មេទ័ពរុស្ស៊ីប្រកាសឲ្យកងទ័ពត្រៀមខ្លួនទប់ទល់ ការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិក
(មូស្គូ)៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយ លោក Viktor Poznikhir បានលើកឡើងយ៉ាងដូច្នេះថា «វត្តមានមូលដ្ឋានទ័ពអាមេរិកនៅអឺរ៉ុប ព្រមទំាងនាវាចម្បាំងបំពាក់ប្រព័ន្ធប្រឆាំងមីស៊ីលក្បែរដែនដីរុស្ស៊ី គឺជាការគំរាមកំហែងមួយ ត្បិតសហរដ្ឋអាមេរិកអាចនឹងបាញ់មីស៊ីលនុយក្លេអ៊ែរប្រឆាំង នឹងទីក្រុងម៉ូស្គូគ្រប់ពេលវេលា ហើយមិនតែប៉ុណ្ណោះវាក៏នឹងបំផ្លាញផងដែរ ដល់តុល្យភាពអាវុធនុយក្លេអ៊ែរ និងបង្កភាពស្មុគស្មាញដល់កិច្ចចរចា លុបបំបាត់អាវុធនុយក្លេអ៊ែរ។ ទោះជាបែបនេះក្តីបើទីក្រុងវ៉ាស៊ីនតោន សម្រេចចិត្តផ្សងព្រេងធ្វើដូច្នេះមែននោះ វានឹងបង្ខំឱ្យបណ្ដាប្រទេសដ៏ទៃទៀតចាត់ វិធានការឆ្លើយតបឱ្យបានសាកសមជាទីបំផុតមិនខាន»។
សហរដ្ឋអាមេរិកកំពុងបន្តដើរតាមគន្លងយុទ្ធសាស្ត្រ គ្រប់គ្រងពិភពលោកទំាងមូល តាមរយៈការអភិវឌ្ឍ និងដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីល ដែលអាចមានសមត្ថភាពវាយប្រហារដោយអាវុធនុយក្លេអ៊ែរប្រឆាំងនឹងចិន ជាពិសេសគឺរុស្ស៊ី ក្នុងពេលតែមួយប៉ប្រិចភ្នែក។ ដូច្នេះរុស្ស៊ីគួរតែត្រៀមខ្លួនទប់ទល់ការវាយប្រហារនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិក។ នេះបើតាមមេបញ្ជាការយោធារុស្ស៊ី លោក Viktor Poznikhir ដកស្រង់ដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា បើតាមក្រសួងការពារជាតិរុស្ស៊ី សហរដ្ឋអាមេរិកបានចំណាយប្រាក់ជិត ១៣០ពាន់លានដុល្លារ សម្រាប់ប្រព័ន្ធការពារមីស៊ីលក្នុង រយៈពេល១៥ឆ្នាំចុងក្រោយនេះ ហើយអាចនឹងចំណាយ ៥៥ពាន់លានដុល្លាបន្ថែមទៀត នារយៈពេល៥ឆ្នាំបន្ទាប់។ ដោយឡែក បើតាមលោក Viktor Poznikhir បច្ចុប្បន្នសហរដ្ឋអាមេរិក មានមីស៊ីលប្រឆាំងមីស៊ីល GBI ចំនួន៣០គ្រាប់ មីស៊ីល Standard-3 ១៣០គ្រាប់ និង THAAD ១៥០គ្រាប់ ដែល ត្រូវបានដាក់ពង្រាយនៅលើទឹកដីអាមេរិក អឺរ៉ុប និងប្រទេសមួយចំនួនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕
ប្រភព៖http://www.pageth.info/archives/15620



