កូរ៉េខាងត្បូងបានឲ្យដឹងនៅថ្ងៃទី២១មេសានេះថា ខ្លួនកំពុងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ មុនពេលកូរ៉េខាងជើងប្រារព្ធពិធីដ៏អស្ចារ្យរបស់គេមួយទៀត។នោះគឺការប្រារព្ធខួបទី៨៥នៃការបង្កើតកងទ័ពប្រជាជនកូរ៉េ ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃទី២៥មេសា។កូរ៉េខាងត្បូងបានបញ្ជាឲ្យប្រុងប្រយ័ត្ននៅតំបន់ព្រំដែន និងយកចិត្ដទុកដាក់ខ្ពស់នៅទីនោះ ចន្លោះពេលមានការព្រួយបារម្ភថា កូរ៉េខាងជើងអាចនឹងធ្វើតេស្ដនុយក្លេអ៊ែរជាថ្មី។
គួរបញ្ជាក់ថា កូរ៉េខាងជើងនៅពេលប្រារព្ធពិធីធំៗម្ដងៗ តែងតែធ្វើតេស្ដមីស៊ីលឬអាវុធនុយក្លេអ៊ែរដើម្បីអបអរ ហើយនេះជាហេតុផលកូរ៉េខាងត្បូងកំពុងបារម្ភ ព្រោះកូរ៉េខាងត្បូងចាត់ទុកជាសកម្មភាពបង្កហេតុ ប៉ះពាល់ដល់ស្ថេរភាពលើឧបទ្វីបកូរ៉េ។មន្ដ្រីអាមេរិកនិងកូរ៉េខាងត្បូងកន្លងមក ធ្លាប់បាននិយាយដែរថា កូរ៉េខាងជើងអាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរលើកទី៦ ក្នុងពេលឆាប់ៗនេះហើយ។ ជាទង្វើដែលក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ ហាមឃាត់ដាច់ខាត៕
ប្រភព៖http://phsaonline.info/archives/1114



