អាមេរិក៖ខណៈដែល រដ្ឋមន្ត្រីការបរទេសអាមេរិកនឹងធ្វើដំណើរទៅម៉ូស្គូនិងជួបជាមួយមេដឹកនាំរុស្ស៊ី មន្ត្រីក្រុមប្រឹក្សាសន្តិសុខនៃរដ្ឋបាលលោក ដូណាល់ ត្រាំ បានទាមទារឲ្យរុស្ស៊ីឈប់ការពាររបបដឹកនាំ អាសាដ ទាំងផ្នែកយោធានិងការទូតទៀត។ សារខ្លីរបស់ក្រុងវ៉ាស៊ីនតោនគឺ បើរុស្ស៊ីមិនចង់ឲ្យទំនាក់ទំនងរវាងរុស្ស៊ីនិងអាមេរិកខូចខាតធ្ងន់ធ្ងរទេ រុស្ស៊ីត្រូវលះបង់ អាសាដ។
ក្នុងបទសម្ភាសមួយសារព័ត៌មាន ABC ចុងសប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសអាមេរិកបាននិយាយថា៖ «ខ្ញុំសង្ឃឹមថា រុស្ស៊ីកំពុងគិតប្រុងប្រយ័ត្នថាគួរបន្តសម្ព័ន្ធភាពជាមួយបាសា អាល់អាសាដ ព្រោះគ្រប់ពេលដែលមានការប្រើប្រាសអាវុធគីមី វាតែងតែមានការទទួលខុសត្រូវមួយសម្រាប់រុស្ស៊ីផ្ទាល់»។
លោក Tillerson មានជំនឿថា រុស្ស៊ីមិនប្តូរផ្តាច់ការពាររបបដឹកនាំស៊ីរីជាពិសេស បាសា អាល់អាសាដ រហូតមិនខ្វល់ពីទំនាក់ទំនងទ្វេភាគីជាមួយអាមេរិកឡើយ។ លោក បន្ថែមថា វាប្រហែលជាត្រូវការពេលវេលាដើម្បីសន្ទនា និងពិភាក្សាគ្នាឲ្យបានស៊ីជម្រៅ ដើម្បីស្វែងយល់ពីជំហរគ្នាទៅវិញទៅមក និងដើម្បីដោះស្រាយបញ្ហាប្រទាំងប្រទេសបច្ចុប្បន្ននេះផង។
មកដល់បច្ចុប្បន្នគ្មានភស្តុតាងណាមួយដែលបញ្ជាក់ថា រុស្ស៊ីមានជាប់ពាក់ព័ន្ធដោយផ្ទាល់លើសំណុំរឿងប្រើប្រាស់អាវុធគីមីនៅខេត្ត Idlib។ ប៉ុន្តែអាមេរិកជឿជាក់ រុស្ស៊ីមានទំនួលខុសត្រូវមួយដែរក្នុងបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិនេះ ព្រោះក្នុងនាមជាសម្ព័ន្ធមិត្តមានទ័ពឈរជើងនៅទីនោះស្រាប់ រុស្ស៊ីគួរតែដឹងថាមានអ្វីឡើងពិតប្រាកដ។
ចំណែកទីប្រឹក្សាសន្តិសុខរបស់លោក ដូណាល់ ត្រាំ លោក H.R. McMaster បានថ្លែងក្នុងបទសម្ភាសន៍ជាមួយារព័ត៌មាន Fox News ថា លោកចង់ឲ្យអាមេរិកដាក់សម្ពាធលើរុស្ស៊ី និងឆ្លេចសួររុស្ស៊ីឲ្យច្បាស់រឿងដែលកងទ័ពជើងអាកាសស៊ីរីវាយប្រហារលើជនស៊ីវិលនិងសម្លាប់រង្គាលជនស្លូតត្រង់នោះ។
កន្លងមកក្រេមឡាំធ្លាប់សង្ឃឹមខ្ពស់ថា ក្រោយដូណាល់ ត្រាំ ជាប់ឆ្នោត ទំនាក់ទំនងទ្វេភាគីដែលល្អក់កករដែលបន្សល់ទុកដោយរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា អាចនឹងប្រសើរឡើង។ ប៉ុន្តែក្តីសង្ឃឹមហាក់រសាយបាត់បន្តិចម្តងៗ ដោយសារគោលជំហររបស់លោក ត្រាំ ខុសពីអ្វីដែលលោកធ្លាប់សន្យាក្នុងពេលឃោសនា។
គេដឹងច្បាស់ថា វាមិនមែនជារឿងចៃដន្យទេ។ ការព្យាយាមដាក់សម្ពាធនិងប្រឈមមុខជាមួយរុស្ស៊ីពេលនេះ ក៏ដោយសារតែរដ្ឋបាលដូណាល់ ត្រាំ រងសម្ពាធខ្លាំងពីអ្នកនយោបាយនិងសាធារណជនអាមេរិក។ ការចោទថា រុស្ស៊ីនៅពីក្រោយការជាប់ឆ្នោតរបស់លោក ត្រាំ ជាមូលហេតុដែលជំរុញឲ្យ ដូណាល់ ត្រាំ ប្រឹងប្រែងបញ្ជាក់ប្រាប់គេឯងថា លោក គ្មានពាក់ព័ន្ធអ្វីជាមយរុស្ស៊ីទេ ហើយលោកក៏មិនខ្លាចរអែងរុស្ស៊ីដែរ៕
ប្រភព៖http://www.pageth.info/archives/11266




