គ្រាន់តែបង្ហាញប័ណ្ណក្រីក្រពេទ្យលែងយកចិត្តទុកដាក់ !!! អាណិតស្រ្តីក្រីក្រម្នាក់ស្លាប់ទាំងកូននៅក្នុងផ្ទៃ បុរសជាប្តីចោទ......

គ្រាន់តែបង្ហាញប័ណ្ណក្រីក្រពេទ្យលែងយកចិត្តទុកដាក់ !!! អាណិតស្រ្តីក្រីក្រម្នាក់ស្លាប់ទាំងកូននៅក្នុងផ្ទៃ បុរសជាប្តីចោទគ្រូពេទ្យមិនយកចិត្តទុកដាក់

 

​កណ្តាល៖ ​បុរសឈ្មោះ ទុយ ហ៊ុយ អាយុ35ឆ្នាំ ត្រូវជាប្តីស្ត្រីរងគ្រោះឈ្មោះ ផេង សុខេង អាយុ36ឆ្នាំ មានទីលំនៅភូមិពោធិមៀវ. ឃុំគគីរធំ. ស្រុកកៀនស្វាយ បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានទាំងទឹកភ្នែកថា នៅយប់ថ្ងៃទី19 ខែមេសា ប្រពន្ធរបស់គាត់បានឈឺពោះគ្រប់ខែឆ្លងទន្លេដោយមានធ្លាក់ឈាមផងគាត់ក៏ដឹកប្រពន្ធយកទៅមណ្ឌលសុខភាពឃុំគគីរធំ។


ប៉ុន្តែពេលទៅដល់ពេទ្យឃុំភ្លាម ក្រុមគ្រូពេទ្យឃើញជនរងគ្រោះធ្លាក់ឈាមកាន់តែខ្លាំងក៏ដឹកប្រពន្ធរបស់គាត់តាមរថយន្តសង្គ្រោះរបស់មណ្ឌលសុខភាពបន្តទៅមន្ទីរពេទ្យរុស្ស៊ីរាជធានីភ្នំពេញដោយមិនគិតលុយ។លុះទៅដល់មន្ទីរពេទ្យរុស្ស៊ីវេលាម៉ោងជាង12យប់ឈានចូលដល់ថ្ងៃទី20ខែមេសាក៏មានគ្រូពេទ្យជាច្រើនមកចោមរោមមើលយ៉ាងយកចិត្តទុកដាក់ដោយយកប្រពន្ធគាត់ទៅថតរយៈពេលជិតមួយម៉ោងតែពេលចេញមកវិញឈាមនៅតែធ្លាក់ច្រើនដដែល។


ពេលនោះគាត់ហុចប័ណ្ណក្រីក្រឲ្យគ្រូពេទ្យស្រាប់តែលែងសូវមានគ្រូពេទ្យមកពិនិត្យបើទោះបីប្រពន្ធគាត់ធ្វើទុក្ខមានឈាមហូរកាន់តែខ្លាំងយ៉ាងណាក៏ដោយក៏គ្មានឃើញគ្រូពេទ្យណាម្នាក់មកមើលដែរបើទោះបីគាត់ជាប្តីទៅតាមហៅក៏ពេទ្យមិនមក។


ពេលនោះប្រពន្ធរបស់គាត់បានងើបដើរដោយខ្លួនឯងចូលទៅក្នុងបន្ទប់ហើយលើកដៃសំពះគ្រូពេទ្យយ៉ាងទទូចសុំឲ្យក្រុមគ្រូពេទ្យធ្វើការវះកាត់គាត់ទៅ។ ប៉ុន្តែក្រុមគ្រូពេទ្យទាំងនោះនៅតែមិនអើពើក្នុងពិនិត្យនិងធ្វើការវះកាត់ដដែលដោយគ្រាន់តែប្រាប់ថាមិនបាច់វះកាត់ទេកើតធម្មតាបាន។

រហូតដល់វេលាម៉ោងប្រហែល4ទៀបភ្លឺថ្ងៃទី21មេសាប្រពន្ធគាត់បានធ្វើទុក្ខកាន់តែខ្លាំងរយៈពេលជាង1ម៉ោងរហូតដល់ម៉ោងជាង06ព្រឹកថ្ងៃទី21ប្រពន្ធគាត់បានដាច់ខ្យល់ស្លាប់យ៉ាងវេទនាបំផុតទាំងកូននៅក្នុងផ្ទៃម្តាយ។


គាត់បន្ដទាំងទឹកភ្នែកថា គ្រួសារគាត់ក្រីក្រណាស់សង់កូនខ្ទមរស់នៅលើដីចំណីព្រែកសាធារណៈរបស់រដ្ឋមានកូន4នាក់ទាំងកូនស្លាប់នៅក្នុងពោះម្តាយ។

ពាក់ពន្ធ័ករណីនេះដែរអ្នកយកព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោកប្រធានមន្ទីរពេទ្យរុស្ស៊ីបានទេ។ បុរសជាប្តីបានស្នើសុំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក៏ដូចជាសប្បុរសជនក្នុងនិងក្រៅប្រទេសមេត្តាជួយគាត់ផងព្រោះអីគ្រួសារគាត់ក្រីក្រណាស់កុំតែបានអ្នកស្រុកជួយជ្រុំជ្រែងគ្មានលុយធ្វើបុណ្យឲ្យសពប្រពន្ធនិងកូននោះឡើយ៕





ប្រភព៖ khmernews