ក្រុមហ៊ុនវៀតណាម Ba Hai Company Limited បានទទួលសំបុត្រព្រមានមួយច្បាប់ដែលបានចុះកាលបរិច្ឆេទ ២១មិនាឆ្នាំ ២០១៧ ពីរដ្ឋបាលចំណីអាហារ និងឱសថ (FDA) សហរដ្ឋអាមេរិក ក្រោយរកឃើញត្រី និងផលិតផលគ្រឿងសមុទ្រមានជាតិពុល។
ក្រុមហ៊ុននាំចូល Ba Hai ត្រូវបានគេដឹងថា បាននាំចូលប្រភេទត្រីផ្សេងៗ និងផលិតផលគ្រឿងសមុទ្រច្រើនមុខទៀតដែលមានទីតាំងនៅប្រទេសវៀតណាម។ ប្រភេទត្រីមានជាតិពុលគួរឲ្យព្រួយបារម្ភទាំងនោះ គឺប្រភេទ Scombroid ដែលបានក្លាសេ្សដូចជាត្រីស្បៃកា ត្រីធូណា ត្រី Kahawai និងស្ដេចត្រីមេអំបៅ (Butterfly Kingfish) ដោយពួកវាមានសាច់ប្រែជាជាំខ្មៅ។
ពពួកត្រីសមុទ្រ Scombroid មានផ្ទុកសារធាតុគីមីម្យ៉ាងឈ្មោះ Histadine ហើយបាក់តេរីក្នុងខ្លួនត្រីត្រូវបម្លែងច្រើនឡើងៗពេលវាស្ថិតនៅក្នុងសីតុណ្ហភាពខ្ពស់ជាង ១៥អង្សា រួចប្រែទៅជាសារធាតុពុល Scombrotoxin តែម្ដង។ សារធាតុចម្បងក្នុង Scombrotoxin គឺ Histamine ដែលគេមិនអាចកាត់បន្ថយវាបានតាមរយៈការចម្អិនឡើយ។
FDA បញ្ជាក់ថា កម្រិតសារធាតុពុល Histamine អាចមានតិចជាង ៥០មិល្លីក្រាមក្នុងត្រីមួយគីឡូ តែបើកម្រិតចាប់ពី ២០០មិល្លីក្រាមក្នុងមួយគីឡូ ឬច្រើនជាងនេះ ត្រូវគេចាត់ទុកថាគ្រោះថ្នាក់ខ្លាំងចំពោះសុខភាព។
FDA បានព្រមានទៀតថា ប្រសិនបើក្រុមហ៊ុន Ba Hai មិនបានដោះស្រាយត្រឹមត្រូវទេ នោះផលិតផលត្រី Scombroid នឹងមិនអនុញ្ញាតឲ្យនាំចូលសហរដ្ឋអាមេរិកឡើយ៕
ប្រភព៖ sabay



