យោងតាម សេចក្ដីបំភ្លឺចុះថ្ងៃទី៧ខែមេសាក្រសួងសុខាភិបាល បានហៅការចុះផ្សាយព័ត៌មាននេះ ជាការបំភ្លឺបោកប្រាមហាជន សរសេរគ្មានការពិត ដោយក្រសួងសុំបដិសេធទាំងស្រុង។ កន្លងមក ក្រសួងបានឲ្យក្រុមការងារចុះទៅស្រាវជ្រាវផ្ទាល់ និងជួបជាមួយគ្រូក្មេង ដែលជាស្វាមីអ្នកនាងស្វែង សុជាតា ហើយពួកគេបានយល់ព្រមបញ្ឈប់ និងដករាល់ការផ្សព្វផ្សាយព្រមទាំងបានចុះកិច្ចសន្យាជាមួយក្រសួងផងដែរ។ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បានព្រមានចាត់វិធានការទៅតាមច្បាប់ជាធរមាន រាល់ឱសថណាដែលមិនមានមូលដ្ឋានបច្ចេកទេសត្រឹមត្រូវក្នុងការផលិត។
ក្នុងនោះ ក្រសួងបានអំពាវនាវ ឲ្យប្រជាជនទាំងអស់ ស្វែងរកការព្យាបាល ជាមួយគ្រូពេទ្យដែលមានជំនាញ និងមានការបណ្ដុះបណ្ដាលត្រឹមត្រូវ តាមមូលឋានសុខាភិបាល។សូមបញ្ជាក់ថា កន្លងមកក្រសួងសុខាភិបាល ធ្លាប់បានធ្វើការបដិសេធ និងធ្វើសេចក្ដីជូនព័ត៌មានម្ដងរួចមកហើយ បន្ទាប់ពីមានព័ត៌មានចុះផ្សាយថា «ស្វែង សុជាតា លក់ថ្នាំផ្ដាច់គ្រឿងញៀន ផ្សំដោយប្ដីក្មេងជាគ្រូឱសថ» ផ្សំឡើងដោយរុក្ខជាតិដុះនៅតាមព្រៃភ្នំនោះ៕
ប្រភព៖ khmer Daily




