មិនដែលបានឃើញប្អូនតែងខ្លួន
អ៊ីចឹងចេះតែចង់ថតទុកមើល! ខ្ញុំធ្លាប់គិតថា
កូនក្រមុំក្នុងថ្ងៃរៀបការ ផាត់ម្សៅក្រាស់ៗ មើលទៅកាចណាស់
តែមុខប្អូនខ្ញុំនៅតែស្លូតដដែល។
បើរាប់ត្រឹមត្រូវ នាងមិនទាន់គ្រប់១៦ឆ្នាំទេ។
នាងគឺជាប្អូនជីដូនមួយដ៏តូចរបស់ខ្ញុំ
ទៅរៀនសុខៗក៏មានគេចូលដណ្ដឹង ហើយក៏រៀបការ… កន្និកា ស្មោះត្រង់ណាស់
ជាក្មេងមិនដែលស្គាល់អីហៅថាសង្សារទេ
ក៏នៅចូលចិត្តលេងល្បែងកូនក្មេង
អាចនិយាយថាអត់ទាន់ដឹងខ្យល់អីទេ
ម្ហូបមួយមុខក៏មិនទាន់ចេះធ្វើដែរ។ ចាស់ៗប្រាប់ខ្ញុំថា
ពេលគេចូលដណ្ដឹង អ៊ីខ្ញុំប្រាប់ខាងប្រុសថា កូនគាត់នៅក្មេងពេក
អត់ទាន់ចេះធ្វើការងារផ្ទះផង តែខាងប្រុសតបថា
គេមិនមែនដណ្ដឹងយកទៅឱ្យធ្វើការនោះទេ
រួចគាត់ក៏សួរចិត្តកូនស្រីគាត់
ហើយប្អូនស្រីខ្ញុំបែរជាអត់ប្រកែក ទើបគ្រប់គ្នាយល់ថា
គឺជាគូព្រេងរបស់នាង។ ខ្ញុំហួសចិត្តបន្តិច
តែក៏គិតថាប្រហែលដូចចាស់ៗគិតហើយ។ចាំបានកាលខ្ញុំទៅស្រុកលើកមុន គូដណ្ដឹងបានទិញក្រវិលផ្ញើ តែប្អូនខ្ញុំធ្វើធម្មតា ដូចអត់ចង់ទទួលយកទេ ហើយគេមិនដែលសម្លឹងមុខគូដណ្ដឹងគេទេ តែក៏មិនមែនអៀនអីដែរ គឺចរិតកូនហ្នឹងធម្មតាៗ បើចាស់ៗប្រាប់ថា គូដណ្ដឹងមកលេង ឱ្យចេញទៅទទួល នាងក៏ទៅអង្គុយឱ្យគេមើលមុខ រួចចូលក្នុងវិញធ្វើមិនដឹង។ មែនហើយ! តាំងពីតូចមកកូននេះមិនមែនជាមនុស្សលោភលន់ទេ ហើយចិត្តល្អ ពូកែអាណិតគេ។ នឹកឃើញកាលពីប៉ុន្មានឆ្នាំមុន ពួកយើងមកលេងបុណ្យអ៊ុំទូកនៅភ្នំពេញជាមួយគ្នា ពីរនាក់បងប្អូនគឺជាអ្នកស្រែចូលក្រុង ភ្លើៗដូចគ្នាហ្មង… ហ៊ើយ! ដេកនៅផ្ទះបងប្អូនក្បែរវិមានឯករាជ្យ ហើយខ្ញុំចង់នាំប្អូនទៅលេងផ្សារសូរិយា ក៏បបួលគ្នាដើរទៅ ព្រោះគ្មានលុយជិះម៉ូតូឌុប តែដើរៗឃើញស៊ីក្លូក៏នឹកចង់ជិះ រួចក៏ជួបតាធាក់ស៊ីក្លូម្នាក់ចិត្តល្អ ប្រាប់ពួកខ្ញុំថាឱ្យប៉ុន្មានក៏បានដែរ ចាំតាជូនទៅដល់ផ្សារដើរលេងឱ្យសប្បាយនឹងគេ។ លុះទៅដល់ផ្សារ ពួកយើងជូនលុយតាស៊ីក្លូដៃពីរ ហើយអរគុណគាត់ ដែលលុយនោះគឺច្រើនតាមលទ្ធភាព ព្រោះពីរនាក់យើងឃើញគាត់ប្រឹងធាក់ នឹកអាណិតគាត់ខ្លោចចិត្តទៅហើយ។ បន្ទាប់ពីចូលផ្សាររួច ពួកយើងក៏ដើរទៅលេងមាត់ទន្លេ… នឹកឡើងអាណិតប្អូនណាស់ខ្ញុំ ដើរជាមួយខ្ញុំឡើងហើមជើងក៏មិនរអ៊ូមួយម៉ាត់ អត់អីញ៉ាំក៏មិនខ្វល់ ឱ្យតែបានមើលបុណ្យអ៊ុំទូក។ អត់ចាំថា ពួកយើងមានលុយប៉ុន្មានឡើយ គ្រាន់តែចាំថា ពួកយើងមិនហ៊ានទិញអីញ៉ាំទេ ចាំថាញ៉ាំទឹកកកព្រិលម្នាក់មួយកែវ តែក៏ឆ្ងាញ់ និងដើរលេងបានសប្បាយណាស់។ ពេលនេះកូនក្មេងម្នាក់នោះបានរៀបការហើយ។
ជូនពរប្អូនឱ្យជួបតែសុភមង្គលក្នុងជីវិត!
ប្រភព៖ sokchanphal



