​ដំណឹង​ល្អ​! ​ចង់​ទិញ​ម៉ូតូ​​ថ្មី​ជិះ​​ កាន់​មាន​លក្ខណៈ​ពិសេស​ថែម​ទៀត​




កាន់​តែ​មាន​លក្ខណៈ​ពិសេស​បន្ថែម​ទៀត ចំពោះ​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​ចង់​ទិញ​ម៉ូតូ​ថ្មី​ជិះ​ គឺ​កាន់​តែ​ងាយ​ស្រួល​មិន​សាំញ៉ាំ​នោះ​ទេ​។
កាលពីពេលថ្មីៗ​នេះ ក្រុមហ៊ុន​ ហុងដា បាន​ស្នើ​ទៅ​កាន់​ឯកឧត្ដម ស៊ុន ចាន់ថុល ​ថា​នៅ​​ពេល​ដែល​ប្រជាពលរដ្ឋ​មក​ទិញ​ម៉ូតូ​ថ្មី​​ គឺ​ត្រូវ​​​ចុះ​បញ្ជី​ជាមួយ​ក្រុមហ៊ុន​ហើយ​ គឺ​​ជា​ការ​ស្រេច​​តែ​ម្ដង ដោយ​មិន​ចាំបាច់​​ចុះ​ម្ដង​ទៀត​ជាមួយ​ក្រសួង​នោះ​ទេ​។

​សំណើ​របស់​ក្រុមហ៊ុន ហុងដា ត្រូវ​បាន​ ឯកឧត្ដម ស៊ុន ចាន់ថុល ​ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​យល់​ព្រម​ និង​ឯកភាព​ទៅ​លើ​រឿង​នេះ​។ ដូច្នេះ​ហើយ​មាន​ន័យ​ថា​​ ពេល​ទិញ​ម៉ូតូ​ថ្មី​ជិះ បន្ទាប់​ពី​ចុះ​​បញ្ជី​យានយន្ត​ជាមួយ​ក្រុមហ៊ុន​ហើយ​ គឺ​ស្មើ​នឹង​ចុះ​បញ្ជី​ជាមួយ​ក្រសួង​ដូច្នោះ​ដែរ ព្រោះ​បន្តិច​ទៀត​នេះ​​ ​ប្រព័ន្ធ​ចុះ​បញ្ជី​យានយន្ត​រវាង​ក្រុមហ៊ុន និង​ក្រសួង​ គឺ​​ត្រូវ​បាន​ត​ភ្ជាប់​គ្នា។ ឥឡូវ​នេះ​ក្រុម​បច្ចេកទេស​កំពុង​តែ​ធ្វើ​ការ​ទៅ​លើ​រឿង​នេះ​ហើយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ចាប់​ពី​ថ្ងៃ​នេះ​ទៅ​ បងប្អូន​ប្រជាពលរដ្ឋ​ដែល​ចង់​ទិញ​ឡាន​ម៉ូតូ​ថ្មី លែង​ពិបាក​ទៀត​ហើយ ដោយ​មិន​ចាំបាច់​ទៅ​ចុះ​បញ្ជី​យានយន្ត និង​ធ្វើ​ប័ណ្ណ​សម្គាល់​យានយន្ត​នៅ​នាយកដ្ឋាន​ដឹក​ជញ្ជូន​ទៀត​ទេ​។
ការ​ចុះ​បញ្ជី​ទោចក្រយានយន្ត​​តាម​ប្រព័ន្ធ​អន​ឡាញ នេះ​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​មួយ​ផ្នែក​ធំ​ក្នុង​ការ​ទិញ​យានយន្ត​ នៅ​ពេល​ដែល​​ចង់​ទិញ​ឡាន ម៉ូតូ​ថ្មី គឺ​ត្រូវ​កឹប​ផ្លាក​លេខ និង​ចុះ​បញ្ជី​ដោយ​ផ្ទាល់​នៅ​កន្លែង​ទិញ​ ​រួច​ហើយ​អូស​ម៉ូតូ​ចេញ​ពី​ហាង​គឺ​ចប់​រឿង​។ ​ប្រជាពលរដ្ឋ​គ្រាន់​តែ​ចំណាយ​ប្រាក់​តែ ៤០,០០០​រៀល​ បូក​បន្ថែម​លើ​ថ្លៃ​ម៉ូតូ​នោះ ​នឹង​ទទួល​បាន​សេវា​សព្វ​គ្រប់​បែប​យ៉ាង​នៅ​នឹង​កន្លែង លែង​​មាន​ចំណាយ​ក្រៅ​ផ្លូវ​ការ​អ្វី​ទាំង​អស់​៕



ប្រភព៖ sabay