កូរ៉េខាងជើងបានប្រាប់ហើយ ជនបរទេសត្រូវតែចាកចេញពីកូរ៉េខាងត្បូងមុនសង្រ្គាមនុយក្លេអ៊ែរ
តើកូរ៉េខាងជើងពិតជាត្រៀមខ្លួនដើម្បីបញ្ឆេះសង្រ្គាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េមែន ឬយ៉ាងណា ?។ នេះជាសំណួរមួយដែលនៅមិនទាន់មានចម្លើយជាក់ច្បាស់ទេ។ អ្វីដែលគេដឹង ពីមួយថ្ងៃ ទៅមួយថ្ងៃ របបក្រុងព្យុងយ៉ាងកំពុងបន្តយកសង្រ្គាមនុយក្លេអ៊ែរមកកំញើញសហគមន៍អន្តរជាតិ។ ជាថ្មីម្តងទៀតនៅថ្ងៃអង្គារ ទី៩ មេសានេះ កូរ៉េខាងជើងបានអំពាវនាវឲ្យជនបរទេសទំាងអស់ផ្តើមវិចបង្វេចចាកចេញពីទឹកដីកូរ៉េខាងត្បូង មុននឹងខ្លួនចាប់ផ្តើមធ្វើសង្រ្គាមនុយក្លេអ៊ែរ។ទន្ទឹមគ្នានេះ របបក្រុងព្យុងយ៉ាងក៏បានគំរាមជម្លៀសបុគ្គលិក កម្មកររបស់ខ្លួនទំាងអស់ចេញពីតំបន់ឧស្សាហកម្ម Kaesng ដែរ។
« ឧបទ្វីបកូរ៉េកំពុងធ្វើដំណើរឆ្ពោះទៅកាន់សង្រ្គាមនុយក្លេអ៊ែរ » នេះជាការបញ្ជាក់របស់គណៈកម្មាធិការកូរ៉េខាងជើងដើម្បីសន្តិភាពតំបន់អាស៊ីប៉ាស៊ីហ្វិកនៅក្នុងសេចក្តីជូនដំណឹងមួយផ្សព្វផ្សាយដោយទីភ្នាក់ងារផ្លូវការរបស់ទីក្រុងព្យុងយ៉ាង។ សេចក្តីជូនដំណឹងដដែលបានបន្ថែមថា នៅក្នុងករណីដែលមានសង្រ្គាមផ្ទុះឡើង កូរ៉េខាងជើងមិនចង់ឃើញជនបរទេសដែលរស់នៅក្នុងទឹកដីកូរ៉េខាងត្បូងក្លាយជាផ្ទំាងស៊ីបនោះទេ។ គួរជម្រាបជូនថា ការអំពាវនាវស្រដៀងគ្នានេះធ្លាប់បានធ្វើម្តងហើយកាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ ដោយរបបកុម្មុយនិស្តក្រុងព្យុងយ៉ាងបានប្រកាសថា ខ្លួនមិនអាចធានាសន្តិសុខចំពោះបេសកកម្មការទូតបរទេសនៅក្នុងទីក្រុងព្យុងយាងបានឡើយចាប់ពីថ្ងៃទី ១០ មេសា។ ចាប់ពីថ្ងៃទី១០ មេសាដែលកូរ៉េខាងជើងអាចនឹងធ្វើការសាកល្បងនុយក្លេអ៊ែរ ឬមួយក៏បាញ់សាកល្បងគ្រាប់មីស៊ីលជាថ្មី។
តែយ៉ាងណាក៏ដោយ រហូតមកដល់ថ្ងៃនេះ គេនៅមិនទាន់ឃើញមានប្រទេសណាមួយដែលមានបេសកកម្មការទូតនៅកូរ៉េខាងជើងចាប់ផ្តើមវិចបង្វេចចាកចេញពីទីក្រុងព្យុងយ៉ាងនៅឡើយទេ។ មូលហេតុ មកពីពួកគេមិនជឿ និងបានចាត់ទុកការគំរាមកំហែងរបស់កូរ៉េខាងជើងថា មានតែទ្រឹស្តីហូរដូចទឹក គ្មានការពិតនៅត្រង់កន្លែងណាមួយទេ។ ពិតណាស់ថា ភាពតានតឹងហាក់ដូចជាបានឡើងដល់កំពូលនៅឧបទ្វីបកូរ៉េ តំាងពីកូរ៉េខាងជើងបានបាញ់សាកល្បងគ្រាប់រ៉ូកែតក្នុងខែធ្នូ ឆ្នំា ២០១២កន្លងទៅ និងការសាកល្បងនុយក្លេអ៊ែរលើកទី៣ប្រកបដោយជោគជ័យកាលពីខែកុម្ភៈ ពិសេសក្នុងពេលដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកំពុងធ្វើសមយុទ្ធរួមគ្នានៅពេលនេះ។ សមយុទ្ធដែលគ្រោងនឹងបិទបញ្ចប់នៅដំណាច់ខែមេសានេះ។
តើកូរ៉េខាងជើងពិតជាត្រៀមខ្លួនដើម្បីបញ្ឆេះសង្រ្គាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េមែន ឬយ៉ាងណា ?។ នេះជាសំណួរមួយដែលនៅមិនទាន់មានចម្លើយជាក់ច្បាស់ទេ។ អ្វីដែលច្បាស់ ទំាងអាមេរិក និងជប៉ុនហាក់ដូចជាមិនបានមើលស្រាលចំពោះការគំរាមកំហែងរបស់កូរ៉េខាងជើងទេ។ នៅថ្ងៃនេះ និងដើម្បីប្រឆំាងទប់នឹងគ្រាប់មីស៊ីលកូរ៉េខាងជើងជាយថាហេតុ ជប៉ុនបានដាក់ពង្រាយគ្រាប់មីស៊ីល Patriot នៅប៉ែកកណ្តាលទីក្រុងតូក្យូ និងគ្រោងដំឡើងប្រព័ន្ធខែលមីស៊ីលប្រឆំាងមីស៊ីលនៅកោះអូគីណាវ៉ាស្ថិតប៉ែកខាងត្បូងប្រទេស។
ទាក់ទងនឹងការបិទច្រកចេញ ចូលជាបណ្តោះអាសន្នតំបន់ឧស្សាហកម្ម Kaesong និងការគំរាមជម្លៀសបុគ្គលិក កម្មករកូរ៉េខាងជើងចេញពីតំបន់នោះពីសំណាក់ក្រុងព្យុងយ៉ាង ត្រូវបានលោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង Park Geun-Hye ថ្លែងបញ្ជាក់នៅថ្ងៃនេះថា លោកស្រីមានការសោកស្តាយយ៉ាងខ្លំាង។ ចំណែកលោករដ្ឋមន្ត្រីបង្រួបបង្រួមកូរ៉េវិញបានអះអាងថា រដ្ឋាភិបាលក្រុងសេអ៊ូលនឹងធ្វើអ្វីៗគ្រប់បែបយ៉ាងទំាងអស់ដើម្បីធានាសុវត្ថិភាព និងសន្តិសុខប្រជាពលរដ្ឋកូរ៉េខាងត្បូងដែលកំពុងធ្វើការនៅក្នុងតំបន់ឧស្សាហកម្ម Kaesong នោះ ព្រមទំាងក្រុមហ៊ុន រោងចក្រសហគ្រាសដែលជាកម្មសិទ្ធិរបស់ពលរដ្ឋកូរ៉េខាងត្បូងផងដែរ៕
ដោយឡែចព័ឥមានដែលកំពុងចាប់អារម្មណ៏មួយទៀតនោះ៖ អីនោះកាន់តែវឹកវរហើយ កូរ៉េខាងជើង សេអ៊ូល និងវ៉ាស៊ីនតោនដំឡើងកំរិតអាសន្ន ប៉េកាំងបិទច្រកព្រំដែន
កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានដំឡើងកំរិតត្រៀមអាសន្ន មួយកាំទៀត ដើម្បីប្រឈមនឹង “ការគំរាមដល់អាយុជីវិត” ពីសំណាក់កូរ៉េខាងជើង ដែលទំនងជានឹងអាចធ្វើការសាកល្បងមីស៊ីល នៅម្តុំពាក់កណ្តាលខែមេសានេះ។ ការសាកល្បងមីស៊ីល ទោះមួយក្តី ឬច្រើនក្តី សុទ្ធតែអាចរុញច្រានឧបទ្វីបឱ្យធ្លាក់ក្នុងស្ថានភាពមិនអាចគ្រប់គ្រងបាន។
ចំណែកខាងភាគីចិនសម្ព័ន្ធមិត្តតែមួយគត់របស់ព្យុងយ៉ាងវិញ បានប្រកាសបិទប៉ុស្តិ៍ព្រំដែនជាមួយកូរ៉េខាងជើងមិនឱ្យទេសចរចូលទស្សនា។
ទីបញ្ជាការយោធាកូរ៉េខាងត្បូង និងអាមេរិក បានសម្រេចរួមគ្នា បង្កើនការត្រួតពិនិត្យនិងតាមដាន ក្នុងត្រៀមអាសន្នដំណាក់កាលទីពីរ ពោលគឺមួយកាំមុនដល់កំរិតអាសន្នធ្វើសង្គ្រាម។
ចំណែកឯជប៉ុនវិញ ក៏បានប្រកាសអាសន្នដែរ នៅថ្ងៃពុធនេះ ត្រៀមចាំចាប់រាល់មីស៊ីល ដែលគំរាមកំហែងសុវត្ថិភាពជាតិ។ ម្សិលមិញ តូក្យូបានដំឡើងប្រព័ន្ធខែលការពារមីស៊ីលPatriot នៅកណ្តាល និងជុំវិញក្រុងតូក្យូ។ ប្រព័ន្ធខែលចាប់មីស៊ីលក៏នឹងត្រូវដាក់ដំឡើងផងដែរនៅកោះអូគីណាវ៉ា ដែលមានមូលដ្ឋានទ័ពអាមេរិកតាំងនៅ។
អង្គការសហប្រជាជាតិ តាមរយៈលោកអគ្គលេខាធិការ បានគីម៉ូន ពីទីក្រុងរ៉ូម ប្រទេសអ៊ីតាលី បានសម្តែងការព្រួយបារម្ភ និងប្រកាសអំពាវនាវសុំឱ្យមានការបន្ធូរបន្ថយសម្ពាធ ព្រោះស្ថានការណ៍ពេលនេះមានលក្ខណៈគ្រោះថា្នក់ជាងពេលណាៗទាំងអស់។
ប្រភពព័ត៌មានយោធាកូរ៉េខាងត្បូង បានឱ្យដឹងថាកូរ៉េខាងជើងត្រៀមស្រេចបាច់ អាចនឹងធ្វើការបាញ់សាកល្បងមីស៊ីល ឬនុយក្លេអ៊ែរ នៅរវាងថ្ងៃទី ១៥មេសា ថ្ងៃកំណើត លោក គីម អ៊ីលស៊ុង បិតាបង្កើតបក្សកុម្មុយនិស្តកូរ៉េខាងជើង។ ហើយបើគេជឿលើពាក្យគំរាមកំហែងរបស់ព្យុងយ៉ាង ចាប់ពីថ្ងៃនេះតទៅ កូរ៉េខាងជើងលែងធានាសុវត្ថិភាពដល់ជនបរទេសទៀតហើយ។ ពេលនេះ ទាំងកូរ៉េខាងត្បូង ទាំងសហរដ្ឋអាមេរិក កំពុងតែចោទសួរថាតើអ្វីទៅជាចេតនាពិតរបស់ប្រមុខដឹកនាំរបបកុម្មុយនិស្តព្យុងយ៉ាង គីម ជុងអ៊ុន ដែលទំនងជាមានអាយុមិនទាន់៣០ឆ្នាំផងនោះ។
ទន្ទឹមនឹងការប្រើមធ្យោបាយក្តៅ កូរ៉េខាងត្បូងក៏បានស្នើសុំទៅប្រទេសចិន សម្ព័ន្ធមិត្តដ៏មានឥទ្ធិពលតែមួយគត់របស់ព្យុងយ៉ាង ឱ្យជួយធ្វើអន្តរាគមន៍ ទៅបញ្ចុះបញ្ចូលមេដឹកនាំកូរ៉េខាងជើងឱ្យប្តូរឥរិយាបថ។ តែចិនខ្លួនឯង បានប្រកាសបិទច្រកព្រំដែន Dandong ដ៏សំខាន់មួយជាមួយកូរ៉េខាងជើង ចាប់ពី នៅថ្ងៃពុធនេះទៅ ដោយគ្មានពេលកំណត់។ តំណាងការិយាល័យទេសចរណ៍ចិនសុំមិនបញ្ចេញឈ្មោះ យល់ថាជាការចង់បានរបស់កូរ៉េខាងជើង ប៉ុន្តែក្រុមអ្នកជំនួញ ឬវិនិយោគធំៗនៅតែអាចចេញចូលបានដោយសេរីដដែល។
ចិនមានព្រំដែនរួមជាមួយកូរ៉េខាងជើង ប្រវែង ១៤១៥គីឡូម៉ែត្រ មានសកម្មភាពពាណិជ្ជកម្មរួមគ្នាយ៉ាងខ្លាំងនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែនៅថ្ងៃនេះ ប្រឈមមុខនឹងភាពតានតឹងក្នុងតំបន់ និងការផ្គើនរបស់ព្យុងយ៉ាង ប៉េកាំងបានប្រកាសកាត់បន្ថយការផ្តោះប្តូរពាណិជ្ជកម្មជាមួយកូរ៉េខាងជើង។ បើតាមសេចក្តីប្រកាសគយនៅថ្ងៃនេះ សកម្មភាពពាណិជ្ជកម្មចិន-កូរ៉េខាងជើងមានត្រឹមតែ០,១% នេះពាណិជ្ជកម្មនាំចេញចិន នៅត្រីមាសទីមួយឆ្នាំ២០១៣ ពោលគឺថយចុះ៧,២% គិតសម្រាប់រយៈពេលមួយឆ្នាំ៕
ដោយឡែចព័ឥមានដែលកំពុងចាប់អារម្មណ៏មួយទៀតនោះ៖ អាមេរិកបានព្រមានកូរ៉េខាងជើងឲ្យឈប់លេងជាមួយភ្លើងទៀតប្រយ័ត្ន…
បណ្តាញសារព័ត៌មានជប៉ុនបានផ្សាយឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍នេះ មីស៊ីលពី១ដើម ទៅ២ដើម ត្រូវបានកូរ៉េខាងជើងដំឡើងរួចជាស្រេច ដែលអាចបាញ់ចេញបាននៅគ្រប់ពេល។ ចំណែកសហរដ្ឋអាមេរិកវិញបានព្រមានឲ្យកូរ៉េខាងជើងឈប់លេងជាមួយភ្លើង ហើយបញ្ឈប់គម្រោងបាញ់សាកល្បងមីស៊ីលរបស់ខ្លួន ដែលជាការរំលោភទៅលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.។
“ជាមួយនឹងពាក្យសម្តីគំរាមកំហែងបើកធ្វើសង្រ្គាម កូរ៉េខាងជើងកំពុងតែប្រលែងលេងជាមួយនឹងភ្លើង” នេះគឺជាការអះអាងរបស់លោកឆាក់ ហេហ្កិល (Chuck Hagel) រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក កាលពីថ្ងៃពុធម្សិលមិញ។ លោកហេហ្កិលក៏បានបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិកបានប្រុងប្រៀបខ្លួនរួចជាស្រេច ដើម្បីចាំទប់ទល់នឹងរាល់សកម្មភាព ដែលកូរ៉េខាងជើងអាចនឹងធ្វើជាយថាហេតុ។
គួររំឭកឡើងវិញថា កាលពីសប្តាហ៍កន្លងទៅនេះ កូរ៉េខាងជើងបានចល័តមីស៊ីលជាច្រើនដើម ទៅកាន់ឆ្នេរសមុទ្រប៉ែកខាងកើតរបស់ខ្លួន បើទោះបីជាមានការព្រមានពីសំណាក់ប្រទេសចិន ដែលជាសម្ព័ន្ធមិត្តក៏ដោយ។ មីស៊ីល ដែលកូរ៉េខាងជើងចល័តទៅកាន់ឆ្នេរសមុទ្រប៉ែកខាងកើតនេះ គឺជាប្រភេទមីស៊ីលរយៈចម្ងាយមធ្យម ឈ្មោះ មូស៊ូដាន (Musudan) ដែលអាចបាញ់បានចម្ងាយប្រមាណពី ៣ពាន់ ទៅ៤ពាន់គីឡូម៉ែត្រ ពោលគឺ អាចបាញ់ទៅដល់ទឹកដីជប៉ុន និងកោះ Guam របស់អាមេរិក។ ក៏ប៉ុន្តែ មីស៊ីលប្រភេទនេះ កូរ៉េខាងជើងមិនទាន់ដែលបានបាញ់សាកល្បងឲ្យបានជោគជ័យនៅឡើយទេ។
នៅថ្ងៃព្រហស្បតិ៍នេះ បណ្តាញសារព័ត៌មានជប៉ុនបានចុះផ្សាយ ដោយដកស្រង់ប្រភពពីក្រសួងការពារជាតិជប៉ុនថា មីស៊ីលមូស៊ូដាន ពី១ដើម ទៅ២ដើម ត្រូវបានកូរ៉េខាងជើងដំឡើងរួចជាស្រេច ដែលអាចបាញ់បាននៅគ្រប់ពេលវេលា ក៏ប៉ុន្តែ គេមិនទាន់អាចដឹងឲ្យប្រាកដថា កូរ៉េខាងជើងពិតជាគ្រោងបាញ់មីស៊ីលនេះមែន ឬក៏យ៉ាងណានោះទេ។
ទោះជាយ៉ាងណា ជប៉ុន ក៏ដូចជា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកសុទ្ធតែបានបង្កើនកម្រិតភាពអាសន្នដល់កងទ័ពរបស់ខ្លួន តាំងពីថ្ងៃពុធម្សិលមិញមក ដើម្បីត្រៀមទប់ទល់នឹងសកម្មភាពជាយថាហេតុណាមួយ ពីខាងកូរ៉េខាងជើង។
ក៏ប៉ុន្តែ មេបញ្ជាការកងទ័ពអាមេរិកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបានប្រកាសឲ្យដឹងថា អាមេរិកនឹងបាញ់ទម្លាក់មីស៊ីលរបស់កូរ៉េខាងជើង តែក្នុងករណី ដែលមើលទៅឃើញថា មីស៊ីលនេះអាចជាការគំរាមកំហែងទៅដល់ទឹកដីអាមេរិក កូរ៉េខាងត្បូង ឬជប៉ុនតែប៉ុណ្ណោះ។ ការថ្លែងបែបនេះ គឺដើម្បីបញ្ជាក់ថា ប្រសិនបើអាមេរិកមើលទៅឃើញច្បាស់ថា មីស៊ីលរបស់កូរ៉េខាងជើងបាញ់ចេញ សំដៅ ទៅទីលំហសមុទ្រឆ្ងាយពីទឹកដីរបស់ខ្លួន ឬទឹកដីសម្ព័ន្ធមិត្តរបស់ខ្លួននោះ អាមេរិកនឹងមិនបាញ់ទម្លាក់មីស៊ីលនេះទេ ដើម្បីចៀសវាងកុំឲ្យមានបញ្ហាតានតឹងកាន់តែខ្លាំងជាមួយនឹងកូរ៉េខាងជើង៕
ប្រភព៖https://the360posts.com/archives/4049















