ហួសចិត្ត…! នារីស្រស់ស្អាតម្នាក់ក្នុងសម្លៀកបំពាក់សមរម្យ បានហៅម៉ូតូកង់បីជិះ ដោយប្រាប់ថា ទៅផ្ទះសំណាក់ក្បែរនោះ តែពេលជិះ អស់ពីកន្លែងមួយ ចង្អុលទៅកន្លែងមួយ នៅតែមិនទាន់ថាដល់ទៀត ជិះបណ្តើររអ៊ូម្នាក់ឯងបណ្តើរ ផ្តើមដឹកចេញពីក្រោយ វត្តអង្គតាមុិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ កាលពីវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី២១ ខែមេសា កាត់តាមផ្លូវ២០០៤ ទៅផ្លូវ២០១១ បត់ត្រឡប់ទៅផ្លូវសហព័ន្ធរុស្សី ធ្លាយទៅផ្លូវវេងស្រេង រហូតដល់វេលាម៉ោង ៨និង៣០នាទី មកដល់មុខផ្សារសុិនជូរី ឈប់សាកសួរ បែរជាម៉ូយស្រីខាងលើប្រាប់ថា ជិះរហូត ព្រោះអូនស្រឡាញ់បង។ ពេលនោះហើយ ទើបអ្នកបើក ម៉ូតូកង់បីដឹងថា ប៉ះចំនារីមានសតិមិនប្រក្រតី ។
នារីខាងលើប្រាប់ឲ្យដឹងថា៖ រូបគេមានឈ្មោះ ឆវី ហៅស្រីស្អាត អាយុ២៨ឆ្នាំ អតីតកម្មករសំណង់ ស្នាក់នៅម្តុំកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង ស្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ស្រុកមេសាង ខេត្តព្រៃវែង ហើយរូបគេក៏ធ្លាប់មានប្តីម្តងដែរ មានទាំងសង្សារទៀត តែរត់ចោលអស់ហើយ ទុកឲ្យគេនៅតែលតោល ម្នាក់ឯងគ្មានទីជម្រក ទើបរូបគេ ស្វែងរកប្តីគេវិញ (ទាំងនេះគ្រាន់តែសម្តី របស់ស្រ្តីមានសតិមិនប្រក្រតីទេ) ។
ចំណែកឯបុរសអ្នករត់កង់បីវិញ បានរៀបរាប់ថា៖ មុនកើតហេតុ គ្រាន់តែបើកម៉ូតូចេញពីផ្ទះ ស្រាប់តែនារីខាងលើ ដោយមានកាន់បាវឥវ៉ាន់មួយផង បានហៅឲ្យគាត់ឌុប គ្រាន់តែប្រាប់ថា ទៅផ្ទះសំណាក់ក្បែរនោះ ហើយក៏ដឹកទៅដល់ ផ្ទះសំណាក់មួយ ផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ត្រូវបានម៉ូយពិសេសម្នាក់នេះ ប្រាប់ថាទៅមុខទៀត ធ្លាយទៅដល់ផ្លូវ២០១១ ហើយនៅតែថា មិនមែនទៀត ចង្អុលឲ្យដឹកទៅផ្លូវវេងស្រេង បត់ត្រលប់តាមផ្លូវ សហព័ន្ធរុស្សី នៅតែថាមិនទាន់ដល់ អស់រយៈពេល ២ម៉ោងទៅហើយ មិនដឹងថា ទៅគោលដៅណាឲ្យច្បាស់ លុះដល់មុខផ្សារសុិនជូរី គាត់ក៏ឈប់ម៉ូតូ ហើយសាកសួរបញ្ជាក់ឲ្យច្បាស់ តែបែរជាម៉ូយស្រីម្នាក់នេះ ប្រាប់ថា អត់ចុះទេ ជិះម៉ូតូបងរហូត ព្រោះអូនស្រឡាញ់បងកង់បី ។
ទោះជាយ៉ាងណាក៏ដោយ សមត្ថកិច្ចនិងប្រជាពលរដ្ឋ សុំឲ្យស្រ្តីខាងលើចុះ ចូលទៅអង្គុយលេង ក្នុងប៉ុស្តិ៍នគរបាល ហើយសូមធ្វើការអំពាវនាវផងដែរ ដល់ក្រុមគ្រួសារ សាច់ញាតិ មេត្តាមកទទួលយកជនរងគ្រោះ ត្រឡប់ទៅវិញផងចុះ ៕
ប្រភព៖http://phsayonline.info/archives/558




