ស្ត្រីជនជាតិចិន វ័យចំណាស់ម្នាក់ បានស្លៀកឈុតតុក្កតា ដើរតាមដងផ្លូវ ដើម្បីព្យាយាមរកលុយព្យាបាលជំងឺកូនប្រសាស្រី។
ម្ដាយក្មេកចិត្តធម៌រូបនោះ មានឈ្មោះថា Yin Pizhi បានស្លៀកឈុតតុក្កតា Minnie Mouse ដើរតាមដងផ្លូវ ដោយឲ្យគេថតរូបជាមួយជារៀងរាល់ថ្ងៃ (តម្លៃចន្លោះពី ០.១៥ដុល្លារ ទៅ ០.៧៥ដុល្លារ សម្រាប់ការថតរូបជាក្រុម) ដើម្បីរកប្រាក់ព្យាបាលកូនប្រសាស្រី ដែលកំពុងរងរបួសធ្ងន់ធ្ងរ ក្រោយជួបគ្រោះថ្នាក់ចរាចរ។
កូនប្រសាស្រីនោះ មានឈ្មោះថា Wang Hai-mei បានស្នាក់នៅមន្ទីរពេទ្យ Ningjin County People's Hospital អស់រយៈពេលជាង ៥០ថ្ងៃមកហើយ និងនៅតែមិនទាន់ដឹងខ្លួន ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមួយទៀត នៅក្នុងទីក្រុង Jinan។ ជាមួយគ្នានេះដែរ កូនប្រុសរបស់អ្នកស្រី Pizhi មានជំងឺបេះដូង និងប្រើថ្នាំពេទ្យអស់រយៈពេលយូរមកហើយ មានន័យថា រូបគេមិនអាចធ្វើការអ្វីបានឡើយ។
អ្នកស្រី Pizhi បានប្រាប់ឲ្យដឹងថា កូនប្រសាស្រីរបស់អ្នកស្រី ជាអ្នកធ្វើការ និងរកចំណូលចូលគ្រួសារ ប៉ុន្តែឥឡូវនេះនាងបានរងគ្រោះថ្នាក់ ធ្វើឲ្យគ្មានចំណូលចូលគ្រួសារឡើយ។ ដូច្នេះដើម្បីរកប្រាក់ជួយព្យាបាលកូនប្រសាស្រីឲ្យជាសះស្បើយឡើងវិញ អ្នកស្រីក៏បានសម្រេចចិត្តទៅខ្ចីឈុតតុក្កតា Minnie Mouse នោះ ពីមិត្តភ័ក្ដិរបស់កូនប្រុសអ្នកស្រីតែម្ដង៕
ប្រភព៖ sabay










