ពិតជាល្អមែនទៀន! សេដ្ឋីចិត្តធម៍សុខចិត្តលះបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនបរិចាគអោយជនទីទាល់ក្រ ព្រោះ…(មានវីដេអូ)



មីយ៉ាន់ម៉ា៖ លុយកាក់ទ្រព្យសម្បត្តិ គឺជាអ្វីៗទាំងអស់ដែលមនុស្សជាច្រើន ប្រាថ្នាចង់បានបំផុត ដើម្បីភាពរស់នៅស្រណុកសុខស្រួលក្នុងឆាកជីវិត រហូតមានមនុស្សមួយចំនួន កើតមានគំនិតមិនល្អ លោភលន់ ច្រណែនឈ្នានីស ដើរបោកបញ្ឆោត កេងប្រវ័ញ្ច លួចទ្រព្យសម្បត្តិអ្នកដទៃជាដើម ដើម្បីជាប្រយោជន៍របស់ខ្លួន។ ប៉ុន្តែសួរថា តើពេលស្លាប់ទៅអ្នកអាចយក លុយកាក់ទ្រព្យសម្បត្តិទាំងអស់នោះ ទៅជាមួយអ្នកបានដែរទេ?

ជាក់ស្តែងកាលពីពេលថ្មីៗកន្លងទៅនេះ មហាសេដ្ឋីមិនបង្ហាញអត្តសញ្ញាណម្នាក់ នៅប្រទេសមីយ៉ាន់ម៉ា បានសម្រេចចិត្តចែកទ្រព្យសម្បត្តិមហាសាល ដែលគាត់មានជាច្រើន ធ្វើជាអំណោយជូនដល់អ្នកក្រីក្រ ក្រោយពីរូបគាត់បានដឹងខ្លួនឯងរួចជាស្រេចថា មិនអាចមានជីវិតរស់នៅ បានយូរដូចមុនទៀតឡើយ។

តាមរយៈវីដេអូឃ្លីប ដែលត្រូវបានថតបង្ហោះចែកចាយនៅលើ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានបង្ហាញឲ្យឃើញពីសកម្មភាព របស់អ្នកស្រុកក្រីក្ររស់នៅក្នុងតំបន់ជាច្រើន បាននាំគ្នាឈរតម្រង់ជួរ ដើម្បីទទួលយកលុយដែលមហាសេដ្ឋីរូបនោះ បានរៀបចំចែកជូនធ្វើទានដល់ពួកគេ។

យោងតាមប្រភពពីគណនីហ្វេសប៊ុកផេកមួយ ដែលបានបង្ហោះចែកចាយនូវវីដេអូឃ្លីបនេះ បានឲ្យដឹងថា បុរសមានទ្រព្យស្តុកស្តម្ភខាងលើនេះ មានបញ្ហាទាក់ទងទៅនឹងសរសៃប្រសាទភ្នែក ហើយគាត់ក៏ដឹងខ្លួនឯងជាស្រេច ថាមិនអាចរស់នៅបានយូរទៀតឡើយ។ គាត់ដឹងថាពេលស្លាប់ទៅគាត់មិនអាចយក លុយកាក់ទ្រព្យសម្បត្តិមហាសាលរបស់គាត់ ទៅជាមួយបានឡើយ ទើបមហាសេដ្ឋីរូបនេះ សម្រេចចិត្តបរិច្ចាគទ្រព្យធន់មួយចំនួនធំ ជូនដល់អ្នកក្រខ្សត់តែម្តង។

ក្រោយពីអ្នកស្រុកបានទទួលអំណោយរួច ពួកគេបាននាំគ្នាលត់ជង្គង់ក្រាបសំពះ មហាសេដ្ឋីចិត្តធម៌រូបនេះ ដើម្បីបង្ហាញពីការដឹងគុណ និងអរគុណដល់រូបគាត់។
គួរឲ្យដឹងថាទិដ្ឋភាពទាំងអស់នេះ បានឆក់យកបេះដូងមហាជន និងអ្នកនិយមលេងអ៊ីនធើណែតជាច្រើន ឲ្យមានភាពភ្ញាក់ផ្អើល និងរំជួលចិត្តយ៉ាងខ្លាំង ពីទឹកចិត្តដ៏ប្រពៃរបស់បុរសមហាសេដ្ឋីខាងលើនេះ៕








 ប្រភព៖ KhmerLoad