នៅថ្ងៃសៅរ៍នេះ កូរ៉េខាងជើងត្រូវប្រារព្ធពិធីបុណ្យខួបកំណើត ១០៥ឆ្នាំ របស់ស្ថាបនិកកូរ៉េខាងជើង គឺលោកគីម អ៊ីលស៊ុង ដែលជាជីតា របស់មេដឹកនាំកូរ៉េខាងជើងបច្ចុប្បន្ន។ បើសិនទីតាំងបាញ់សាកល្បងអាវុធនុយក្លេអ៊ែរត្រៀមខ្លួនរួចរាល់ហើយ មានន័យថា កូរ៉េខាងជើងនឹងអាចបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ នៅថ្ងៃបុណ្យខួបកំណើតជីតារបស់មេដឹកនាំគីម ជុងអ៊ុន។ កន្លងមក នៅពេលរៀបចំពិធីបុណ្យជាតិសំខាន់ កូរ៉េខាងជើង តែងបាញ់សាកល្បងមីស៊ីល ដើម្បី បង្អួត បច្ចេកវិទ្យា និងកម្លាំងយោធារបស់ខ្លួន។
បើសិនកូរ៉េខាងជើងនៅតែផ្គើនអាចបាញ់សាកល្បងអាវុធនុយក្លេអ៊ែរមែន នោះ អាមេរិកប្រហែលមិនជ្រើសយកជម្រើសយោធា ដើម្បីឆ្លើយតបនឹងកូរ៉េខាងជើងទេ។ កូរ៉េខាងជើងមិនមែនស៊ីរី ដែលអាមេរិកបានបាញ់គ្រាប់មីស៊ីលមួយប្រាវហើយ ក៏ចប់នោះទេ។ កូរ៉េខាងជើងដែលមានកងទ័ព និងសព្វាវុធសន្ធឹកសន្ធាប់បានព្រមានរួចហើយនឹងធ្វើសង្រ្គាមនុយក្លេអ៊ែរ ដើម្បី ដើម្បីវាយបក ប្រឆាំងនឹងការវាយប្រហារ ឈ្លានពានណាមួយរបស់អាមេរិក។
អាមេរិកដឹងថា ផ្លូវយោធា ទោះជាមួយជំហានតូច ដោយបាញ់មីស៊ីលព្រមានកូរ៉េខាងជើង គឺនឹងអាចបណ្តាលមានសង្រ្គាមផ្ទុះឆាបឆេះ នៅឧបទ្វីបកូរ៉េទាំងមូល។ គេជឿថា បើមើលតាមកម្លាំងទ័ពកូរ៉េខាងជើង ដែលឈរជើងនៅតាមព្រំដែន កូរ៉េទាំងពីរ កូរ៉េខាងជើងនឹងអាចបាញ់ខ្ទេចខ្ទីរទីក្រុងសេអ៊ូល បើសិនមានការផ្ទុះអាវុធណាមួយ ចាប់ផ្តើមឡើងដោយអាមេរិក។ រដ្ឋបាលអាមេរិក របស់លោកដូណាល់ បានបញ្ជូនកងនាវាចម្បាំងទៅឧបទ្វីបកូរ៉េ ដើម្បី គ្រាន់តែកំញើញប៉ុណ្ណោះ ពោលគឺអាមេរិកនៅមិនទាន់ត្រៀមខ្លួន ហើយក៏មិនចង់ប្រឈមមុខធ្វើសង្រ្គាមជាមួយកូរ៉េខាងជើងដែរ។ តាមមន្រ្តីរបស់សេតវិមាន ដែលបាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានអង់គ្លេសReuters រដ្ឋបាលអាមេរិកអាចជ្រើសរើសយកជម្រើសដាក់ទណ្ឌកម្មសេដ្ឋកិច្ច ជាជាងប្រើជម្រើសយោធា ក្នុងករណីដែលកូរ៉េខាងជើងនៅតែហ៊ានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរម្តងទៀតនោះ។ ម្យ៉ាងវិញទៀត រដ្ឋបាលលោកដូណាល់ ត្រាំ សង្ឃឹមច្រើនថា លោកប្រធានាធិបតីចិន នឹងជួយអាមេរិក ដើម្បីដោះស្រាយបញ្ហាកូរ៉េខាងជើង។
ចាប់តាំងពីកូរ៉េខាងជើង ចូលដឹកនាំដោយគីម ជុងអ៊ុន ចិនឧស្សាហ៍កើតក្តីក្រហាយ ព្រោះថា ដោយសារតែការបាញ់សាកល្បងមីស៊ីល និងគ្រាប់បែកនុយក្លេអ៊ែរ របស់កូរ៉េខាងជើង ទើបបានជាអាមេរិកមានលេស តាំងខែលមីស៊ីលនៅក្បែរមាត់ទ្វារផ្ទះចិន។ ចិនចាត់ទុកប្រព័ន្ធខែលមីស៊ីលរបស់អាមេរិក គ្រោះថ្នាក់សម្រាប់យុទ្ធសាស្រ្តយោធាចិន។ ចិនដឹងថា សកម្មភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើង ជាមធ្យោបាយរស់រានតែមួយគត់របស់របបនេះ ប៉ុន្តែ ចិនគ្មានជម្រើស ទេ គឺត្រូវតែលះបង់ សុខចិត្តធ្វើតាមអាមេរិកខ្លះហើយ។ ប៉ុន្តែ នៅក្នុងកាលៈទេសៈនេះ ប្រតិកម្មរបស់ចិន គឺហាក់យឺតពេលទៅហើយ។ គេសង្កេតឃើញថា កូរ៉េខាងជើងរបស់លោកគីម ជុងអ៊ុន លែងស្តាប់ប៉េកាំងដូចមុនទៀតហើយ។ លោកគីម ជុងអ៊ុន ដែលមិនធ្លាប់ធ្វើដំណើរទៅទីក្រុងប៉េកាំងសោះ បានបញ្ជារឲ្យគេបាញ់សាកល្បង មួយលើកជាពីរលើក មីស៊ីល និងគ្រាប់បែកនុយក្លេអ៊ែរ ល្មើសមិនស្តាប់ការអំពាវនាវរបស់រដ្ឋាភិបាលចិន៕
ប្រភព៖http://www.pageth.info/archives/11714




