លោក Mike Pence អនុប្រធានាធិបតី កំពុងធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅតំបន់អាស៊ីរយៈពេល ១០ថ្ងៃ ក្នុងនោះលោកនឹងទៅកូរ៉េខាងត្បូងមុនគេ ដែលវាស្របពេលដែលស្ថានការណ៍ក្នុងតំបន់ឧបទ្វីបកូរ៉េកំពុងតែតានតឹងខ្លាំងបំផុត។ ដោយឡែកកងនាវាដឹកយន្តហោះចម្បាំងអាមេរិក USS Carl Vinson ដើរដោយថាមពលនុយក្លេអ៊ែរ ក៏នឹងទៅដល់តំបន់នោះក្នុងពេលឆាប់ៗផងដែរ៕
លោកអនុប្រធានាធិបតីសហរដ្ឋអាមេរិក Mike Pence ចាប់ផ្តើមធ្វើដំណើរទស្សនកិច្ចតំបន់អាស៊ីនិងមហាសមុទ្រប៉ាស៊ីហ្វិកដែលនឹងរួមបញ្ចូលទាំងដំណើរទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងនាព្រឹកថ្ងៃអាទិត្យ ទី១៦ ខែមេសា ឆ្នាំ២០១៧នេះបន្ទាប់ពីមានភាពមិនចាញ់មិនឈ្នះដ៏តានតឹងនៅឧបទ្វីបកូរ៉េមក។
លោកអនុប្រធានាធិបតីអាមេរិកPence បានចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃសៅរ៍ម្សិលមិញដែលនឹងមានរយៈពេល១០ថ្ងៃដើម្បីបំពេញទស្សនកិច្ចប្រទេស៤ដែលរួមមានការឈប់សំចតនៅក្នុងប្រទេសជប៉ុន ឥណ្ឌូនេស៊ី អូស្រ្តាលី និងកោះហាវ៉ៃ។
វាជាដំណើរទស្សនកិច្ចផ្លូវការលើកទីមួយរបស់លោកអនុប្រធានាធិបតីទៅកាន់តំបន់អាស៊ីនិងឆ្នេរមហាសមុទ្រប៉ាស៊ីហ្វិកដែលនៅទីនោះលោកអនុប្រធានាធិបតីនឹងជួបជាមួយពួកមេដឹកនាំដើម្បីពិភាក្សាពីបញ្ហាពាណិជ្ជកម្ម សេដ្ឋកិច្ចនិងសន្តិសុខ រួមទាំងសកម្មភាពបង្ករហេតុរបស់ប្រទេសកូរ៉េខាងជើងផង។ ហើយដំណើរទស្សនកិច្ចនេះនឹងពង្រឹងវិធីដោះស្រាយរបស់រដ្ឋបាលលោកដូណាល់ ត្រាំពីការផ្តល់តម្លៃយ៉ាងខ្លាំងទៅលើសម្ព័ន្ធមិត្តនិងភាពជាដៃគូរបស់យើងនៅក្នុងតំបន់អាស៊ីនិងមហាសមុទ្រប៉ាស៊ីហ្វិក។
មួយថ្ងៃបន្ទាប់ពីការប្រារព្ធទិវាព្រះអាទិត្យ ឬខួបទី១០៥ឆ្នាំនៃថ្ងៃកំណើតរបស់បិតាស្ថាបនិកកូរ៉េខាងជើង លោក គីម អ៊ីលស៊ុង នេះដែរ ត្រូវបានអន្តរជាតិមើលឃើញថា កូរ៉េខាងជើងមិនត្រឹមតែមិនខ្លាចការព្រមានរបស់អាមេរិកប៉ុណ្ណោះទេ ប៉ុន្តែទីក្រុងព្យុងយ៉ាងក៏មិនទុកមុខមាត់ឲ្យចិន ដែលជាបងធំដែលកន្លងតែងតែការពារខ្លួនលើឆាកអន្តរជាតិនោះ បន្តិចសោះឡើយ។
ទោះបី កូរ៉េខាងជើងមិនបានធ្វើការសាកល្បងអាវុធនុយក្លែអ៊ែរកាលពីថ្ងៃសៅរ៍ដូចដែលពួកអ្នកជំនាញខ្លះបានរំពឹងទុកក៏ដោយ ក៏មេដឹកនាំកូរ៉េខាងជើង Kim Jong Un បានធ្វើជាអធិបតីភាពក្បួនព្យុះហយាត្រាកងទ័ពក្នុងការប្រារព្ធខួបកំណើតថ្ងៃ១៥ ខែមេសា របស់សពលោក Kim Il Sung ជីតារបស់លោក Kim Jong Un និងជាមេដឹកនាំបង្កើតប្រទេសកូរ៉េខាងជើង។
ប្រភព៖http://www.pageth.info/archives/12288






