កងទ័ព​កុម្ម៉ង់ដូ​ពិសេសថ្មីរបស់កូរ៉េខាងជើង ត្រៀមជាស្រេចសម្រាប់ទប់ទល់​កងទ័ពអាមេរិក




យោង​តាម​គេហទំព័រ Dailystar របស់​ចក្រភព​អង់គ្លេស ដែល​បាន​ចុះផ្សាយ នៅ​ថ្ងៃ​ច័ន្ទ ទី​១៧​នេះ បាន​ឲ្យ​ដឹង​ថា មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន បាន​បង្ហាញ​កងទ័ព​កុម្ម៉ង់ដូ​ពិសេស​ថ្មី «Lightning Death Squad» ដែល​ត្រៀមខ្លួន​រួច​ជា​ស្រេច ដើម្បី​ទប់ទល់​ជាមួយ​កងទ័ព​​ជើង​ទឹក​សហរដ្ឋអាមេរិក «SEAL Team 6»។
កងកម្លាំង​ប្រតិបត្តិការ​ពិសេស «Lightning Death Squad» ការ​វិភាគ​ថ្មី​មួយ​លើក្បួនដង្ហែ​យោធា​របស់​ទីក្រុង​ព្យុងយ៉ាង ក្នុង​ពិធីបុណ្យ «Day of the Sun» កាល​ពី​ថ្ងៃ​សៅរ៍ កន្លង​ទៅ​នេះ បាន​ឲ្យ​ដឹង​ថា កូរ៉េខាងជើង បាន​បង្កើត​កងកម្លាំង​ប្រតិបត្តិការ​ពិសេស ជា​លើក​ដំបូង។

កងកម្លាំង​ពិសេស​នោះ បាន​ដើរ​ជា​ក្បួន ខណៈ​លាប​ក្រែម​ពណ៌​ខ្មៅ​នៅ​លើ​ផ្ទៃមុខ ពាក់មួក និង​ពាក់​វ៉ែនតា​ខ្មៅ ដែល​អាច​មើល​ឃើញ​ច្បាស់​នៅ​ពេល​យប់។ មិនតែប៉ុណ្ណោះ ពួក​គេ​មាន​កាន់​កាំភ្លើង​ប្រភេទ​ថ្មី ដែល​បំពាក់​ដោយ​គ្រាប់បែក​ដៃ ទៀត​ផង។ នេះ​បើ​យោង​តាម​វីដេអូ ដែល​ផ្សាយបន្តផ្ទាល់​ដោយ​ស្ថានីយទូរទស្សន៍​របស់​រដ្ឋ​កូរ៉េខាងជើង។

គួរ​រំលឹក​ថា កង​ទ័ព​ជើង​ទឹក​អាមេរិក ដែល​បាន​សម្លាប់​អតីត​មេដឹកនាំ​អាល់កៃដា អូសាម៉ាប៊ិនឡាដិន (Osama Bin Laden) គឺ​ក្រុម «SEAL Team 6» នឹង​ចូល​រួម​នៅ​ក្នុង​ការ​ធ្វើ​សម​យុទ្ធ នៅ​ឯ​ប្រទេស​កូរ៉េខាងត្បូង ដើម្បី​កម្ចាត់​មេដឹកនាំ​ផ្ដាច់ការ​កូរ៉េខាងជើង គីម ជុងអ៊ុន ចេញ​ពី​អំណាច។ នេះ​បើ​យោង​តាម​សារព័ត៌មាន Dailymail ដែល​បាន​ចុះផ្សាយ នា​ពេល​កន្លង​មក៕ ប្រភព៖ សប្បាយ