សូមប្រុងប្រយ័ត្នពីងពាងមានពិស! បុរសហ្វីលីពីនអាចត្រូវកាត់ដៃជើងចោលទាំងអស់ ក្រោយ​ពីងពាង​ពិសខាំ


បុរស​ជនជាតិ​​ហ្វីលីពីន​ម្នាក់​ឈ្មោះ Terry Pareja ត្រូវ​ពីងពាង​ពិស​ខាំ​ទាំង​មិន​ដឹង​ខ្លួន ពេល​ទៅ​លេង​សាច់ញាតិ​នៅ​ប្រទេស​អូស្ត្រាលី​ដោយ​ធ្វើ​ឲ្យ​ជើង​ទាំង​ពីរ​​ត្រូវ​កាត់​ចោល។អំឡុង​ពេល​សម្រាក​ក្នុង​មន្ទីរ​មួយ​នៅ​ទីក្រុង​ម៉ែលប៊ន​តាំង​ពី​ខែ​កុម្ភៈ ក្រុម​គ្រូពេទ្យ​បញ្ជាក់​ថា​ បុរស​រូប​នេះ​ក្រោយ​​កាត់​ជើង​បាន​ប៉ុន្មាន​សប្ដាហ៍ ដៃ​ទាំង​ពីរ​របស់​គាត់​អាច​នឹង​ត្រូវ​កាត់​ចោល​បន្ត​ទៀត​ដោយ​សារ​មេរោគ​ស៊ីសាច់​​បន្ទាប់ពី​ពីងពាង​មួយ​ក្បាល​ខាំ។
បើ​តាម​សេចក្ដី​រាយ​ការណ៍ លោក Pareja មិន​បាន​ចាំ​ថា​តើ​ពីង​ពាង​នេះ​ខាំ​តាំងពី​ពេល​ណា​ទេ ប៉ុន្តែ​បងថ្លៃ​របស់​គាត់​ប្រាប់​អ្នក​សារព័ត៌មាន​ថា ​ពិស​នៅ​មុខ​របួស​គឺ​ដូច​គ្នា​ទៅ​នឹង​ពិស​ពីងពាង​គូទ​ស។ គាត់​ចាប់​ផ្ដើម​មាន​បញ្ហា​នៅ​ថ្ងៃ​ទី ២៥​កុម្ភៈ ពេល​ជើង​ម្ខាង​ចាប់​ផ្ដើម​ហើម តែ​គាត់​មិន​បាន​ឲ្យ​ពេទ្យ​ពិនិត្យ​ទេ​រហូត​ដល់​ថ្ងៃ​ទី ២៧​កុម្ភៈ។
នៅ​ថ្ងៃ​បន្ទាប់ គាត់​មិន​អាច​ដើរ​រួចឡើយ​ ហើយ​ជើង​ខាង​ស្ដាំ​ចាប់​ផ្ដើម​ប្រែ​ពណ៌​ជា​ខ្មៅ​ជាំ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។ សាច់ញាតិ​បាន​នាំ​គាត់​នៅ​កាន់​មន្ទីរពេទ្យ​ Horsham ដោយ​អាការៈ​ធ្ងន់ធ្ងរ​ពេក ​គ្រូពេទ្យ​​សម្រេច​កាត់​ជើង​​ចោល​ម្ខាង រួច​ផ្ទេរ​ទៅ​កាន់​មន្ទីរ​ពេទ្យ Alfred ក្នុង​ទីក្រុង​ម៉ែលប៊ន ហើយ​ក៏​កាត់​ជើង​ឆ្វេង​ម្ខាង​ទៀត។មក​​ទល់​ពេលនេះ ​កូន​ស្រី​​របស់​ជន​រងគ្រោះ​នាង Jeffmarey Pareja ​បាន​ធ្វើ​យុទ្ធនាការ​រៃអង្គាស​ប្រាក់​លើ​ទំព័រ GoFundMe ​បាន​ជាង ៣,៥​ម៉ឺន​ដុល្លារ។ នាង​ប្រាប់​ថា​តម្រង់​នោម​ឪពុក​នាង​ចាប់​ផ្ដើម​ចុះ​ខ្សោយ ហើយ​ក្រុម​គ្រូពេទ្យ​ក៏​មិន​អាច​កម្ចាត់​មេរោគ​ចេញ​ពី​ដៃ​ទាំង​ពីរ​បាន​ដែល​ប្រឈម​នឹង​ការ​កាត់​ចេញ​​ទៀត​ផង៕ ប្រភព៖ vow-news