ខឹង​ឪពុក​មិន​ឲ្យ​​កាដូ​​​រថយន្ត​ថ្ងៃ​ពិសេស រត់​ចេញ​ពី​ផ្ទះ​ព្រោះ​ឃើញ​របស់​ហួសចិត្ត​



ជេមស៍ ជា​និស្សិត​​រៀន​នៅ​មហាវិទ្យាល័យ​មួយ ​​គេ​តែង​តែ​សរសើរ​មិន​ដាច់​ពី​មាត់​​អំពី​​ប្រភេទ​រថយន្ត​ស្ព័រ​​ជា​យូរ​មក​ហើយ និង​ចង់​បាន​មក​ជិះ​​នា​ពេល​ណា​មួយ។ ​រូប​គេ​ដឹង​ថា​ឪពុក​​ខ្លួន​មាន​លទ្ធភាព​​​អាច​ទិញ​ឲ្យ​​តែ​រង​ចាំ​ឱកាស​​ល្អ​មក​ដល់។


រូបតំណាង
​​ថ្ងៃ​មួយ ​​គេ​បាន​​ប្រាប់​ត្រង់​ៗ​​ទៅ​​​កាន់​ឪពុក​​ថា​ ខ្លួន​ចង់​បាន​​រថយន្ត​ស្ព័រ​​​ជា​កាដូ​នៅ​​ថ្ងៃ​​បញ្ចប់​​ការ​សិក្សា​របស់​ខ្លួន។ លុះ​ថ្ងៃ​ទទួល​សញ្ញាប័ត្រ​មក​ដល់​ ​​ឪពុក​​បាន​ហៅ​កូន​ប្រុស​ចូល​​ទៅ​ក្នុង​បន្ទប់​តែ​ពីរ​នាក់​​ ហើយ​និយាយ​ទាំង​​រីករាយ​ថា "ពុក​​មាន​មោទនភាព​​ណាស់​​ដែល​មាន​​កូន​ប្រុស​​ល្អ​​ដូច​រូប​កូន។ ​តើ​កូន​​ស្រលាញ់​​ពុក​​ប៉ុណ្ណា? ពុក​​ជូន​​កាដូ​មួយ​​កញ្ចប់​នេះ​​ទៅ​ឲ្យ​កូន តើ​កូន​ពេញ​ចិត្ត​ទេ?
​ភ្លាម​​ៗ​បន្ទាប់​ពី​​ទទួល​បាន​​កាដូ កូន​ប្រុស​​ប្រែ​ទឹក​​មុខ​ជា​ក្រហម​ខឹង​​ខ្លាំង ព្រោះ​មិន​​បាន​រថយន្ត​​តាម​ការ​ចង់​បាន។ ​ទោះ​វា​​ជា​កញ្ចប់​កាដូ​ តែ​គេ​នៅ​តែ​​ចង់​បើក​មើល​ថា​មាន​​អ្វី​នៅ​ក្នុង​នោះ។ ​គេ​បាន​បើក​ប្រអប់​យឺត​ៗ​អ៊ុត​មើល​​ស្រាប់​តែ​​ឃើញ​សៀវភៅ​មួយ​ក្បាល​​ទៅ​វិញ។ កាដូរ​នេះ​ធ្វើ​ឲ្យ​ ជេមស៍ រឹត​​តែ​ខឹង​ខ្លាំង រហូត​​ស្រែក​​គំហក​​ដាក់​ឪពុក​​​ថា "​ក្រែង​ពុក​ជា​អ្នក​មាន ម៉េច​​បាន​​ជា​ពុក​ឲ្យ​សៀវភៅ​​នេះ​​វិញ"។ និយាយ​​ចប់ ​គេ​បាន​គ្រវែង​​​កាដូ​នេះ​នៅ​ពី​មុខ​ឪពុក ​និង​បាន​រត់​ចេញ​​ពី​ផ្ទះ​​​​​ជា​រៀង​រហូត ដោយ​ឃាត់​​លែង​បាន។
​ពេល​វេលា​កន្លង​ផុត​ទៅ​អស់​រយៈពេល​ជា​ច្រើន​​ឆ្នាំ​ ​ជេមស៍ ​បាន​ក្លាយ​​ជា​អ្នក​ជំនួញ​កាក់កប​ម្នាក់។ គេ​បាន​រៀប​ការ​​ និង​​មាន​​កូន​​២​នាក់​ថែម​ទៀត។ គ្រួសារ​​របស់​គេ​រស់​​នៅ​ក្នុង​ផ្ទះ​​​ដ៏​ស្រស់​​ស្អាត​​មួយ ​ប៉ុន្តែ​​អារម្មណ៍​គេ​នៅ​តែ​ឈឺ​ចាប់​ ព្រោះ​បាន​​​ផ្ដាច់​ទំនាក់​ទំនង​ជាមួយ​ឪពុក​​។ ជេមស៍​ ​មិនដែល​​ឃើញ ​និង​មិនដែល​​​ទៅ​លេង​ឪពុក​ឡើយ ចាប់​តាំង​​ពី​ថ្ងៃ​​បញ្ចប់​ការ​សិក្សា​នោះ​មក។
ថ្ងៃ​មួយ​ រូប​គេ​​បាន​ទទួល​សារ​​ដ៏​សោកសៅ​មួយ​​ដោយ​​ប្រាប់​ថា​​ឪពុក​របស់​គេ​បាន​លា​ចាក​លោក​​ទៅ​ហើយ​។ ​​បន្ទាប់​ពី​ផ្ទៀងផ្ទាត់​លិខិតស្នាម​​នានា ជេមស៍ បាន​​ទទួល​មរតក​ពី​​ឪពុក​​ទាំង​អស់​​ដោយ​ស្រប​ច្បាប់។ ​ពេល​ទទួល​ដំណឹង​ថា​​ ខ្លួន​ទទួល​​ទ្រព្យ​សម្បត្តិ​​ពី​ឪពុក​ហើយ គេ​បាន​​ធ្វើ​ដំណើរ​​ទៅ​​កាន់​ផ្ទះ​ឪពុក​​​ រួច​ដើរ​​ចូល​​ក្នុង​បន្ទប់​ឪពុក ​និង​​រក​មើល​​លិខិត​ស្នាម​​សំខាន់​ៗ​​នៅ​សេស​សល់​ផ្សេង​ទៀត។
ពេល​​​នោះ គេ​ស្រាប់​តែ​ប្រទះ​​ឃើញ​​សៀវភៅ​​​មួយ​ក្បាល​ដែល​​ឪពុក​​ធ្លាប់​ជូន​កាល​​​ថ្ងៃ​ចែក​សញ្ញាប័ត្រ ​ហើយ​​គេ​បាន​ឃើញ​​​ពាក្យ​​មួយ​ឃ្លា​ ឪពុក​គូស​បន្ទាត់​ពី​ក្រោម​​ដោយ​សរសេរ​ថា "​ប្រសិន​បើ​​អ្នក​ដឹង​ពី​របៀប​ជូន​​​កាដូ​ដ៏​ល្អ​ឲ្យ​កូន​​ ​តើ​អ្នក​នឹង​​ជូន​តម្លៃ​ច្រើន​ប៉ុណ្ណា?" ​អាន​បណ្ដើរ​គិត​បណ្ដើរ​ ស្រាប់​តែ​​កូន​សោ​​​មួយ​​ធ្លាក់​ចេញ​​ពី​ខ្នង​សៀវភៅ​។ ​រំពេច​​នោះ​​ គេ​បាន​ភ្ញាក់​ខ្លួន​ព្រើត​​​នឹក​ឃើញ​ថា ​វា​ជា​កូន​សោ​​រថយន្ត​​ស្ព័រ​​ ដែល​ខ្លួន​ចង់​បាន​កាល​ថ្ងៃ​បញ្ចប់​សញ្ញាប័ត្រ​ទេ​តើ​។ ជេមស៍​ ​ក៏​បាន​ឃើញ​នៅ​បន្តោង​​សោ​មាន​​សរសេរ​​ថ្ងៃ​ខែ​បញ្ចប់​ការ​សិក្សា​របស់​ខ្លួន និង​​ពាក្យ​មួយ​ឃ្លា​ថា "​ពុក​​បាន​​ជូន​​​អ្វី​​ដែល​កូន​ចង់​បាន​ហើយ។" អ្វី​​ៗ​បាន​កន្លង​ហួស​​អស់​ ​ជេមស៍ ​បាន​​ត្រឹម​​សម្រក់​ទឹក​ភ្នែក​ទាំង​អារម្មណ៍​ក្ដុកក្ដួល និង​មាន​វិប្បដិសារី​ប៉ុណ្ណោះ៕
តម្លៃ​អប់​រំ​រឿង៖ ភាព​ឆេវឆាវ​ ឆាប់​ខឹង ​ធ្វើ​ឲ្យ​មនុស្ស​ខាត​បង់​ផល​ប្រយោជន៍​ និង​ទំនាក់​ទំនង​មួយ​រំពេច។ ​គ្រប់​​គ្នា​​ត្រូវ​រៀន​​ទប់​កំហឹង មិន​ឆាប់​​បញ្ចេញ​ប្រតិកម្ម​ពេក​ទេ ព្រោះ​នឹង​ធ្វើ​ឲ្យ​​យើង​គិត​​មិន​បាន​គ្រប់​ជ្រុង​ជ្រោយ។ ឪពុក​ម្ដាយ​​តែង​តែ​​សប្បាយ​រីករាយ មាន​មោទនភាព ​​ពេល​ឃើញ​កូន​ខ្លួន​រៀន​សូត្រ​ចេះ​ដឹង។ ក្នុង​នាម​ជា​កូន ​​ទោះ​បី​ជា​យើង​​គិត​ថា​​ឪពុក​​ម្ដាយ​​​ធ្វើ​ឲ្យ​យើង​មិន​សប្បាយ​ចិត្ត ​ក៏​មិន​ត្រូវ​កាត់​ផ្ដាច់​ទំនាក់​ទំនង​ជា​មួយ​គាត់​ដែរ ​យ៉ាង​ហោច​ណាស់​គិត​ថា​មាន​​ពួក​គាត់​ ទើប​មាន​​រូប​អ្នក​បាន​រស់នៅ​​​នា​ពេល​នេះ។

រូបតំណាង












ប្រែសម្រួល៖ ឡេង ភារុណ
ប្រភព៖ បរទេស​
ប្រភព៖ សប្បាយ