុកឲ្យបុគ្គលិកយន្តហោះអង្គុយវិញ ទោះឧបទ្ទវហេតុកើតឡើងដោយកំហុសក្រុមហ៊ុនទទួលសំបុត្រកក់ហួសចំនួនកំណត់ក៏ដោយ។
បើតាមប្រភពពីអ្នកដំណើរម្នាក់ឈ្មោះ Audra Bridge បានរៀបរាប់នៅថ្ងៃច័ន្ទម្សិលមិញថា ក្រុមហ៊ុន United Airlines បានទទួលសំបុត្រកក់ជិះយន្តហោះច្រើនហួសកំណត់ ហើយខាងយន្តហោះសម្រេចជ្រើសរើសព្រាវៗឲ្យអ្នកដំណើរខ្លះចុះចេញពីយន្តហោះព្រោះត្រូវការកន្លែងទំនេរឲ្យបុគ្គលិក។
ដំបូងឡើយ អ្នកតំណាងក្រុមហ៊ុនបានប្រកាសស្វែងរកអ្នកស្ម័គ្រចិត្ត និងឲ្យប្រាក់ ៨០០ដុល្លារអាមេរិកដើម្បីបោះបង់កៅអីអង្គុយ។ បន្ទាប់ពីរើសព្រាវៗ ក្នុងនោះអ្នកដំណើរ ២នាក់សុខចិត្តចុះចេញ ប៉ុន្តែបុរសម្នាក់ដែលអះអាងជាវេជ្ជបណ្ឌិតជនជាតិអាស៊ីមិនព្រមចេញ ដោយគាត់អះអាងថា ខ្លួនប្រញាប់ទៅជួបអ្នកជំងឺនៅទីក្រុង Louisville នាពេលព្រឹកជាបន្ទាន់។
សកម្មភាពមិនគប្បីនេះ បានធ្វើឲ្យមហាជនផ្ទុះកំហឹងរិះគន់ខ្លាំងៗ រហូតនាយកដ្ឋានអាកាសចរណ៍ឈីហ្កាហ្គូ ចេញសេចក្ដីថ្លែងការណ៍ឲ្យស៊ើបអង្កេតលើមន្ត្រីជាប់ពាក់ព័ន្ធរឿងនេះភ្លាមៗតែម្ដង៕
ប្រភព៖http://www.pageth.info/archives/10877

