ពិតអត់ កូរ៉េខាងជើង គ្រោងចាប់ជំរិត​ជនបរទេស បើសង្គ្រាម​ផ្ទុះឡើងមែន?


កូរ៉េខាងជើង គ្រោង​នឹង​យក​ភ្ញៀវ​ទេសចរ​បរទេស​ធ្វើ​ជា​ចំណាប់ខ្មាំង ប្រសិន​បើ​សហរដ្ឋអាមេរិក វាយ​ប្រហារ​ប្រទេស​កុម្មុយនិស្ត​នេះ​ពិត​មែន។ នេះ​បើ​តាម​ការ​បង្ហាញ​ឲ្យ​ដឹង ពី​ជនជាតិ​កូរ៉េខាងជើង​ដែល​រត់​ចោល​ស្រុក​ម្នាក់។
យោង​តាម​គេហទំព័រ Dailystar របស់​ចក្រភព​អង់គ្លេស ដែល​បាន​ចុះផ្សាយ នៅ​ថ្ងៃ​អាទិត្យ ទី​១៦ បាន​ឲ្យ​ដឹង​ថា ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​មេដឹកនាំ​ផ្ដាច់ការ គីម ជុងអ៊ុន ប្រទេស​កូរ៉េខាងជើង​បាន​បណ្តុះបណ្តាល​ក្រុម​កង​កុម្ម៉ង់ដូ​ពិសេស ដើម្បី​ចាប់ជំរិត​ភ្ញៀវ​ទេសចរ ប្រសិន​បើ​សង្គ្រាម​ពិត​ជា​ផ្ទុះ​ឡើង​មែន។

ក្រុម​ចាប់​ជំរិត​ពិសេស​នោះ ត្រូវ​បាន​គេ​ហៅ​ថា «Snatch Squads» នឹង​ឆ្លង​កាត់​ព្រំដែន​កូរ៉េខាងជើង ចូល​ទៅ​កូរ៉េខាងត្បូង ដើម្បី​ចាប់​ជំរិត​គោលដៅ​របស់​ពួកគេ។ នេះ​បើ​តាម​ការ​បង្ហាញ​ប្រាប់​ពី​ជន​រត់​ចោល​ស្រុក ដែល​ជា​អតីត​សមាជិក​នៃ​ក្រុម​នេះ។
មិនតែប៉ុណ្ណោះ កង​កម្លាំង​ពិសេស​ដែល​ប្រដាប់​ទៅ​ដោយ​សារធាតុ​ពុល​សាហាវ​ទាំង​នោះ ត្រូវ​បាន​ណែនាំ​ឲ្យ​សម្លាប់​ចំណាប់ខ្មាំង​របស់​ពួកគេ​ទៀត​ផង។ ជាមួយ​គ្នា​នេះ​ដែរ ពួកគេ​នឹង​ចាប់​យក​ភ្ញៀវ​ទេសចរ ឬ​ពាណិជ្ជករ​បរទេស ហើយ​ព្យាយាម​នាំ​វិល​ត្រឡប់​មក​ប្រទេស​កូរ៉េខាងជើង​វិញ។ ប៉ុន្តែ ប្រសិន​បើ​ពួកគេ​មិន​អាច​នាំ​វិល​ត្រលប់​មក​វិញ​ទេ ពួកគេ​នឹង​សម្លាប់​ចំណាប់ខ្មាំង​យ៉ាង​ព្រៃផ្សៃ នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង តែម្តង។
លោក Ung-gil Lee អាយុ​៣៧​ឆ្នាំ ដែល​បាន​រត់​ទៅ​រស់​នៅ​ប្រទេស​កូរ៉េខាងត្បូង បន្ទាប់​ពី​បម្រើ​ក្នុង​ក្រុម​កង​កុម្ម៉ង់ដូ​ពិសេស​នោះ អស់​រយៈពេល​៦​ឆ្នាំ បាន​ប្រាប់​ឲ្យ​ដឹង​ថា «ពួកគេ​នឹង​ចូល​ទៅ​កូរ៉េខាងត្បូង... ផ្លាស់ប្ដូរ​សំលៀកបំពាក់... ចូល​ទៅ​តំបន់​ដែល​មាន​ជនបរទេស​ច្រើន រួច​ចាប់​យក​​ជនបរទេស​មួយ​ចំនួន។ ពួកគេ​ចងចាំ​ពី​ទីតាំង លេខទូរស័ព្ទ និង​ស្លាក​លេខ​រថយន្ត​របស់​ស្ថានទូត​ធំៗ។ ពួកគេ​កាន់​ថ្នាំបំពុល​ដ៏​សាហាវ ឈ្មោះ Neostigmine Bromide និង Potassium Cyanide ហើយ​វា​គឺ​ជា​បេសកកម្ម​អត្តឃាត»។
លោក Lee បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា «ករណី​ដែល​ល្អ​បំផុត​គឺ នាំ​យក​ចំណាប់ខ្មាំង​ត្រលប់​មក​កូរ៉េខាងជើង​វិញ។ ប្រសិន​បើ​មិន​អាច ពួកគេ​នឹង​ចាប់​ជំរិត​ចំណាប់ខ្មាំង​នៅ​កូរ៉េខាងត្បូង ប៉ុន្តែ​ពួកគេ​នឹង​ត្រូវ​ស្លាប់​ទាំងអស់»។
គួរ​រំលឹក​ផង​ដែរ​ថា កាល​ពី​ថ្ងៃ​អាទិត្យ ទី១៦ ម្សិល​មិញ​នេះ ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលរបស់ខ្លួនទៅឆ្នេរសមុទ្រភាគខាងកើត តែត្រូវគេជឿថាមិនទទួលជោគជ័យនោះទេ។
ការបាញ់នេះ​បាន​ធ្វើឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានគំរាមសហរដ្ឋអាមេរិកថា ពួកគេត្រៀមខ្លួនរួចជាស្រេច ដើម្បីវាយបកដោយប្រើអាវុធនុយក្លេអ៊ែរ ចំពេលដែលភាពតានតឹងកំពុងកើនឡើង​កាន់​តែ​ខ្លាំង​នៅឧបទ្វីបកូរ៉េ៕








ប្រភព៖ Dailystar   ប្រែ​សម្រួល៖ សេង ឡុង
ប្រភព៖http://news.sabay.com.kh/article/924591#utm_campaign=onpage