នេះបើតាមការចេញផ្សាយដោយ Global Times នាព្រឹកថ្ងៃសៅរ៍ ទី១៥ ខែមេសា ឆ្នាំ២០១៧ ទំនាក់ទំនងរវាងរុស្ស៊ី-អាមេរិក បានងាកទៅរកភាពប្រសើរឡើងវិញបន្តិច បន្ទាប់ពីដំណើរទស្សនកិច្ច របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន ទៅកាន់ទីក្រុងម៉ូស្គូ ដោយបានជួបជាមួយមន្ត្រីកំពូល នៃរដ្ឋាភិបាលរុស្ស៊ីជាច្រើនរូប។ ក្នុងនោះផងដែរ ប្រទេសចិន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមសម្របសម្រួល ឲ្យបានជិតស្និទ្ធជាមួយ នឹងប្រទេសរុស្ស៊ី ដើម្បីឲ្យប្រទេសនេះ ជួយបន្ថយស្ថានការណ៍ ដែលកំពុងតានតឹង នៅក្នុងឧបទ្វីបកូរ៉េ ឲ្យបានឆាប់រហ័ស និងលើកទឹកចិត្តឲ្យភាគី ព្រួយបារម្ភទាំងអស់ បន្តការចរចាគ្នាឡើងវិញ។
យោងតាមសារព័ត៌មាន MSN ចេញផ្សាយនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧ បានឲ្យដឹងថា លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន បានប្រាប់លោក សឺហ្គេ ឡារ៉ូវ រដ្ឋមន្រ្តីការបរទេសរុស្ស៊ីថា ការបន្ថយកំដៅ នៃការសង្គ្រឺតដាក់គ្នា រវាងអាម៉េរិក និងកូរ៉េខាងជើង គឺសំដៅទៅលើភាពជាប់គាំង នៃកិច្ចពិភាក្សា ៦ភាគី ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងនោះ រួមមានប្រទេសរុស្ស៊ី ចិន និងសហរដ្ឋអាម៉េរិក។
ចិនក៏បានអះអាងទៀតដែរថា ទំនាក់ទំនងប្រសើរឡើង រវាងមហាអំណាចដែលដើរតួសំខាន់បំផុត នៅក្នុងអង្គការសហប្រជាជាតិនោះ វាជារឿងដ៏ប្រសើរបំផុត ដែលអនុញ្ញាតឲ្យយើងអាចដោះស្រាយ បញ្ហាប្រឈមនានា និងរក្សាបាននូវស្ថិរភាពពេញលេញសម្រាប់សកលលោក៕
ប្រភព៖http://www.pageth.info/archives/12144



