បរទេស៖ រុស្ស៊ី និង អ៊ីរ៉ង់ ក្នុងនាមជាមេបញ្ជាការរួម រុស្ស៊ី-អ៊ីរ៉ង់ និង កងកម្លាំងជាសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាលស៊ីរី រួមដល់ក្រុមហ៊ិសបលឡោះហ៍ បានថ្កោលទោសប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបញ្ជាបាញ់ «ថូម៉ាហក» ដាក់ប្រទេសស៊ីរី ដោយបានចេញសេចក្តីថ្លែងការណ៍មួយព្រមានទៅអាមេរិកថា បើនៅតែប្រើអាវុធដាក់ស៊ីរីទៀត នោះនឹងជួបការវាយប្រហារខាងយោធាតបវិញជាមិនខាន ។
ស្របពេលដែល លោក យ៉ាតុលឡោះហ៍ អាលី ខាមេនេអ៊ី មេដឹកនាំជាន់ខ្ពស់របស់អ៊ីរ៉ង់ បាននិយាយថា ថូម៉ាហក ចំនួន ៥៩ គ្រាប់ របស់អាមេរិក ដែលបាញ់ដាក់មូលដ្ឋានទ័ពអាកាសរបស់ស៊ីរីកន្លងមកនោះ ជាយុទ្ធសាស្ត្រខុសធ្ងន់ណាស់ និង បានព្រមានថា «អ៊ីរ៉ង់មិនចេញពីសមរភូមិប្រយុទ្ធទេ ព្រមទាំងចោទថា រដ្ឋាភិបាល អូបាម៉ា បានបង្កើតក្រុម IS ដើម្បីឱ្យរដ្ឋាភិបាលក្រោយរបស់ ដូណាល់ ត្រាំ ប្រើនយោបាយបន្ត ។
មានព័ត៌មានថា ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន និង ប្រធានាធិបតីអ៊ីរ៉ង់ ហាសសាន់ រ៉ូហានី បានពិភាក្សាតាមទូរស័ព្ទស្តីពីស្ថានការណ៍ចុងក្រោយនៅក្នុងប្រទេសស៊ីរី ។ ស្របពេលដែលគេហទំព័រ អាល់វ៉ាតាន់ បានផ្សាយសេចក្តីថ្លែងការណ៍ថា ចាប់ពីថ្ងៃនេះទៅ ប្រសិនមានកើតហេតុបាញ់ ដូចមុនរបស់អាមេរិកទៀត សម្ព័ន្ធមិត្តរបស់រដ្ឋាភិបាលស៊ីរី នឹងវាយតបវិញយ៉ាងពេញកម្លាំង ។ បន្ទាប់មក សេខក្តីថ្លែងការណ៍បានថ្កោលទោសពីអាវុធគីមី ដែលធ្វើឱ្យស្លាប់ ៨៧ នាក់ក្នុងខេត្តវ៉ាត់អ៊ិតលីប ៕






