មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានគំរាមកម្ទេចសហរដ្ឋអាមេរិកឲ្យក្លាយជាផេះសារជាថ្មីជាមួយគ្រាប់នុយក្លេអ៊ែររបស់ខ្លួន ប្រសិនបើសហរដ្ឋអាមេរិកហ៊ានបាញ់កូរ៉េខាងជើងសូម្បីមួយគ្រាប់។
ក្រុងព្យុងយ៉ាងនិយាយថា ខ្លួននឹងប្រើប្រាស់រ៉ុកកែតមិនអាចទប់បាន Hwasong បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន ខណៈភាពតានតឹងជាមួយកូរ៉េខាងត្បូងបន្តឡើងកម្ដៅ។
សារគំរាមនេះធ្វើឡើងខណៈពេលទីក្រុងសេអ៊ូលមើលឃើញថា ការតេស្ដម៉ាស៊ីនរ៉ុកកែតថ្មីរបស់ក្រុងព្យុងយ៉ាងបានបង្ហាញឲ្យឃើញពីការវិវឌ្ឍន៍គួរឲ្យចាប់អារម្មណ៍។ ឯអ្នកវិភាគមួយរូបអះអាងថា រដ្ឋដ៏អាថ៌កំបាំងនេះកំពុងបោះជំហានដ៏គ្រោះថ្នាក់ទៅដល់គោលដៅអភិវឌ្ឍរ៉ុកកែតជឿនលឿនដើម្បីអាចកម្ទេចអាមេរិកទៀតផង។
សេចក្ដីថ្លែងការណ៍ចេញពីការិយាល័យការបរទេសលោក គីម ជុងអ៊ុន បានផ្សាយឲ្យដឹងកាលដើមខែមិនា មុនពេលតេស្តគ្រាប់ចុងក្រោយថ្មីៗនេះថា "កងទ័ពប្រជាជនកូរ៉េនឹងកម្ទេចការឈ្លានពាន និងការអុជអាលនានាឲ្យក្លាយជាផេះជាមួយរ៉ុកកែត Hwasong បំពាក់ក្បាលគ្រាប់ដើម្បីការពារសន្តិសុខប្រទេស និងភាពសប្បាយរុងរឿងរបស់ប្រជាជន ករណីកងកម្លាំងអាមេរិក និងកូរ៉េខាងត្បូងបាញ់កាំភ្លើងសូម្បីមួយគ្រាប់ចូលកូរ៉េខាងជើង។"
កាលពីយប់ថ្ងៃទី ២០មិនា ភ្នាក់ងារសារព័ត៌មាន KCNA ផ្សាយថា ម៉ាស៊ីនរ៉ុកកែតថ្មីអាចជួយឲ្យកូរ៉េខាងជើងសម្រេចដល់សមត្ថភាពបាញ់បង្ហោះផ្កាយរណបលំដាប់ពិភពលោកដែលជាប្រភេទម៉ាស៊ីនរ៉ុកកែតបាញ់មីស៊ីលឆ្លងទ្វីប៕
ប្រភព៖ sabay





