រន្ធត់ចិត្តខ្លាំង ពេលដឹងឥទ្ធិពល​​នុយក្លេអ៊ែរ​កូរ៉េខាងជើង បើបាញ់លើ​អាមេរិក


កូរ៉េខាងជើង មាន​អាវុធ​ដែល​អាច​សម្លាប់ ពលរដ្ឋ​អាមេរិក ចំនួន​៩០​ភាគរយ។ នេះ​បើ​យោង​តាម​របាយការណ៍​ដ៏​រន្ធត់ ពី​អ្នក​ជំនាញ​ស៊ើបការណ៍​សម្ងាត់​របស់​អាមេរិក​២​រូប។

គ្រាប់​មីស៊ីល​ចំនួន​២០​គ្រាប់ ត្រូវ​បាន​កូរ៉េខាងជើង​បាញ់ កាល​ពី​ឆ្នាំ​មុន និង​ជា​ច្រើន​គ្រាប់​ នៅ​ដើម​ឆ្នាំ​២០១៧​នេះ។ ទោះ​ជា​យ៉ាង​ណា អាកប្បកិរិយា​របស់​សហរដ្ឋអាមេរិក ទៅ​កាន់​កូរ៉េខាងជើង ហាក់បីដូចជា មិន​ម៉ឺងម៉ាត់​សោះ ខណៈ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​និយាយ​ថា ការ​បាញ់​នុយក្លេអ៊ែរ​មក​លើ​អាមេរិក នឹង​មិន​កើតឡើង​ឡើយ។
អតីត​នាយក​ស៊ើបការណ៍​សម្ងាត់ នៃ​អង្គភាព US Central Intelligence លោក James Woolsey និង អតីត​មន្រ្តី CIA លោក Peter Vincent Pry បាន​ជំរុញ​ឲ្យ​អាមេរិក ចាត់​ទុក​កូរ៉េខាងជើង​ជា​ការ​គំរាម​​ធំ​បំផុត។
ជាមួយ​គ្នា​នេះ​ដែរ មន្ត្រី​ស៊ើបការណ៍​សម្ងាត់​អាមេរិក ជឿជាក់​ថា កូរ៉េខាងជើង​កំពុង​កាន់កាប់ មីស៊ីល​ឆ្លង​ទ្វីប (ICBM) ចំនួន​២​គ្រឿង ដោយ​ក្នុង​នោះ មាន​មួយ​គ្រឿង​អាច​ចល័ត​បាន។

មិនតែប៉ុណ្ណោះ គេ​ក៏​ជឿជាក់​ដែរ​ថា មេដឹកនាំ​ផ្ដាច់ការ គីម ជុងអ៊ុន មាន​កាន់កាប់​គ្រាប់បែក​អ៊ីដ្រូហ្សែន H-Bomb ដែល​អាវុធ​ទាំង​២​ប្រភេទ​នេះ អាច​ឆក់​យក​ជីវិត​មនុស្ស​រាប់​លាន​នាក់ ប្រសិន​បើ​បាញ់​ទៅ​លើ​ទីក្រុង​ធំៗ ដូចជា New York ជាដើម។
មន្ត្រី​ខាងលើ​បាន​​ប្រាប់​ថា «ត្រូវ​តែ​ការពារ​ពលរដ្ឋ​អាមេរិក​ជា​បន្ទាន់។ សហរដ្ឋអាមេរិក ចាំបាច់​ត្រូវ​តែ​ត្រៀមខ្លួន ដើម្បី​ចាត់​វិធានការ​ទប់​ស្កាត់​កូរ៉េខាងជើង រួម​ទាំង​អាវុធ​នុយក្លេអ៊ែរ​​ទាំង​នោះ​ផង​ដែរ»។
មិន​តែ​ប៉ុណ្ណោះ ពួកគេ​ក៏​បាន​គាំទ្រ​លើ​ការ​អះអាង​ដែល​និយាយ​ថា កូរ៉េខាងជើង អាច​រំខាន​ប្រព័ន្ធ​អេឡិចត្រូនិក តាមរយៈ​ការ​វាយប្រហារ EMP Attack (Electromagnetic Pulse) ដោយ​បំផ្ទុះ​គ្រាប់បែក​នុយក្លេអ៊ែរ នៅ​ពី​លើ​សហរដ្ឋអាមេរិក​ទៀត​ផង។
«គ្រាប់​បែក​នុយក្លេអ៊ែរ ដែល​បាញ់​ដោយ​ផ្កាយ​រណប​កូរ៉េខាងជើង អាច​នឹង​ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក ដាច់​ចរន្តអគ្គិសនី និង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ផ្សេងទៀត រយៈពេល​១​ឆ្នាំ ហើយ​សម្លាប់​មនុស្ស ចំនួន​៩​នាក់​ក្នុង​ចំណោម​១០​នាក់ ដោយ​ការ​អត់​ឃ្លាន និង​ការ​ដួល​រលំ​សង្គម។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​របស់​មន្ត្រី​ខាងលើ៕



ប្រភព៖ Dailystar   ប្រែ​សម្រួល៖ សេង ឡុង
ប្រភព៖ http://news.sabay.com.kh/article/917439#utm_campaign=onpage