រុស្ស៊ីបង្ហាញមូលដ្ឋានទ័ពលើវាលទឹកកកអាកទិច​ដ៏ធំជាលើក​ដំបូង


ប្រទេស​រុស្ស៊ី​បាន​​បង្ហាញ​​មូលដ្ឋានទ័ព​ថ្មី​សន្លាង​មួយ​នៅ​វាល​ទឹក​កក​អាកទិច​ដែល​មាន​ផ្ទុក​កង​ទ័ព ១៥០នាក់ ព្រម​ទាំង​យន្តហោះ​ចម្បាំង​ត្រៀម​សណ្ដោង​នុយក្លេអ៊ែរ​ជា​ច្រើន​គ្រឿង​ផ្សេង​​ទៀត។
អគារ​​ធំជាងគេ​​រាង​ត្រីកោណ​នេះ ​ត្រូវ​បាន​គេ​គូរ​ឆ្នូត​ក្រហម ស ខៀវ​ តាម​ពណ៌​ទង់​ជាតិ​ប្រទេស​រុស្ស៊ី ស្ថិត​នៅ​តំបន់​ដាច់​ស្រយាល Alexandra Land នៅ​ប្រជុំ​កោះ Franz Josef ។
មូលដ្ឋាន​ខាង​លើ​ជា​មូលដ្ឋាន​ធំ​បំផុត​របស់​រុស្ស៊ី​នៅ​លើ​វាល​ទឹក​កក​ចាប់​តាំង​ពី​ពេល​​ដួល​រលំ​សហភាព​សូវៀត​​ឆ្នាំ ១៩៩១ មក ចំណែក​ទីក្រុង​មូស្គូ​អះអាង​ថា​ តំបន់​នោះ​មាន​ប្រេង និង​ឧស្ម័ន​មហាសាល ដែល​គេ​ជឿ​ថា​មាន​តម្លៃ​ប្រមាណ ២៣​ទ្រីលាន​ផោន។
អគារ​កម្ពស់ ៥​ជាន់​ ត្រូវ​បាន​រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី​លោក Sergei Shoigu ​ដាក់​ឈ្មោះ​ Nagursky។ បើ​តាម​ប្រភព​មន្ត្រី​រុស្ស៊ី​បង្ហើប​ឲ្យ​ដឹង​ថា​ ពួក​គេ​អាច​នឹង​ដាក់​បញ្ឈរ​ជើង​យន្តហោះ​យោធា​នៅ​ទី​នោះ​បន្ថែម​ទៀត​នាពេល​ខាង​មុខ​។ ​ក្នុង​នោះ​មាន​ប្រភេទ​យន្ដ​ហោះ​ចម្បាំង MiG-31 បង្កើត​ឡើង​សម្រាប់​បាញ់​​យន្ដ​ហោះ​ទម្លាក់​គ្រាប់​បែក​​ចម្ងាយ​ឆ្ងាយ ឬ​យន្តហោះ​ទម្លាក់​គ្រាប់​ខ្សែ​ជួរ​មុខ SU-34។
សារព័ត៌មាន​រុស្ស៊ី Moscow Times រាយ​ការណ៍​ថា​ក្រៅ​ពី​នោះ​ ​គេ​មាន​​សង់​រោង​ភាព​យន្ដ​ ​កន្លែង​លេង​កីឡា​វាយ​កូន​បាល់ និង​បន្ទប់​បុក​ប៊ីយ៉ា​។
កាល​​ដើម​ឆ្នាំ ២០១៧ មាន​សេចក្ដី​រាយការណ៍​មួយ​ទៀត​ថា ទីក្រុង​មូស្គូ​​​បាន​ចាប់​ផ្ដើម​សង់​នាវា​បំបែក​ទឹកកក​ដើម្បី​ប្រកួត​ប្រជែង​គ្រប់​គ្រង់​​នៅ​តំបន់​ប៉ូល​ជាមួយ​​ប្រទេស​កាណាដា សហរដ្ឋអាមេរិក ន័រវែស ​និង​ចិន​ផង​ដែរ៕










ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ sabay