រដូវ​សែន​ឆេ​ង​ម៉េ​ង​យូ​ន​សម្រុក​ដឹក​ជ្រូកចូល​រាប់​សិប​ក្បាល​សង្ស័យ​ជ្រូក​ឈឺ​


ខេត្តស្វាយរៀង ៖​សមត្ថកិច្ច​វរ​ការពារ​ព្រំដែន​ច្រករបៀង ផ្លូវ​តា​ណេ​ង បាន​បើកដៃ​ឲ្យ​យួន​ដឹក​ជ្រូក​ពី​ប្រទេស​វៀតណាម​ឆ្លង​ដែន​ខុសច្បាប់​ចូល​មក​ក្រុង​បា​វិត​ក្នុង​មួយ​ថ្ងៃ​ៗ​រាប់រយ​ក្បាល និង​ដឹក​បន្ត​ទៅ​រាជធានី​ភ្នំពេញ​សង្ស័យ​ជ្រូក​មាន​ជម្ងឺ​ដោយ​គ្មាន​ការ​ត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់​និង​នេសាទ​ខេត្ត​ឡើយ ធ្វើ​ឲ្យ​មានការ​ព្រួយ​បារ​ម្ម​ណ៍​យ៉ាង​ខ្លាំង​អំពី​សុវត្ថិភាព​សុខា​មា​ល​ភាព​អ្នក​បរិភោគ​សាច់​ជ្រូក ។ ជ្រូក​ដែល​យួន​នាំ​ចូល​ឆ្លង​ដែន​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០១៧ នៅ​ចំណុច​ច្រករបៀង​ផ្លូវ​តា​ណេ​ង ជិត​សាលាក្រុង​បា​វិត ស្ថិត​នៅ​ភូមិ​តា​បិ​ប សង្កាត់​បា​វិត ក្រុង​បា​វិត ។ 
បើ​តាម​មន្ត្រី​នគ​បាល​ម្នាក់​បាន​បង្ហើប​ឲ្យ​ដឹង​ថា ការ​សំរុក​នាំ​ជ្រូក​ពី​ប្រទេស​យួន​ចូល​តាម​ច្រករបៀង​ផ្លូវ​តា​ណេ​ង​នេះ​គឺ​ជាង​១០​ថ្ងៃ​មក​ហើយ​គឺ​ដើម្បី​យក​ជ្រូក​ទៅ​ខ្វៃ សែន​ឆេ​ង​ម៉េ​ង ។ ទាក់ទិន​ករណី​ខាង​លើ​នេះ​ដែរ​លោក មុំ ដា​រ៉ា ដែល​ជា​មន្ត្រី​យោធា​វរ​ការពារ​ព្រំដែន​លេខ​២០១​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្វាយ​រៀង និង​ជា​ប្រធាន​ច្រករបៀង​ផ្លូវ​តា​ណេ​ង​បាន​និយាយ​ថា ជ្រូក​ដែល​ឈ្មួញ​វៀត​ណាម​​នាំ​ចូល​តាម​ច្រករបៀង​នេះ​ក្នុង​មួយ​ថ្ងៃ​១០​ទៅ​២០​ក្បាល​គឺ​គេ​មិន​ហៅ​ថា ជ្រូក​ទេ បើ​គេ​ហៅ​ថា ជ្រូក លុះត្រា​ដឹក​ចាប់ពី​១០០​ក្បាល​ឡើង​ទៅ​ទើប​គេ​ហៅ​ថា ជ្រូក សូ​ម្បី​តែ​ពេទ្យសត្វ​ក្រុង​ក៏​គេ​មិន​ដែល​​អើពើ​ផង​តិច​ពេក ។ លោក​បន្ត​ទៀត​ថា បើ​ច្រករបៀង មនោ​រម្យ និង​ច្រក​ព្រៃ​តា​អី គេ​ដឹក​ក្នុង​មួយ​ថ្ងៃ​ៗ៣០០​ក្បាល​ឯណោះ ។ 
ចំពោះ​មន្ត្រី​ពេទ្យសត្វ​ពុំ​មាន​សិទ្ធិ ឬ​ច្បាប់​អនុញ្ញាតិ​ឲ្យ​ទៅ​ឈ​ជើង​នៅ​តាម​ប៉ុស្តិ៍​ច្រករបៀង​ទេ​លើកលែងតែ​ច្រក​អន្តរជាតិ​ទើប​ពិបាក​ក្នុង​ការ​ចុះ​បង្ក្រាប​ហើយ​ជ្រូក​ដែល​នាំ​ចូល​ពី​ប្រទេស​វៀតណាម​តាម​ច្រក​ព្រៃ​តា​អី គឺ​ជ្រូក​ក្រុមហ៊ុន​ដា​នី​ដេ​ង​និង​ក្រុមហ៊ុន វ៉ា​យ​ខេ​អឹ​ម​(YKM) មានច្បាប់​អនុញ្ញាតិ​ពី​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់​និង​នេសាទ​ក្នុង​មួយ​ថ្ងៃ​២៥០​ក្បាល​ទៅ​៥០០​ក្បាល ។ ហើយ​មន្ត្រី​បសុពេទ្យ​ពិនិត្យ​តាម​លិខិត​អនុញ្ញាតិ​ពី​ពេទ្យសត្វ​វៀតណាម និង​ច្បាប់​នាំ​ចូល​ប៉ុណ្ណោះ​ពុំ​បាន​បូម​ឈាម​ជ្រូក​យក​ទៅ​ពិនិត្យ ឬ​ធ្វើតេស្ត​ឡើយ ។
បើ​តាម​មន្ត្រី​ពេទ្យសត្វ​ម្នាក់​បាន​បញ្ចេញ​ការ​ព្រួយ​បារ​ម្ម​ណ៍​បង្ហើប​ឲ្យ​ដឹង​ថា នៅ​ប្រទេស​វៀតណាម​ជ្រូក​កំពុង​មាន​ជម្ងឺ សាល​ម៉ូ​នី​ឡា ហើយ​មេរោគ​សាល​ម៉ូ​នី​ឡា នេះ​អាច​ឆ្លង​មក​មនុស្ស​បាន ហើយ​បើ​ឆ្លង​មក​លើ​មនុស្ស​ណា​នោះ​គឺ​មិន​អាច​ព្យាបាល​ជា​ទេ គឺជា​ជម្ងឺ​រ៉ាំរ៉ៃ ។ មន្ត្រី​រូប​នេះ​បន្ត​ទៀត​ថា កន្លង​មករ​ហូត​បច្ចុប្បន្ន​ប្រទេស​កម្ពុជា​យើង​មាន កា​រ៉​ង់​តែ​ន​(CARANTENE) កន្លែង​បង្ខាំង​សត្វ​ដើម្បី​ត្រួតពិនិត្យ​ជីវៈ​សុវត្ថិភាព​តែ​មួយ​កន្លែង​គត់​នៅ​សកល​វិទ្យាល័យ​ចំការ​ដូង នេះ​ជា​ការ​ព្រួយ​បារ​ម្ម​ណ៍​ដោយ​ឈ្មួញ​បាន​រត់ការ​ច្បាប់​នាំ​មក​ប្រទេស​ខ្មែរ ហើយ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​អនុញ្ញាតិ​ឲ្យ​នាំ​ចូល ហើយ​មន្ត្រី​ជំនាញ​គ្រាន់តែ​ពិនិត្យ​លើ​ឯកសារ​មិន​បាន​បូម​ឈាម​ជ្រូក​យក​ទៅ​ពិនិត្យ​ធ្វើតេស្ត​ជា​ថ្មី​ដើម្បី​ធានា​ពី​ជីវៈ​សុវត្ថិភាព ៕



ប្រភព៖ https://kohsantepheapdaily.com.kh/article/162207.html