នៅថ្ងៃសៅរ៍ខាងមុខ កូរ៉េខាងជើងត្រូវប្រារព្ធពិធីបុណ្យខួបកំណើត ១០៥ឆ្នាំ របស់ស្ថាបនិកកូរ៉េខាងជើង គឺលោកគីម អ៊ីលស៊ុង ដែលជាជីតា របស់មេដឹកនាំកូរ៉េខាងជើងបច្ចុប្បន្ន។ បើសិនទីតាំងបាញ់សាកល្បងអាវុធនុយក្លេអ៊ែរត្រៀមខ្លួនរួចរាល់ហើយ មានន័យថា កូរ៉េខាងជើងនឹងអាចបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ នៅថ្ងៃបុណ្យខួបកំណើតជីតារបស់មេដឹកនាំគីម ជុងអ៊ុន។ កន្លងមក នៅពេលរៀបចំពិធីបុណ្យជាតិសំខាន់ កូរ៉េខាងជើង តែងបាញ់សាកល្បងមីស៊ីល ដើម្បី បង្អួត បច្ចេកវិទ្យា និងកម្លាំងយោធារបស់ខ្លួន។
បើសិនកូរ៉េខាងជើងនៅតែផ្គើនអាចបាញ់សាកល្បងអាវុធនុយក្លេអ៊ែរមែន នោះ អាមេរិកប្រហែលមិនជ្រើសយកជម្រើសយោធា ដើម្បីឆ្លើយតបនឹងកូរ៉េខាងជើងទេ។ កូរ៉េខាងជើងមិនមែនស៊ីរី ដែលអាមេរិកបានបាញ់គ្រាប់មីស៊ីលមួយប្រាវហើយ ក៏ចប់នោះទេ។ កូរ៉េខាងជើងដែលមានកងទ័ព និងសព្វាវុធសន្ធឹកសន្ធាប់បានព្រមានរួចហើយនឹងធ្វើសង្រ្គាមនុយក្លេអ៊ែរ ដើម្បី ដើម្បីវាយបក ប្រឆាំងនឹងការវាយប្រហារ ឈ្លានពានណាមួយរបស់អាមេរិក។
អាមេរិកដឹងថា ផ្លូវយោធា ទោះជាមួយជំហានតូច ដោយបាញ់មីស៊ីលព្រមានកូរ៉េខាងជើង គឺនឹងអាចបណ្តាលមានសង្រ្គាមផ្ទុះឆាបឆេះ នៅឧបទ្វីបកូរ៉េទាំងមូល។ គេជឿថា បើមើលតាមកម្លាំងទ័ពកូរ៉េខាងជើង ដែលឈរជើងនៅតាមព្រំដែន កូរ៉េទាំងពីរ កូរ៉េខាងជើងនឹងអាចបាញ់ខ្ទេចខ្ទីរទីក្រុងសេអ៊ូល បើសិនមានការផ្ទុះអាវុធណាមួយ ចាប់ផ្តើមឡើងដោយអាមេរិក។ រដ្ឋបាលអាមេរិក របស់លោកដូណាល់ បានបញ្ជូនកងនាវាចម្បាំងទៅឧបទ្វីបកូរ៉េ ដើម្បី គ្រាន់តែកំញើញប៉ុណ្ណោះ ពោលគឺអាមេរិកនៅមិនទាន់ត្រៀមខ្លួន ហើយក៏មិនចង់ប្រឈមមុខធ្វើសង្រ្គាមជាមួយកូរ៉េខាងជើងដែរ។ តាមមន្រ្តីរបស់សេតវិមាន ដែលបាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានអង់គ្លេសReuters រដ្ឋបាលអាមេរិកអាចជ្រើសរើសយកជម្រើសដាក់ទណ្ឌកម្មសេដ្ឋកិច្ច ជាជាងប្រើជម្រើសយោធា ក្នុងករណីដែលកូរ៉េខាងជើងនៅតែហ៊ានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរម្តងទៀតនោះ។
លោកដូណាល់ ត្រាំ ប្តូរជំហរ១៨០ដឺក្រេ លែងចោទប្រកាន់ចិន ដូចមុន
នៅក្នុងជំនួបជាមួយលោកស៊ី ជីនពីង ប្រធានាធិបតីចិន លោកដូណាល់ ត្រាំ ធ្លាប់បាននិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងចិន និងអាមេរិក គឺមានចំណងទាក់ទងគ្នា ជាមួយ បញ្ហាកូរ៉េខាងជើង។ សម្រាប់អ្នកជំនាញមួយចំនួន លោកដូណាល់ ត្រាំ អាចបំភ្លេចចោលទំនាស់ពាណិជ្ជកម្មជាមួយចិន ដែលនៅក្នុងនោះលោកដូណាល់ ត្រាំ ធ្លាប់បានរិះគន់ ចោទចិន ថា បានដើរខ្សែលើអាមេរិក ក្នុងពេលដោះដូរពាណិជ្ជកម្មជាមួយអាមេរិក។
ក្នុងទំនាក់ទំនងជាមួយចិន លោកដូណាល់ ត្រាំ បានប្តូរទស្សនៈ និងជំហរសឹង ១៨០ដឺក្រេ។ នៅក្នុងសន្និសីទកាសែត ថ្ងៃម្សិលមិញ ជាមួយអគ្គលេខាធិការអង្គការអូតង់ ពោលគឺនៅប៉ុន្មានម៉ោងក្រោយនិយាយទូរស័ព្ទ ជាមួយ លោកប្រធានាធិបតីស៊ី ជីនពីង លោកប្រធានាធិបតីដូណាល់ ត្រាំ ខុសពីបេក្ខជនដូណាល់ ត្រាំ នៅក្នុងយុទ្ធនាការបោះឆ្នោត គឺលែងចោទប្រកាន់ចិនមុន ក្នុងរឿងបញ្ចុះតម្លៃលុយយ័នទៀតហើយ។ ផ្ទុយទៅវិញ លោកដូណាល់ ត្រាំបានអះអាង លោកចុះសម្រុងគ្នាខ្លាំងណាស់ជាមួយលោកស៊ីជីនពីង។ លោកស៊ី ជីនពីងដែលលោកដូណាល់ ត្រាំរំពឹងថា នឹងជួយអាមេរិកដើម្បីដោះស្រាយវិបត្តិនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
សម្រាប់លោកដូណាល់ ត្រាំ ចិនបោះមួយជំហានទៅមុខដើម្បីចូលរួមដាក់ទណ្ឌកម្មលើកូរ៉េខាងជើង។ ជាក់ស្តែង គឺកប៉ាល់ដឹកធ្យូងថ្មរបស់កូរ៉េខាងជើងទាំងប៉ុន្មានត្រូវបានអាជ្ញាធរចិន បដិសេធមិនឲ្យចូល ចាក់លក់ នៅកំពង់ផែចិន នៅខេត្ត លាវនីង។ ចិនបានបោះឆ្នោតនៅក្រុមប្រឹក្សាសន្តិសុខ ដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកូរ៉េខាងជើង ប៉ុន្តែ ចិនដែលជាដៃគូសេដ្ឋកិច្ចរបស់កូរ៉េខាងជើង ត្រូវបានអាមេរិកចោទថា មិនបានធ្វើសកម្មភាពជាក់ស្តែង ម៉ត់ចត់ ដើម្បីដាក់ទណ្ឌកម្មលើសម្ព័ន្ធមិត្តរបស់ខ្លួននោះទេ។ ធនាគាររបស់ចិនមួយចំនួនត្រូវរកឃើញថា បានជួយបិទបាំង ដើម្បីឲ្យរបបព្យុងយ៉ាងមានលទ្ធភាពធ្វើជំនួញនៅ បរទេស ដើម្បីបានទុនទៅអភិវឌ្ឍ ទំនើបកម្មសព្វាវុធ និងកងទ័ពកូរ៉េខាងជើង។
ចិនគ្មានជម្រើសត្រូវដាក់សម្ពាធមួយគ្រា លើសម្ព័ន្ធមិត្តរបស់ខ្លួន
ការបាញ់សាកល្បងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ធ្វើឲ្យចិនទើសចិត្តខ្លាំងណាស់ នោះ បើ ទោះបីជាចិន ចង់ការពារ មិនឲ្យកូរ៉េខាងជើងដួលរលំ។ ចិនដែលមានសេដ្ឋកិច្ចលូតលាស់ខ្លាំង មិនប្រាថ្នាចង់បានទេ អស្ថិរភាព នៅក្នុងប្រទេសជិតខាងរបស់ខ្លួន និងក្នុងតំបន់។ ចិនជឿថា បើសិនរបបព្យុងយ៉ាងដួលរលំ ជួបអស្ថិរភាពនយោបាយ នោះចិននឹងត្រូវទទួលថ្មបាក់ ព្រោះ ចិនត្រូវរងគ្រោះ ទទួលជនភៀសខ្លួនកូរ៉េខាងជើងរាប់លាន ដែលអាចរត់ទៅជ្រក ក្នុងទឹកដីរបស់ចិន។ ចិនរឹតតែមិនចង់បានទៅទៀត ភ្នក់ភ្លើងសង្រ្គាម ដែលបង្កាត់ឡើយ ដោយសារតែជម្លោះរវាងកូរ៉េខាងជើង និងក្រុមសម្ព័ន្ធមិត្តរបស់អាមេរិក។
មួយវិញទៀត ចិនក៏មិនចង់ឲ្យប្រទេសជិតខាងតូចតាចរបស់ខ្លួន ដូចជាកូរ៉េខាងជើង ក្លាយជាមហាអំណាចនុយក្លេអ៊ែរដូចខ្លួនដែរ។ កាលណាកូរ៉េខាងជើងអាចមាននុយក្លេអ៊ែរ នោះជប៉ុន ដែលជាសត្រូវរបស់ចិន ក៏នឹងអាចរកលេស ដើម្បីបំពាក់អាវុធនុយក្លេអ៊ែរនឹងគេដែរ។
ចាប់តាំងពីកូរ៉េខាងជើង ចូលដឹកនាំដោយគីម ជុងអ៊ុន ចិនឧស្សាហ៍កើតក្តីក្រហាយ ព្រោះថា ដោយសារតែការបាញ់សាកល្បងមីស៊ីល និងគ្រាប់បែកនុយក្លេអ៊ែរ របស់កូរ៉េខាងជើង ទើបបានជាអាមេរិកមានលេស តាំងខែលមីស៊ីលនៅក្បែរមាត់ទ្វារផ្ទះចិន។ ចិនចាត់ទុកប្រព័ន្ធខែលមីស៊ីលរបស់អាមេរិក គ្រោះថ្នាក់សម្រាប់យុទ្ធសាស្រ្តយោធាចិន។ ចិនដឹងថា សកម្មភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើង ជាមធ្យោបាយរស់រានតែមួយគត់របស់របបនេះ ប៉ុន្តែ ចិនគ្មានជម្រើស ទេ គឺត្រូវតែលះបង់ សុខចិត្តធ្វើតាមអាមេរិកខ្លះហើយ។ ប៉ុន្តែ នៅក្នុងកាលៈទេសៈនេះ ប្រតិកម្មរបស់ចិន គឺហាក់យឺតពេលទៅហើយ។ គេសង្កេតឃើញថា កូរ៉េខាងជើងរបស់លោកគីម ជុងអ៊ុន លែងស្តាប់ប៉េកាំងដូចមុនទៀតហើយ។ លោកគីម ជុងអ៊ុន ដែលមិនធ្លាប់ធ្វើដំណើរទៅទីក្រុងប៉េកាំងសោះ បានបញ្ជារឲ្យគេបាញ់សាកល្បង មួយលើកជាពីរលើក មីស៊ីល និងគ្រាប់បែកនុយក្លេអ៊ែរ ល្មើសមិនស្តាប់ការអំពាវនាវរបស់រដ្ឋាភិបាលចិន៕
ប្រភព៖http://khmernews168.info/archives/448
