បរទេស៖ មានសំណួរជាច្រើនបានចោទសួរថា៖ ប្រសិនបើថ្ងៃណាមួយ សង្គ្រាមផ្ទុះឡើងរវាងសហរដ្ឋអាមេរិកនិងប្រទេសទាំងអស់នៅលើពិភពលោក ដឹងថានឹងមានអ្វីកើតឡើងទេ? ដោយមិនគិតពីសត្រូវចាស់បច្ចុប្បន្ន ចុះបើសង្គ្រាមផ្ទុះឡើងជាមួយប្រទេសសម្ព័ន្ធមិត្តដែរ មានដូចជាអង់គ្លេស បារាំង និងកូរ៉េខាងត្បូង តើអាមេរិកអាចទប់ទល់បានយូរប៉ុណ្ណាដែរ?តែបើយោងតាមការចុះផ្សាយរបស់គេហទំព័រដែលផ្ដោតលើវិស័យយោធា We Are the Mighty បានចេញផ្សាយថា និយាយបែបខ្លី គឺអាមេរិកអាចទប់ទល់បាន។
មូលហេតុដេលគេហទំព័រនេះហ៊ានអះអាងបែបនេះព្រោះ៖
១). កងកម្លាំងជើងទឹក៖បើគិតមកទល់នឹងពេលនេះ សហរដ្ឋអាមេរិកមានកងទ័ពជើងទឹកធំជាងគេបំផុតក្នុងលោក។ នាវា និងកប៉ាល់អាមេរិកអាចផ្ទុកទម្ងន់សរុបបាន ប្រមាណ ៣ ៤១៥ ៨៩៣តោន។ កងទ័ពជើងទឹកអាមេរិកបច្ចុប្បន្ន គឺមានទំហំធំជាង កងកម្លាំងធំជាងគេបំផុតបន្ទាប់ពីអាមេរិក ៨ ប្រទេសបូកបញ្ចូលគ្នា។ បើនិយាយពីបច្ចេកវិទ្យាវិញ គឺច្បាស់ណាស់ថា អាមេរិកទំនើបជាងបណ្ដាប្រទេសណាៗទាំងអស់ក្នុងលោក។ ឧទាហរណ៍ បើប្រៀបធៀប នាវាដឹកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ អាមេរិក និងបារាំងវិញ គឺបារាំង មានតែមួយគ្រឿងប៉ុណ្ណោះ ប៉ុន្តែអាមេរិកវិញបច្ចុប្បន្នមាន ១០គ្រឿង ហើយកំពុងអភិវឌ្ឍន៍មួយគ្រឿងបន្ថែមទៀត។
បើនិយាយពីឆ្មាំសមុទ្រវិញ មានតួនាទីធម្មតាគឺការពារដែនសមុទ្ររបស់សហរដ្ឋអាមេរិក ប៉ុន្តែបើបំពេញការងារលើសពីហ្នឹងក្រុមឆ្មាំសមុទ្រអាចប្រើយន្តហោះ C-130s និងឧបករណ៍ប្រើ Sensor ដើម្បីផ្ដល់ដំណឹង និងតាមដានជួយដល់កងទ័ពជើងទឹកអាមេរិកបានមួយផ្នែកធំ។ ក្រុមប្រតិបត្តិការប្រឆាំងភេរវកម្ម នៃកងឆ្មាំសមុទ្រ គឺអាចការពាររដ្ឋាភិបាល និងកំពង់ផែរបស់អាមេរិកបាន។
២). កងទ័ពជើងអាកាស៖ អាមេរិកគឺមានកងទ័ពជើងអាកាសខ្លាំងជាងគេបំផុតក្នុងលោក។ បច្ចុប្បន្ន អាមេរិកមានយន្តហោះ និងឧទ្ធម្ភគចក្រ ១៤ ០០០គ្រឿងដែលបំពេញមុខងារលើ ៥ផ្នែកធំៗ គឺ ជើងគោក ជើងអាកាស ជើងទឹកធំ កងទ័ពប្រយុទ្ធជើងទឹក និងកងឆ្មាំសមុទ្រ។ បើនិយាយពីសមត្ថភាពវិញ កងទ័ពជើងអាកាសរបស់សហរដ្ឋអាមេរិក គឺមានកម្លាំង និងយុទ្ធភណ្ឌជើងទឹកច្រើនជាង ប្រទេសធំបន្ទាប់ពីអាមេរិក ៧បូកបញ្ចូលគ្នា។
៣) កងកម្លាំងជើងគោក និងកងកម្លាំងប្រយុទ្ធរបស់កងទ័ពជើងទឹក មានកងរថក្រោះប្រមាណ ៩០០០គ្រឿង ដែលមានយោធភណ្ឌទំនើបៗ មានដូចជា កងរថបាញ់កម្ទេចរថក្រោះដោយប្រើមីស៊ីលនាំផ្លូវ Stryker ឧទ្ធម្ភគចក្រ Apache និង Cobra និងមានក្រុមបាញ់កម្ទេចរថក្រោះដោយប្រើមីស៊ីល Javelins និង TOW ដើម្បីកម្ទេចកងរថពាសដែកគ្រប់ប្រភេទរបស់សត្រូវបាន។ ក្រៅពីនេះ នៅមានរថក្រោះទំនើបៗជាច្រើនទៀត ដូចជា Leopard ឬ Merkava។ កងទ័ពវាយមុខនៃកងកាំភ្លើងធំ កងកាំភ្លើងបាញ់យន្តហោះ និងកងទ័ពវាយមុខនៃកងកម្លាំងបាញ់ប្រឆាំងរថក្រោះអាចធ្វើការរួមគ្នាកម្ទេចសត្រូវបាន។ តាមប្រភពដដែល រថក្រោះនៅទូទាំងពិភពលោកភាគច្រើនចាស់ជាងរថក្រោះនៅសហរដ្ឋអាមេរិក។ សូម្បីតែរថក្រោះរបស់សូវៀតដូចជា Patton ឬ T-72 ក៏ងាយកម្ទេចដោយក្រុមមីស៊ីលបានដោយងាយ។
ចំណុចពិសេសមួយទៀតនោះ គឺទាហានអាមេរិកត្រូវបានផ្ដល់ឧបករណ៍ឆ្លុះទំនើបបំពាក់លើអាវុធដែលអាចមើលសត្រូវបានមិនថា នៅក្នុងបរិយាកាសអួរអាប់ដោយផ្សែង និងអ័ព្ធយ៉ាងណានោះទេ។ គ្រឿងយុទ្ធភណ្ឌវិញ គឺកំពុងត្រូវបានធ្វើទំនើបកម្មខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ៕
ប្រភព៖ We Are the Mighty






