គួរ​ដឹង​ពិធី​បូជាសព តើ​វា​មានន័យ​យ៉ាងណា នឹងធ្វើ​យ៉ាងម៉េច​បាន​ត្រូវ​កុំ​ឲ្យ​ខ្មោចលង ឫ​បូជា​ចំ​ថ្ងៃ​ល្អ​


១.​បូជា​ដោយ​ព្រះ​អគ្គី
២.​កប់​ទុក​ក្នុង​ព្រះធរណី
៣.​បណ្ដែត​ចោល​ក្នុង​ស្ទឹង​សក្ដិ​សិទ្ធ​
៤.​ចោល​ក្នុង​ទី​ស្មសាន​។
​ពិធី​ទាំង​៤​បែបនេះ​អ្នក​កាន់​ព្រះពុទ្ធសាសនា​ច្រើន​បូជា​ដោយ​ព្រះ​អគ្គី ដោយ​ព្រះ​បរមគ្រូ​ក៏​បូជា​ដោយ​ព្រះ​អគ្គី​ដែរ​។​ឯ​អ៊ឺរ៉ុប និង អាស៊ី​ខ្លះ​ដូចជា​ចិន​ជាដើម ច្រើន​កប់​ទុក​ក្នុង​ព្រះធរណី ដែល​គេ​ជ្រើស​រើសយក​ដី​ជ័យ​ភូមិ​(​ហុងស៊ុយ​) សម្រាប់​ផ្ដល់​សុខ​ចម្រើន​ដល់​កូនចៅ​។​ឯ​អ្នក​កាន់សាសនា​ភាគ​ខ្លះ នៅ​ឥណ្ឌា​សម័យ​មុនគេ​ច្រើន​ដាក់​ក្បូន​បណ្ដែត​ចោល​ក្នុង​ស្ទឹង​គង្គា ដែល​គេ​យល់ថា​ជា​ស្ទឹង​សក្ដិ​សិទ្ធ មានទឹក​ហូរ​ចេញ​មកពី​ព្រះ​នាង​គង្គា ដែល​ស្ថិតនៅលើ​ព្រះ​កេស​ព្រះ​ឥសូរ អាច​នាំ​ព្រលឹង​នៃ​សត្វ​ណា​ដែល​អណ្ដែត​ក្នុង​ទឹកស្ទឹង​នោះ ឲ្យ​ទៅ​កើត​នៅ​ឋានសួគ៌​បាន​។​ឯ​មនុស្ស​សម័យមុន គេ​ច្រើន​យក​មនុស្ស​ទៅ​ចោល​ក្នុងព្រៃ​ស្មសាន លើ​កំពូលភ្នំ​ឬ​ក្នុង​ជ្រោះ​ភ្នំ​ជាដើម​។

​បណ្ដា​ពិធី​ទាំង​៤​នេះ យកតែ​ពី​ឈាបនកិច្ច​មួយ​មក​និយាយ​ត្រង់​លក្ខណៈ​សំខាន់ៗ​ដែលជា​ទំនៀមទម្លាប់​របស់​បុព្វាចារ្យ​បានធ្វើ​មក ព្រោះ​ទំនៀមទម្លាប់​ខ្លះ​ប្រែ​ក្លាយទៅជា​គ្មាន​ន័យ​អស់​ទៅហើយ​។​គ្រាន់តែ​នាំគ្នា​ធ្វើៗ​ទៅដោយ​យល់ថា បើ​មិន​ធ្វើ​សព្វគ្រប់​ឈាបនកិច្ច​នោះ​មិនបាន​រុងរឿង​។
​តើ​ទំនៀមទម្លាប់​ដែល​ក្លាយទៅជា​គ្មាន​ន័យ​នោះ​មាន​អ្វីខ្លះ​? ពិធី​ឈាបនកិច្ច​នៅក្នុង​កម្ពុជា​យើង​មុននឹង​នាំ​សព​ទៅ​ឈាបនដ្ឋាន​(​ទី​បូជា​) មាន​រៀប​ជា​ក្បូន​ហែរ ក្នុង​ក្បួន​នោះ​មាន​ព្រះសង្ឃ​អភិធម្ម​មាតិកា​១ មាន​អ្នក​បម្រុង​បួសមុខភ្លើង​ម្នាក់​ដែល​គេ​បំពាក់​កម្រង​ស្បូវភ្លាំង​ឬ​ខ្សែលើ​ក្បាល​សណ្ដោង​ភ្ជាប់​មក​មឈូស​សព​១ អ្នក​ប្រាជ​លាជ​១ អ្នក​កៀស​ចិញ្ចៀន​ត្បូង​១ ហើយ​មាន​អាចារ្យ​កាន់​ទង់ព្រលឹង​ដើរ​មុខ និង​យោគី​៤​នាក់ លី​ចប ពន់​ក្អម​ដើរ​ក្រោយ ក្រៅពីនេះ​មាន​ភ្លេង​ត្រៃលក្ខណ៍​និង​អ្នក​ហែរ​ហម​តិច​ច្រើន​ទៅតាម​សមត្ថភាព​គ្រួសារ​សព​។​ល​។​ដល់​បូជា​ភ្លើង​កំពុង​ឆេះ​ពេញក្រមុំ ទើប​បំបួស​កុលបុត្រ​ម្នាក់ ដែល​បម្រុង​បួស​ហៅ​មុខ​ភ្លើង ហើយ​មាន​ទេសនា​ក្នុងពេលនោះ​ផង​ហៅថា ទេសនា​មុខ​ភ្លើង​ដែរ​។​
​លុះ​បូជា​រួចហើយ​មុននឹង​រើស​ឆ្អឹង អាចារ្យ​ធ្វើ​ពិធី​ប្រែ​រូប​សិន ទើប​រើស​ជា​ក្រោយ​។​ដែលថា​ក្លាយទៅជា​គ្មាន​ន័យ​នោះ ចំពោះ​ជន​ភាគច្រើន​ដែល​ពេញចិត្ត​ធ្វើ​ពិធី​ទាំងឡាយ គឺមាន​ប្រាយលាជ​ជាដើម​នោះ ហើយ​មិនដឹងថា​នៅក្នុង​ពិធី​មួយៗ​មានន័យ​យ៉ាងដូចម្ដេច គេ​ធ្វើ​ដើម្បី​អ្វី​? ការធ្វើ​ហើយ​មិនដឹង​អត្ថន័យ​ដូច្នេះ អន់​ជាង​អ្នក​មិនបាន​ធ្វើទៅ​ទៀត គឺ​ដោយ​យល់​ខុស​ឃា្ល​ត​ពី​ព្រះពុទ្ធសាសនា​។​ករណីនេះ​ជា​ភារៈ​លើ​អាចារ្យ​យោ​គឺ (​អាចារ្យខ្មោច​) ដែល​មិនដឹង​ន័យ​របស់​ពី​ធី​មួយ​ឲ្យ​ប្រាកដ​តាម​សភាវៈ​ពិត ដែល​នាំ​ឲ្យ​កើត​ប្រយោជន៍​។​ក្នុង​ពី​ធី​នេះ​មាន​លក្ខណៈ​សំខាន់​៥​ខ ដែល​មានន័យ​យ៉ាងនេះ​គឺ

១.​សណ្ដោង​ស្បូវភ្លាំង ឬ ខ្សែ​ពី​ក្បាល​ម្នាក់ មក​ភ្ចា​ប់​នឹង​មឈូស​សព​
​ពិធី​នេះ​មានន័យ​សំខាន់​ណាស់​ជា​ន័យ​ដុះ​ចេញពី​ព្រះពុទ្ធសាសនា​។​មនុស្ស​ម្នាក់​ដែល​ពាក់​កម្រង​ស្បូវភ្លាំង​នោះ ទុកជា​ប្រតិភូ​សម្រាប់​មនុស្ស​ទាំងអស់ ដែល​កើត​នៅក្នុង​វដ្ដសង្សារ​នេះ​។​ឯ​កម្រង​ស្បូវភ្លាំង​ជា​កិលេស​តណ្ហា ដែល​បណ្ដាល​ឲ្យ​គេ​មាន​ជាតិ​ជរា ព្យាធិ មរណៈ ចង​ឆ្វាក់​គ្រប់​ក្បាលមនុស្ស​ទាំងអស់​។​ដែល​សណ្ដោង​ស្បូវភ្លាំង​មក​ជាប់​នឹង​សព​នោះ​ជា​ឧទាហរណ៍ សក្ដិ​សិទ្ធ​ឲ្យ​មនុស្ស​គ្រប់រូប​ឃើញនឹងភ្នែក​ដឹង​ច្បាស់​យើង​គេ​មុខតែ​ស្លាប់ ដូច​សព​ក្នុង​មឈូស​នេះ​ទាំងអស់គ្នា គ្មាន​នរណា​អង់អាច​ក្លាហាន​ចៀស​ផុតពី​ស្លាប់​បានទេ ព្រោះ​មាន​ចំណង​ស្បូវភ្លាំង គឺ​កិលេស​តណ្ហា​ទាក់​ជាប់​គ្រប់ៗ​រូប​។​ល​។​នេះ​ជា​កិច្ច​សំខាន់​មួយ​ពិចារណា​ឲ្យ​កើត​ធម្ម​សង្វេគ​។​


២.​ប្រាយលាជ​នេះ​ក៏​មានន័យ​សំខាន់​ដែរ ដែល​គេ​ចាប់​លាជ ដោយ​សំឡី​និង​វត្ថុ​ផ្សេងៗ បាចលាជ​រាត់រាយ​ព្រោងព្រាត​ទៅលើ​ពសុធា​ជា​ភ័ស្ដុតាង ឲ្យ​ឃើញច្បាស់​នឹង​ភ្នែក​ថា សក់ រោម សាច់ ស្បែក ឆ្អឹង​របស់​មនុស្ស​គ្រប់រូប ដែល​កើត​ស្លាប់ៗ​ក្នុង​វាលវដ្ដសង្សា​នេះ តែងតែ​ចោល​រាត់រាយ​នៅលើ​ផែនដី ដូចជា​លាជ​ដូច្នេះ​ឯង​។​ល​។​នេះ​គឺជា​ឧបាយ​មួយ​យ៉ាងសំខាន់​សម្រាប់​ពិចារណា​ព្រះ​ត្រ័យលក្ខណ៍​ដែរ​។
៣.​កៀស​ចិញ្ចៀន​ត្បូង ពិធី​នេះ​កន្លែង​ខ្លះ មាន​ដាក់​ប្រេង​ក្នុង ត្រល់ ឬ​ចាន​ដាក់​ប្រឆេះ​អុជ​តំកល់​លើ​គំនូរ​ស្រូវ​ក្នុង​កញ្ជើរ​។​នេះ​ក៏​ជា​ន័យ​វិសេស​ណាស់ដែរ​ជាប​ដិ​ម​វត្ថុ​ប្រៀប​នឹង​រូប របស់​មនុស្ស​ទាំងឡាយ​ដែល​កើត​ក្នុង​លោកសន្និវាស នេះ​គឺ​ភ្លើង ដែល​ឆេះ​ភ្លឹបភ្លែតៗ​នោះ​ជា​ជីវិត​រស់នៅ ប្រឆេះ ជា​រូប​កាយ ប្រេង​ជា​អាយុសង្ខារ​។​សម្រាប់​ពិចារណា​ថា បើ​ប្រេង​អស់ហើយ​ភ្លើង​ត្រូវ​រលត់​ប្រឆេះ​ក៏​ជា​របស់​ឥតប្រយោជន៍ មិនអាច​ធ្វើ​ភ្លើង ឲ្យ​ឆេះ បាន​។​ឯ​មនុស្ស​ទាំងឡាយ​ក៏​ដូច្នេះ​ដែរ បើ​អាយុសង្ខារ​អស់ហើយ​ត្រូវតែ​ស្លាប់ មិនអាច​មានជីវិតរ​ស់​នៅ​បានទេ រូបរាងកាយ​ក៏​ជា​របស់​ឥតប្រយោជន៍ ប្រើការ​មិនកើត​។​ល​។​នេះ​ក៏​ជា​ឧបាយ​ចំណាន​មួយ​សម្រាប់​ពិចារណា ឲ្យ​កើត​សេចក្ដី​នឿយណាយ​ចាក​សត្វ នឹង​សង្ខារ​។​

៤.​បូស​មុខ​ភ្លើង ការ​បួស​នេះ បើ​គិត​ទៅតាម​វិន័យ មិន​ពេញ​ជា​បុព្វ​ជ្ជា​ទេ ព្រោះ​កន្លែង​ខ្លះ ឲ្យ​អាចារ្យ​បំបួស​ធ្វើ​ដូច្នេះ​មិន​សម​ហេតុ​ផង​សោះ ទៅជា​ឧបាសក​ធ្វើ​ឧបជ្ឈាយ៍​បំបួស​លោកសង្ឃ បើ​ធ្វើ​ត្រឹមត្រូវ​តាម​ទំនៀម​ដើម​គឺ​គេ​បំបួស​មែនទែន​ពេលដែល​ហែរ​សព​ទៅដល់​រៀបចំ​ហើយ​គេ​នាំ​អ្នក ដែល​បម្រុង​បួស​នោះ​ទៅ​វត្ត​បំបួស​ជា​សាមណេរ​ត្រឹមត្រូវ អ្នកបួស​ទើប​អាច​កាត់ផ្ដាច់​នូវ​ចំណង​ស្បូវភ្លាំង​គឺ​កិលេស​តណ្ហា ។​

៥.​វិធី​ប្រែ​រូប​៖​វិធី​នេះ​តែងតែ​ប្រើ​ច្រឡូកច្រឡំ​និង​លទ្ធិ​ព្រា​ហ្ម​ញ្ញ​សាសនា ដូចជា​ការបូជា​រួច​រលត់​ភ្លើង​ស្រួលបួល​ហើយ​មាន​ព័ទ្ធសីមា អូមអាម​កុំ​ឲ្យ​ខ្មោចលង​។​ពិធី​នេះ​មានន័យ​សំខាន់ ការ​រលត់​ភ្លើង​ត្រជាក់​ហើយ​អាចារ្យ​ប្រជុំ​ញាតិ​សព ទៅ​ជួបជុំ​នៅ​ជើងថ្ក និមន្ដ​ព្រះសង្ឃ​បង្សុកូល ហើយ​អាចារ្យ​យក​ឈើ​ឬ​ចប​មក​គូរវាស​កំទេច​ធ្យូង ដែល​លាយ​ដោយ​ឆ្អឹង​នោះ​ធ្វើជា​រូប​មនុ​ស្សមាន​ដៃ ជើង ខ្លួន ក្បាល ជាដើម ហើយ​សួរថា​រូបនេះ​ដូច​រូប​បុគ្គល​ដែល​ស្លាប់ទៅ​ដែរឬទេ​?​ប្រជុំ​ឆ្លើយថា មិន​ដូច​ទេ ហើយ​លុបចេញ​គូរ​ទៀត សួរ​ទៀតថា អស់​វារៈ បី​ដង ទើប​អាចារ្យ​ពន្យល់ថា នេះ​ជាស​ច្ចៈ​ធម៌ ជា​ភាវៈ​ពិត រូប​កាយ​យើង​ទាំង​គ្នា តែមាន​វិញ្ញាណ​ចេញ​ហើយ​តែងតែ​ពុករលួយ​ទៅ​ធាតុ ដី ភ្លើង ខ្យល់​ជា​អនត្តា​មិនអាច​ពូតផ្ដុំ​ផ្សុំ​គូរវាស ឬ​ជប់​ឲ្យ​ដូចដើម​វិញ​បានទេ​ដូច្នេះ​អ្នក​ទាំងឡាយ​កុំ​សោកស្ដាយ អា​លោះ​អាល័យ​នឹង​រូបភាព​ឲ្យ​សោះ មិនយូរ​មិនឆាប់​រូបយើង​ទាំងឡាយ ក៏​ក្លាយជា​ធាតុ​៤​ដូច្នេះ​។​លុះ​ធ្វើ​កិច្ច​នេះ​រួចហើយ ក៏​នាំគ្នា​រើស​ឆ្អឹង​។​

​លុះ​រើស​ឆ្អឹង​រូ​ច​ហើយ​ព័ទ្ធសីមា​ចង​ខ្មោច​ទុក​ទៀត កុំ​ឲ្យ​លង​គេឯង​។ ដើម្បី​ឲ្យ​មាន​របៀបរៀបរយ​ល្អ ហើយ​បាន​ផល​ទៀត​នោះ គួរតែ គឺ​មុននឹង​ចាកចេញ​ហែសព​អាចារ្យ​ត្រូវ​ពន្យល់​អ្នក​ហែរ​សព​ទាំងឡាយ ឲ្យ​ដឹង​ន័យ​អំពី​ស្បូវភ្លាំង​ឬ​ខ្សែ អំពី​ប្រាយលាជ អំពី​កៀរ​ចិញ្ចៀន​ត្បូង​។​ដល់​បូជា​អាចារ្យ​ត្រូវ​ពន្យល់​អំពី​ពិធី​បួសមុខភ្លើង​។​ដល់​រើស​ឆ្អឹង​អាចារ្យ​ត្រូវ​ពន្យល់​អំពី​ពិធី​ប្រែ​រូប​។​ចំពោះ​អ្នក​ដែល​បានធ្វើ​ពិធី​ទាំងអស់នេះ បើ​មិន​បានធ្វើ​ទេ គ្រាន់តែ​ហែរ​ទៅ​បូជា​មាន​និមន្ដ​ព្រះសង្ឃ​ទៅ​បង្សុកូល​។​

​កាល​ជំនាន់​មុន​មនុស្ស​មិនសូវ​ចេះដឹង​ច្បាប់​ព្រះពុទ្ធសាសនា​ច្រើន​គ្នា​ទេ មាន​អ្នកចេះដឹង​ស្ដួចស្ដើង​ណាស់ ទើប​អ្នកចេះដឹង​នោះ ខំ​រក​ឧបាយ​ពន្យល់​មនុស្ស​ទាំងឡាយ ឲ្យ​យល់​ពី​ធម៌អាថ៌​ខ្លះៗ ក្នុង​ឳ​កាស​បុណ្យ​ជួបជុំគ្នា​ម្ដងៗ​។ បើ​មាន​ឳ​កាស​គួរតែ​ធ្វើ​ដើម្បី​រក្សា​ប្រពៃណី​នេះ​ឲ្យ​បាន​គង់វង្ស​៕





ប្រភព៖ dnt-news