ចិន ដាក់ពង្រាយ​កងទ័ព ជិត២សែននាក់ ព្រោះខ្លាច​អាមេរិក វាយ​កូរ៉េខាងជើង


កង​ទ័ព​ចិន​ចំនួន ១៥០ ០០០​នាក់ ត្រូវ​បាន​ដាក់​ពង្រាយ​ទៅ​កាន់​ព្រំដែន​កូរ៉េ​ខាងជើង ដើម្បី​រៀបចំ​ការ​ការពារ​ទុក​ជា​មុន បន្ទាប់​ពី​សហរដ្ឋអាមេរិក បាន​ទម្លាក់​គ្រាប់​មីស៊ីល លើ​ប្រទេស​ស៊ីរី។
ការ​វាយ​ប្រហារ​ប្រទេស​ស៊ីរី ដែល​ចេញ​បញ្ជា​ដោយ​ផ្ទាល់​ពី​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ កាល​ពី​ថ្ងៃ​សុក្រ កន្លង​ទៅ​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ការ​ព្រមាន​ដល់​ប្រទេស​កូរ៉េ​ខាងជើង។
ឥឡូវនេះ ចិន បាន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយសារ​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​នោះ និង​បាន​ដាក់​ពង្រាយ​កង​ទ័ព​វេជ្ជសាស្ត្រ និង​ជំនួយ​ជាច្រើន ទៅ​កាន់​ទន្លេ Yalu River ក្បែរ​ព្រំដែន​កូរ៉េ​ខាងជើង។ នេះ​បើ​យោងតាម​សារព័ត៌មាន​កូរ៉េ Chosun។
កង​ទ័ព​ចិន​ទាំង​នោះ ត្រូវ​បាន​បញ្ជូន​យ៉ាង​ប្រញាប់ ដើម្បី​ដោះស្រាយ​បញ្ហា​ជន​ភៀសខ្លួន​កូរ៉េ​ខាងជើង និង​កាលៈទេសៈ​ដែល​មើល​មិន​ឃើញ ប្រសិន​បើ​អាមេរិក​វាយ​កូរ៉េ​ខាងជើង។
ទន្ទឹម​នឹង​នេះ កង​ទ័ព​ជើង​ទឹក​អាមេរិក បាន​ចល័ត​នាវា USS Carl Vinson សម្រាប់​ដឹក​ក្រុម​យន្តហោះ​ចម្បាំង ពី​សិង្ហបុរី ទៅកាន់ កូរ៉េខាងជើង បន្ទាប់​ពី​ប្រទេស​ផ្ដាច់ការ​មួយ​នេះ បាន​ធ្វើ​តេស្ត​គ្រាប់​មីស៊ីល​ជា​បន្តបន្ទាប់៕




ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង
ប្រភព៖ http://news.sabay.com.kh/article/923457#utm_campaign=onpage