តើការចងអំបោះពណ៌ស ឬក្រហម នៅក្នុងប្រពៃណីខ្មែរ មានអត្ថន័យយ៉ាងណា
*១/ អំពីការចងអំបោះក្រហម ឬកន្សែងក្រហម៖*
នៅសម័យមុនព្រហ្មញ្ញសាសនានិងពុទ្ធសាសនាលាតឥទ្ធិពលមកលើប្រទេសខ្មែរ ពលរដ្ឋ
នៅទឹកដីឥណ្ឌូចិន ប្រកាន់យក ជំនឿមួយហៅថា ជំនឿវិញ្ញាណនិយម ឬជំនឿអារក្សអ្នក
តា (Animism)គឺការមានជំនឿ លើវិញ្ញាណក្ខន្ធ សក្ដិសិទ្ធិ រក្សាទឹកដីព្រៃភ្នំនិង
ជីវិតមនុស្សសត្វ។ នៅក្នុងជំនឿនេះ គ្មានព្រះអាទិទេព ឬព្រះពុទ្ធទេ មានតែ
វិញ្ញាណក្ខន្ធ សក្ដិសិទ្ធិ រក្សាលោក ដូចជា អ្នកតា (អ្នករក្សាព្រៃភ្នំនិងសត្វ ដែល
រស់នៅអាស្រ័យព្រៃភ្នំ ជាជម្រក) អារក្ស (អ្នករក្សាទឹក និងសត្វ ដែលរស់នៅ
អាស្រ័យទឹក ជាជម្រក) មេមត់ (អ្នករក្សាវិន័យ និងរបៀបរៀបរយ ប្រចាំមណ្ឌលរស់នៅ)
ព្រះភូមិ (អ្នករក្សាដីភូមិ ចម្ការដំណាំ) ជំនាងផ្ទះ (អ្នករក្សាការពារ លំនៅស្ថាន
) ម្រេញគង្វាល (អ្នករក្សាកុមារ និងជនដែល មិនអាច ជួយខ្លួនឯងបាន ដូចជា
អ្នកពិការ និងចាស់ជរា) ជាដើម។ ចំណែកវិញ្ញាណ ដែលបំផ្លាញលោក មាន មេធ្មប់
(ជាយមរាជ ឬជាស្ដេចនៃព្រលឹងសាមាន្យ ទាំងឡាយ) ព្រាយ អាប(ដែលជាសេនា
ទាំងឡាយ របស់មេធ្មប់ ដែលមេធ្មប់ អាចបញ្ជាបានគ្រប់ពេល)។ ក្រោយមក បន្ទាប់ពី
មាន ការឆ្លងវប្បធម៌ ពីប្រទេសឥណ្ឌា ខ្មែរបានទទួលឥទ្ធិពល បន្ថែមទៀត ពីជំនឿ
ថា មានយក្ស មានបិសាច នៅក្នុងជំនឿ វិញ្ញាណនិយមនេះដែរ។
នៅក្នុងជំនឿ វិញ្ញាណនិយម នេះ អ្នកស្រុកនិយម ប្រើពណ៌ក្រហម ជាតំណាង ឫទ្ធិអំណាច
រាសី ឬជាមន្តអាគម រក្សាឫទ្ធិអំណាច ឬរាសី។ ឧទាហរណ៍ អ្នកតាក្រហមក មានន័យ
ថា អ្នកតាដែលមាន កន្សែងក្រហម រុំជាប់នៅលើ ក ជាកន្សែង ដែលមានចារយ័ន្ត
ជាភាសាមន្តអាគម រក្សាឫទ្ធិអំណាច និងរាសី របស់ពលរដ្ឋដែលប្រកាន់អំពើល្អ។
ប្រពៃណីនៃការចារយ័ន្ត នៅលើ កន្សែងក្រហមនេះ មាននៅសេសសល់ រហូតដល់សព្វ
ថ្ងៃ ដូចជាការចារយ័ន្ត លើក្រណាត់សំពត់ក្រហម ដើម្បីដាក់តាំង នៅលើជញ្ជាំងផ្ទះ
សម្រាប់ការពាររាសី របស់ម្ចាស់ផ្ទះ និងអ្នកដែលរស់នៅ ក្នុងផ្ទះនោះ ឬការចារ
យ័ន្ត លើកន្សែងក្រហម ដើម្បីប្រគល់ជូន ដល់កងយុទ្ធជន ដែលត្រូវចេញ ទៅសមរភូមិ
ដើម្បីជា ការប្រសិទ្ធពរ សុំអោយ មានឫទ្ធិ មានជ័យ ពេលប្រតិបត្តិការ ការពារជាតិ
។ ជួនកាលទៀត យើងមានចារយ័ន្ត លើកន្សែង អោយអ្នកកីឡាប្រដាល់ សម្រាប់ជួត
ក្បាល ចងនៅដើមដៃ ឬចងចង្កេះ មុនពេលឡើងសៃវៀនប្រកួតម្ដងៗ។ មានកាល
ខ្លះទៀត មេមត់ ឬអ្នកចូលរូបមេមត់ ដែលជា វិញ្ញាណរក្សា វិន័យនិងសណ្ដាប់ធ្នាប់
ប្រចាំភូមិ ច្រើនជាអ្នកផ្ដល់ គំនិតអប់រំប្រដៅទូន្មាន ដល់មនុស្សដែលធ្វើខុស មនុស្ស
មានជំងឺ ដើម្បីកែ ឬព្យាបាល អោយជានា មកល្អប្រសើរ ធម្មតាមកវិញ។ យើង
ច្រើនឃើញ រូបសំណាករបស់មេមត់ មានស្លៀកក្បិនខ្មៅ (តំណាងអោយ ភាពម៉ឺងម៉ាត់) ឬ
ក្បិនក្រហម (តំណាងអោយរាសី ឬឫទ្ធិអំណាច) ពាក់អាវក្រហម បង់ក្រមាក្រហម នៅក្នុង
ខ្ទម កណ្ដាលទីធ្លាក្នុងភូមិ។
ដោយសារហេតុថា ការប្រើកន្សែង ជាបន្ទះក្រណាត់ មានផ្ទាំងធំពេក អាចអោយទើស
ទាក់ ពិបាកនឹងរក្សា ជាពិសេស ពេលធ្វើដំណើរទៅច្បាំង ឬប្រតិបត្តិការងារ មមាញឹក
ផ្សេងៗ ដើម្បីការពារស្រុកភូមិ អ្នកស្រុកខ្លះ ក៏បែកគំនិត វេញអំបោះក្រហម ចង
កាថាយ័ន្ត ចងចែកាច់ ភ្លុកដំរី ដែលគេប្រសិទ្ធីរួចហើយ ដើម្បីយកមកចងដៃ ចង
ចង្កេះ ពាក់ឆៀង ឬចងបន្តោង នៅក ជាជំនួសវិញ។ នៅក្នុងជំនឿនេះ រូបចម្លាក់
អ្នកតា មេមត់ទាំងឡាយ ច្រើនស្លៀកក្បិនពណ៌ក្រហម ហើយបង់ក ជួតក្រមា ឬស្ពាយឆៀង
ដោយកន្សែង ពណ៌ក្រហម ជានិច្ច។ ចំណែក ខ្ទមអ្នកតា ឬខ្ទមមេមត់ រមែងមាន ប្រក់
ក្បឿងក្រហម ឬមានដំបូលក្រហម ជានិច្ចដែរ។ នៅក្នុងទំនៀមទម្លាប់នេះ គេច្រើន
និយាយសំដៅ ទៅលើ អារក្សអ្នកតាព្រះភូមិ ថាជាវិញ្ញាណ តំណាងភេទបុរស គ្រប់គ្រង
ផ្នែកការពារទឹកដីស្រុកភូមិ ហើយមេមត់ និងជំនាងផ្ទះ ជាវិញ្ញាណ តំណាងភេទនារី
គ្រប់គ្រងផ្នែករក្សាកូនចៅ ខាងវិន័យសណ្ដាប់ធ្នាប់។ ចំណែកម្រេញគង្វាល ជាវិញ្ញាណ
រក្សាការពារ កុមារ ជនជរា និង ជនពិការ។ រីឯមេធ្មប់វិញ គេនិយាយសំដៅទៅ
វិញ្ញាណយាយី ច្រើនមានភេទប្រុស ប្រៀបបានទៅនឹងយមរាជ ឬយមបាល។ ខ្មោចបិសាច
ជា វិញ្ញាណយាយី មានភេទជាប្រុស។ ព្រាយនិងអាប ជាតំណាង វិញ្ញាណយាយី ជាភាវៈ
ភេទស្រី។ ជំនឿវិញ្ញាណនិយមនេះ ក៏មាននៅសេសសល់ ជាបន្តៗមក ពាសពេញប្រទេស
ខ្មែរ លាវ ថៃ ភូមា បង់ក្លាដេស ឥណ្ឌូណេស៊ី និងវៀតណាមខាងត្បូង ជាពិសេស នៅសង្គម
ដែលមាន ទំនៀមទម្លាប់ប្រពៃណី រស់នៅ បែបបុរាណនៅឡើយ។
*២/ អំពីការចងអំបោះពណ៌ស៖*
នៅពេលសាសនាព្រាហ្មណ៍ ចាប់លាតឥទ្ធិពល មកដល់ប្រទេសខ្មែរ តាមរយៈអនុភាព នៃ
ព្រះចៅគ្រប់គ្រងផែនដី ពលរដ្ឋយើង បានកត់សំគាល់ ឃើញថា ពពួកព្រាហ្មណ៍ កាន់
កិច្ចការរាជវាំង អមមហាក្សត្រ ប្រចាំនគរ សុទ្ធតែ ស្លៀកពាក់ ពណ៌ស ឈ្នួតក៏មាន
ពណ៌ស កន្សែងពានា ក៏ពណ៌ស ជាតំណាងពណ៌បរិសុទ្ធ និងភាពស្មោះត្រង់ ចំពោះព្រះ
ម៉្យាងទៀត ក៏ជាតំណាង ឋានន្តរសក្ដិប្រសើរខ្ពស់ខ្ពស់ នៅក្នុងប្រទេសដែរ។ នៅក្នុង
ជំនឿព្រហ្មញ្ញសាសនានេះ គេប្រារព្ធកំណើតរបស់មនុស្ស ដោយប្រើក្រណាត់ស រុំទារក
នៅពេលប្រសូតឡើងភ្លាម រួចហើយគេធ្វើពិធីប្រសិទ្ធី ដោយផ្ដិតម្សៅស មួយតំណក់ នៅ
លើថ្ងាសទារក ចន្លោះចិញ្ចើមទាំងគូ ជាតំណាង តំណក់ជីវិតមួយ ឬតំណក់ទឹកអម្រិត ដែល
ប្រទានមកពីព្រះសិវៈ គីព្រះបង្កើតលោក។ នៅក្នុង ព្រហ្មញ្ញសាសនា ខ្មែរយើងមាន
ជំនឿ ទៅលើ ព្រះសិវៈ គឺព្រះដែលបង្កកំណើត មានព្រះឥសូរ ជាតំណាងភាវៈជា
ឪពុក គ្រប់គ្រងលោក (សំដៅទៅលើក្រុមគ្រួសារ) និងព្រះនារាយណ៍ ជាតំណាងភាវៈជា
ម្ដាយ ដែលច្រើនមានរូបចម្លាក់ មានស្នាមញញឹម ស្រស់ស្អាត មានដៃ៨កាន់
គ្រឿងសាស្ត្រាវុធ ឈរជាន់ទារក ក្នុងអត្ថន័យថា ម្ដាយរក្សាកូន ក្រោមអាណាព្យាបាល
របស់ខ្លួន ដោយធ្វើការមមាញឹក ដូចមានដៃ៨ដូច្នោះឯង សម្រាប់រក្សាថែថួនកូនដែល
នៅក្រោមអាណាព្យាបាលរបស់ខ្លួន អោយបានទទួល ការរស់នៅសុខសប្បាយ។ នៅក្នុង
សាសនានេះ ខ្មែរយើងជំនាន់បុរាណ បានយកថ្មឆ្លាក់ រូបលិង្គឥសូរ ឆ្លាក់បញ្ឈរ ពី
លើយោនី ដែលឆ្លាក់ជារាងត្បាល់កិនម្សៅ ត្រងពីក្រោម ជាតំណាង ការរួមភេទ
រវាងបុរសនិងស្ត្រី ដើម្បីបង្កកំណើតជីវិត ហើយយើងក៏មានជំនឿទៅលើ សភាវៈបួនមុខ
ទៀត គឺ ដី ទឹក ភ្លើង ខ្យល់ (ព្រះធរណី ព្រះគង្គា ព្រះអគ្គី ព្រះវាតា) ដែល
ជាសភាវៈសម្រាប់បម្រើទ្រទ្រង់ជីវិតមនុស្ស នៅលើលោក។
លុះដល់ពេល មនុស្សប្រុសស្រី មានគូស្រករ គេច្រើនប្រសិទ្ធី ដោយប្រើម្សៅពណ៌ស បី
តំណក់ ផ្ដិតទៅលើថ្ងាស កូនកំលោះនិងកូនក្រមុំ ជាសញ្ញាតំណាងក្រុមគ្រួសារ ដែលមាន
មុំបីជ្រុង គឺឪពុក ម្ដាយ និងកូន គឺមានន័យថា គេបានទទួល ពរប្រសិទ្ធីពីព្រះ
យ៉ាងប្រសើរ ដើម្បីរៀបចំខ្លួនទទួលនាទី ជាប្តីប្រពន្ធ និងជាឪពុកម្ដាយ ពេញសម្រុង
ហើយ។ នៅពេលមនុស្សស្លាប់ លាចាកលោកទៅវិញ គេធ្វើពិធីប្រសិទ្ធីលាសព យ៉ាង
ពិសេសមួយ ដោយយកម្សៅស មកផ្ដិតគូរ ជាឆ្នូតវែងៗ តាមបណ្ដោយថ្ងាសរបស់សព
ហើយយកក្រណាត់ស មកគ្រប រុំសពមនុស្ស ជាតំណាងពរប្រសិទ្ធី លាងបាបកម្ម ទាំងឡាយ
ដែលខ្លួនគេបានធ្វើ កាលពីនៅរស់ (Purifying the soul) ដើម្បីបញ្ជូនវិញ្ញាណ
របស់សពនោះ អោយធ្វើដំណើរទៅឋានសួគ៌ ដោយសេចក្ដីស្ងប់សុខ។ នៅក្នុងជំនឿនេះ
ព្រាហ្មណ៍ ឬអាចារ្យ ជាអ្នកបួស និយមស្លៀកស ពាក់ស ពានាក្រមាស តែមិនកោរ
សក់ទេ។ ម៉្យាងទៀត ដើម្បីបង្ហាញនូវកម្រិត ឋានន្តរសក្ដិរបស់អ្នកផ្នួសនីមួយៗ នៅ
ក្នុងជួរសាសនា ពពួកព្រាហ្មណ៍ទាំងនេះ ច្រើនផ្ដិតម្សៅក្រហមបន្តក់ នៅលើប្រជុំចិញ្ចើម
ឬគូរឆ្នូតម្សៅស ម្សៅក្រហម នៅលើថ្ងាស ជាស្នាមវែងៗ តាមបណ្ដោយថ្ងាស។
មានកាលខ្លះទៀត គេសាក់ គោរមងារ នៅលើដើមដៃ ក្បែរស្មា ឬនៅលើខ្នងជិត
កញ្ចឹងក ឬនៅលើខ្នងដៃ ដើម្បីជាការកត់សំគាល់វណ្ណៈ របស់ព្រាហ្មណ៍ នៅក្នុងជួរ
សាសនា។
លុះជំនឿនេះ បានចូលមកប្រឡូក ឥទ្ធិពល ជាមួយនឹងជំនឿវិញ្ញាណនិយម ដែលមាននៅលើ
ទឹកដីខ្មែរយូរមកហើយ នោះទើបបានជាយើងឃើញមាន ការត្រងទទួលយកប្រពៃណី
នៃការស្លៀកពាក់ពណ៌ស ចងអំបោះស ចារយ័ន្តលើក្រណាត់ស ការសាក់យ័ន្តលើស្បែក
មនុស្ស លាយឡំគ្នា កាន់តែច្រើនឡើងៗ ដោយមិនដឹងថា ពណ៌មួយណា សំខាន់ជាងមួយ
ណា។ ខ្លះមានគំនិតប្រកាន់ថា ពណ៌ស ជាពណ៌ប្រសើរ ជាងពណ៌ក្រហម ព្រោះជាពណ៌
ដែលស្ដេចគ្រប់គ្រងផែនដី គោរពលើកតម្កើងជាងគេ។ ខ្លះទៀតថា ពណ៌ក្រហម ជា
មន្តអាគម ពិតប្រាកដ ហើយសក្ដិសិទ្ធិជាង ព្រោះជាតំណាងរាសី និងអំណាច មិនដូចពណ៌
ស ដែលទន់ភ្លន់បរិសុទ្ធ ក្នុងធម៌ព្រះ ដោយគ្មានអំណាចតវ៉ាបាន។ ចំណែកប្រពៃណីបន្តក់
ម្សៅស នៅប្រជុំចិញ្ចើម មាននៅសល់នៅក្នុងប្រទេសថៃ និងប្រទេសលាវ តែពុំសូវ
ឃើញមាន នៅក្នុងប្រទេសខ្មែរបច្ចុប្បន្ន នេះទៀតទេ។
*៣/ អំពីកថាមាសនិងបន្តោងព្រះ៖*
ក្រោយមកទៀត ព្រះពុទ្ធសាសនា បានធ្វើដំណើរមកដល់ ប្រទេសខ្មែរ ក្នុងយុគ សម័យ
អង្គរ ពេលប្រទេសខ្មែរ ចាប់ផ្ដើម រុងរឿង មានសន្តិភាព។ ពលរដ្ឋយើង បានយល់
ឃើញថា ពណ៌មាស (ពណ៌ស្បង់ចីពរ) ជាពណ៌ដ៏ប្រសើរ នៅក្នុង ព្រះពុទ្ធសាសនា ព្រោះ
ជាតំណាងភាពភ្លឺត្រចះពណ្ណរាយ ដោយសីលធម៌ គុណធម៌ ភ្លឺចិញ្ចាច និងវិន័យដ៏តឹងរ៉ឹង
មោះមុត។ ថ្វីបើព្រះពុទ្ធសាសនាបានប្រដៅអប់រំអោយមនុស្ស មានជំនឿលើខ្លួនឯង ពឹង
លើសមត្ថភាពរបស់ខ្លួនឯង ប្រឹងប្រែងជួយខ្លួនឯង មិនអោយពឹងផ្អែក ទៅលើអរូបីជំនឿ
ខ្លាំងពេកក៏ដោយ ក៏ពលរដ្ឋខ្មែរជាច្រើន នៅតែមានការភ័ន្តច្រឡំ ច្របូកច្របល់
នូវព្រំដែននិងឥទ្ធិពលនៃសាសនាទាំងបីនេះ គឺសាសនាវិញ្ញាណនិយម ព្រហ្មញ្ញសាសនា និង
ពុទ្ធសាសនា ហើយមិនដឹងថា ត្រូវគោរពមួយណា លះបង់មួយណាឡើយ។ ផ្ទុយទៅវិញ
ខ្មែរយើងបានផ្លាស់ប្ដូរទិដ្ឋិ និងទម្លាប់ខ្លះៗ ខាងផ្នែកប្រពៃណី និងជំនឿរបស់
ខ្លួន ដោយបបួលនាំគ្នាពូនសន្សំប្រាក់ ទិញមាសលឿង មាសពណ៌ស ឬទិញដុំប្រាក់ យក
មកឆ្នៃឆ្លាក់សូន្យធ្វើជាអលង្ការ ខ្សែក ខ្សែដៃ ខ្សែចង្កេះ ខ្សែសង្វារ ខ្សែ
ក្រវាត់ ដោយមានព្យួរ កថាមាស ដែលមានចារឆ្លាក់អក្សរយ័ន្តអាគម ឬចារយ័ន្ត
លើដុំមាសរួចច្នៃធ្វើជាឡេវអាវ ជាម្ជុលខ្ទាស់ខ្ទាស់ ខ្ទាស់នៅលើមួក ឬនៅលើ
អាវ ដោយមានការប្រារព្ធប្រសិទ្ធី ដើម្បីលើកតម្កើង រាសីនិងឫទ្ធិអំណាច អោយកាន់
តែថ្កុំថ្កើងរុងរឿង និងជោគជ័យ នៅគ្រប់ពេលដែលគេពាក់គ្រឿងទាំងនេះ នៅលើខ្លួន
របស់គេ។ នៅសម័យបច្ចុប្បន្ន យើងនៅតែឃើញ ពលរដ្ឋអភិជនខ្មែរ និងពលរដ្ឋសាមញ្ញ
ទូទៅជាច្រើន នៅតែនិយមពាក់ ខ្សែដៃមាស ខ្សែចង្កេះមាស ឬខ្សែក្រមាស
ចងកថាមាស និងបន្តោងព្រះ ឬគ្រឿងប្រសិទ្ធី ដែលមានពណ៌ប្រាក់ មាស ស ឬមាស
លឿង ស្ទើរគ្រប់ៗគ្នា។
ហេតុដូច្នេះហើយ ទើបបច្ចុប្បន្ននេះ យើងឃើញមាន ការយកអំបោះចងដៃ មានជា
ខ្សែពណ៌ក្រហមពណ៌ស ឬជា ខ្សែដៃមាសស មាសលឿង បន្តោងកថាយ័ន្ត ទៅតាមចំណូល
ចិត្ត និងការនិយមរៀងៗខ្លួន។ ពលរដ្ឋខ្លះទៀត ក៏រត់ធ្វើតាមគ្នាព្រោងព្រាត
ដោយមិនទាំងដឹងថា ហេតុអ្វីបានជា ពលរដ្ឋខ្លះត្រូវចងអំបោះពណ៌ស ឬក្រហម ចង
កថាមាស ឬចងឈ្នួតក្រហម លើដើមដៃ ឬលើក្បាល ទាំងឡាយនោះផង។
កំណត់សំគាល់សំខាន់មួយទៀត គឺខ្មែរយើងបាននាំគ្នាប្រមូលផ្គួប តួបីនាក់ចូលគ្នាក្នុង
រូបតែមួយ ដូចជា យករូបតួអ្នកតាក្នុងវិញ្ញាណនិយម ដែលចេះមន្តអាគម តួព្រាហ្មណ៍
ក្នុងព្រហ្មញ្ញសាសនា ដែលទុកសក់វែងចងជុក ស្លៀកសពាក់ស និងព្រះសង្ឃកោរសក់
ស្លៀកស្បង់លឿង មកផ្គួបអោយរលាយចូលគ្នា បានក្លាយជារូប លោកតាឥសីតែមួយ
អង្គ ដែលស្លៀកស្បង់ចីពរលឿង (ដូចព្រះសង្ឃ) តែទុកសក់ចងជុកនិងទុកពុកមាត់ (ដូច
ព្រាហ្មណ៍) ហើយចេះប្រើសិល្បមន្តអាគមសក្ដិសិទ្ធិ (ដូចអ្នកតា) ជាដើម។
ចំណែកមេមត់វិញ ខ្មែរយើងបច្ចុប្បន្ន ក៏បានយករូបតំណាង របស់សាសនាបី មកបូក
បញ្ចូលគ្នាដែរ គឺរូបមេមត់ មានលាបក្រែមក្រហមឆ្អៅ លើបបូរមាត់និងថ្ពាល់ ទុក
សក់វែងចងកួចទៅក្រោយ (ជាមេមត់វិញ្ញាណនិយម) តែស្លៀកស ឬបង់ក្រមា (តាម
បែបដូនជីក្នុងពុទ្ធសាសនា) ពាក់ខ្សែក ខ្សែឆៀង ឬខ្សែចង្កេះ ជាមាស មាន
បន្តោងកថាមាស ឬខ្សែដៃមានកថាមាស (ពណ៌មាសរបស់ពុទ្ធសាសនា) ហើយប្រើ
កន្សែងស ដណ្ដប់កាយមនុស្ស ពេលប្រសិទ្ធីរំដោះគ្រោះ ដំឡើងរាសី (ពណ៌សរបស់
ព្រហ្មញ្ញសាសនា)។ ចំណែកដូនមេមត់ទាំងឡាយនេះ ក៏មានប្រើទាំងអំបោះស និងអំបោះ
ក្រហម ទៅតាមកាលវេលា ដែលលោកជ្រើសរើស តាមការយល់ឃើញ របស់លោក រៀងៗ
ខ្លួន។
ចំពោះរូបព្រះភូមិវិញ នៅជំនាន់ដើម គេច្រើនសង់ជារូបឈរ មានរូបរាងជាបុរស
ឆ្មាំ ស្លៀកចងក្បិនក្រហម ជួតក្រមាក្រហម នៅក្បាល និង នៅដើមដៃ ជាស្លាកចំណាំ
ពាក់ខ្សែអំបោះ បន្តោងភ្លុក ឬចែកាច់ ក្នុងលក្ខណៈមេកន្ទ្រាញ ឈរកាន់លំពែង
និង ខែល។ គេច្រើនយករូបសំណាកនេះ ទៅដាក់ នៅមាត់ទ្វាររបង ដើម្បីការពារ
ភូមិស្រុក។ មានកាល អ្នកស្រុកគិតថា ដោយសារឆ្មាំនេះ ជាតំណាងរូបឪពុក ដែលជា
ជំហរ ការពារដីភូមិផ្ទះនៅ អោយកូនចៅក្រុមគ្រួសារ រស់សុខក្សេមក្សាន្ត ទើបអ្នក
ស្រុកអ្នកភូមិ ចំណាំសង់ខ្ទមឧបកិច្ចមួយ អោយឆ្មាំស្នាក់នៅ ហើយច្រើនដាក់តាំងនៅមុខ
ផ្ទះ ក្បែរមាត់របង ដើម្បីអោយមនុស្សទាំងឡាយ ដែលដើរកាត់ក្លោងទ្វារដីភូមិ
ត្រូវឱនក្បាលគោរពគ្រប់គ្នា។ ប៉ុន្តែ ក្រោយៗមកទៀត នៅតំបន់ខ្លះ គេសង់រូប
សំណាក មានពាក់ក្បាំងមាស ស្លៀកក្បិនសារបាប់ ពាក់ខ្សែកាថាមាស កាន់លំពែងជំនួស
វិញ ជាកិច្ចលើកតម្កើងរូបភាព អោយស្រស់ស្អាត តាមលក្ខណៈ ព្រហ្មញ្ញសាសនា។ នៅភូមិ
ខ្លះ អ្នកស្រុក រករូបសំណាក មកឧបកិច្ចមិនបាន ក៏ ដាក់តាំងជើងពានធូប សែនបាយ
និងផ្លែឈើប្រចាំថ្ងៃ ដោយពុំមានរូបសំណាកអ្វី នៅក្នុងខ្ទមនោះឡើយ។
ចំណែកនៅមុខក្លោងទ្វារវត្តវិញ គេបានបង់ក្លាយ រូបព្រះភូមិ ទៅជារូបយក្សកាន់
ដំបង ជាតំណាងបុរសឆ្មាំ ដែលមានរូបរាងនិងក្បាច់រចនា ចម្លងមកពីវប្បធម៌
ព្រហ្មញ្ញសាសនា តែគោលគំនិត សំដៅទៅលើព្រះភូមិ ការពារដីវត្ត ដែលអ្នកស្រុកបាន
ឧបកិច្ចពិធី សន្មតយកធ្វើជាទីសក្ការ មិនអោយមាននរណា រំលោភទឹកដីទីនេះ យក
ទៅធ្វើអ្វីផ្សេងទៀត។ ដោយមូលហេតុថា ព្រះភូមិ គ្រាន់តែជាវិញ្ញាណសាមញ្ញ មិន
មែនជាវិញ្ញាណអ្នកបួស ដូច្នេះនៅមានសិទ្ធិវាយសំពង អ្នកដែលរុករានទន្ទ្រានទឹក
ដីសក្ការ ទើបគេសង់រូបយក្ស តែនៅក្រៅក្លោងទ្វារ សីមាព្រះវិហារ មិនអាចសង់
អោយឈរនៅ ខាងក្នុងសីមាបានទេ។
ឧទាហរណ៍ ដែលយើងឃើញញឹកញាប់មួយទៀត គឺការសែនក្រុងពាលី ហោមរោង (សរសេរថា
ពាលី) នៅពេលមុនឡើងសម្ដែងរបាំបុរាណខ្មែរ ជាពិសេស ការសម្ដែងរឿងរាមកេរ្តិ៍
ឬនៅមុនពេល គេឡើងសៃវៀនប្រកួតប្រដាល់ ជាដើម។ ការពិត ក្រុងពាលី ជា
ឈ្មោះរបស់តួអង្គ នៅក្នុងរឿងរាមកេរ្តិ៍ ដែលជារឿងបុរាណ នៅក្នុងព្រហ្មញ្ញសាសនា
មិនមែនជាឈ្មោះ របស់អ្នកតា នៅក្នុងជំនឿវិញ្ញាណនិយមទេ។ រីឯការសែនព្រេន ជា
ទំនៀមទម្លាប់របស់អ្នកស្រុក ដែលប្រារព្ធ ជំនឿ វិញ្ញាណនិយម ដោយមានការប្រសិទ្ធី
តម្កើងរាសី តម្កល់ជោគជតា ច្រើនមានពន្លឺចន្លុះ (សម័យថ្មីគេប្រើធូបទៀន) សែន
ស្រា អាហារសាច់សត្វទាំងមូល និងផ្លែឈើជាគ្រឿងក្លែម។ ការប្រារព្ធពិធីប្រសិទ្ធី
នេះ មិនមានទំនៀមទាក់ទង ទៅនឹង ព្រះពុទ្ធសាសនាឡើយ ព្រោះមានលាយ អាការ
សាហាវ (គ្រឿងស្រវឹង) និងការសម្លាប់សែនសត្វមូល ជាគោ ជាជ្រូកព្រៃ ជាឈ្លូស
ប្រើស ជាដើម។ នៅក្នុងមតិមួយទៀតដែលថា ការសែន ក្រុងពលី (សរសេរថា ពលី
--មិនមែនពាលី-- ក្រុង មានន័យថា ជាស្តេច ឬមេកន្ទ្រាញនៃទឹកដីមួយ ពលី មាន
ន័យថា បូជា) គឺជាការប្រារព្ធពិធីបូជា សេចក្ដីគោរព ចំពោះវិញ្ញាណ ដែលបូជាពលី
ការពារស្រុកភូមិ អោយមានសុខសន្តិភាព ចាកផុតពីការយាយី ពីខ្មាំងសត្រូវទាំងឡាយ។
ប្រភព៖http://chanbokeo.com/
