(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់កូរ៉េខាងជើង នៅក្រោមការកត់ចំណាំទុក ហើយបើសិនជាលោកធ្វើសម្រេចចិត្តចាត់វិធានការដោយសកម្មភាពយោធា នោះវានឹងក្លាយជាការសម្រេចចិត្តដ៏សមស្រប ដូចដែលសហរដ្ឋអាមេរិកវាយប្រហាលើស៊ីរីដូច្នោះដែរ។ នេះគឺជាការព្រមានរបស់សេតវិមាន ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០១៧។
អ្នកនាំពាក្យសេតវិមាន លោក សន ស្ពៃសឺ បានធ្វើការកត់សម្គាល់បែបនេះតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយលោក ដូណាល់ ត្រាំ បញ្ជាក់ជាថ្មីថាទីក្រុងវ៉ាស៊ីនតោននឹងដោះស្រាយបញ្ហាកូរ៉េខាងជើងតែម្នាក់ឯង បើសិនជាចិនមិនព្រមជួយទេនោះ។
លោក ស្ពៃសឺ នៅក្នុងសន្និសីទសារព័ត៌មានបានលើកឡើងដូច្នេះថា “ខ្ញុំគិតថាគាត់ (លោក ត្រាំ) នឹងមិនលើកលែងឱ្យជាដាច់ខាត ចំពោះសកម្មភាពបង្ករឿងរបស់កូរ៉េខាងជើង (…) ខ្ញុំគិតថាគាត់មានជម្រើសជាច្រើននៅលើតុរួចជាស្រេច ហើយវាក៏បានបង្ហាញរួចហើយដែរ កាលពីសប្ដាហ៍មុន តាមរយៈការវាយប្រហារលើស៊ីរី។ ដូច្នេះនៅពេលលោកប្រធានាធិបតីចាត់វិធានការ ដោយសកម្មភាពណាមួយ នោះវានឹងក្លាយជាការសម្រេចចិត្តដ៏សមស្រប ដែលបញ្ជាក់យ៉ាងច្បាស់ពីគោលជំហរសហរដ្ឋអាមេរិក” ។
ទោះបីយ៉ាងណា លោក ស្ពៃសឺ មិនបានបញ្ជាក់លម្អិតនោះទេថា លោក ត្រាំ នឹងដោះស្រាយបញ្ហាកូរ៉េខាងជើងយ៉ាងដូចម្ដេចបើគ្មានជំនួយពីចិន។
ប្រភព៖http://www.pageth.info/archives/11230


