មនុស្សដែល​ស្ងាបច្រើន ការពិត​ជាមនុស្ស​វៃឆ្លាតខ្លាំង


ការ​សិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ថា ប្រវែង​នៃ​ការ​ស្ងាប​របស់​អ្នក ទាក់ទង​ទៅ​នឹង ទម្ងន់​ខួរក្បាល​របស់​អ្នក និង​ការ​ផ្ទុក​កោសិកា​ណឺរ៉ូន (Neurons) របស់​វា។
ការ​ស្ងាប​កាន់​តែ​យូរ បញ្ជាក់​ថា​ទំហំ​ខួរ​ក្បាល​កាន់​តែ​ធំ។ នេះ​បើ​យោង​តាម​ការ​សិក្សា ដែល​បាន​ចុះផ្សាយ​នៅ​លើ​ទស្សនាវដ្ដី​ជីវវិទ្យា Biology Letters។

(រូបតំណាង)
ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ប្រវែង​នៃ​ការ​ស្ងាប​មួយ អាច​ទស្សន៍ទាយ​យ៉ាង​ត្រឹមត្រូវ ពី​ទំហំ​នៃ​ខួរក្បាល​របស់​សត្វ ហើយ​ការ​រក​ឃើញ​របស់​ពួក​គេ ក៏​អាច​យក​មក​អនុវត្ត​លើ​មនុស្ស​ផង​ដែរ។
ក្រុម​អ្នក​ស្រាវជ្រាវ​បាន​មើល​វីដេអូ និង​វាស់​រយៈពេល​នៃ​ការ​ស្ងាប​របស់​មនុស្ស និង​សត្វ​មួយ​ចំនួន ដូចជា ឆ្មា សុនខ ស្វា Gorilla កញ្ជ្រោង អូដ្ឋ កាំប្រមា សេះ កណ្ដុរ ស្វា Chimpanzees និង​សត្វ​ដទៃ​ជាច្រើន​ទៀត។ ពួកគេ​បាន​រក​ឃើញ​ថា មនុស្ស​ស្ងាប​យូរ​បំផុត ដែល​ជា​មធ្យម​មាន​ខួរក្បាល​ទម្ងន់ ៣​ផោន (១,៣៦​គីឡូក្រាម)។
លោក Andrew Gallup ចិត្តវិទូ និង​ជា​ផ្នែក​មួយ​នៃ​ក្រុម​សិក្សា​ស្រាវជ្រាវ បាន​ឲ្យ​ដឹង​ថា យើង​ស្ងាប​ដើម្បី​ធ្វើ​ឲ្យ​ខួរក្បាល​របស់​យើង​ត្រជាក់។
«នៅ​ពេល​អ្នក​ស្ងាប ថ្គាម​របស់​អ្នក​បង្កើន​ចរាចរ​ឈាម ទៅ​កាន់​លលាដ៍ក្បាល និង​បូម​ឈាម​ក្ដៅ​ចេញ​ពី​ខួរក្បាល​របស់​អ្នក។ ស្រប​ពេល​ជាមួយ​គ្នា​នោះ អ្នក​ស្រូប​យក​ខ្យល់ ចូល​ទៅ​ក្នុង​ច្រមុះ និង​មាត់​របស់​អ្នក ធ្វើ​ឲ្យ​ត្រជាក់​សរសៃ​ឈាម​លលាដ៍​ក្បាល តាម​រយៈ​ការ​នាំ​ខ្យល់​ចូល​ទៀត​ផង»៕




ប្រភព៖ indy100   ប្រែ​សម្រួល៖ សេង ឡុង
ប្រភព៖http://news.sabay.com.kh/article/923346