កូរ៉េខាងជើងបានត្រៀមរួចរាល់ទីតាំងបាញ់សាកល្បងគ្រាប់បែកនុយក្លេអ៊ែរ។ នេះបើតាមរូបភាពផ្កាយរណបបង្ហាញ នៅថ្ងៃព្រហស្បតិ៍ ទី ១៣មេសា ដោយវិបសៃតិ៍អាមេរិកាំង 38 North ដែលតាមដានសកម្មភាពយោធារបស់កូរ៉េខាងជើង។ អ្នកជំនាញវាយតម្លៃថា កូរ៉េខាងជើងនឹងអាចបាញ់សាកល្បង គ្រាប់បែកនុយក្លេអ៊ែរលើកទី ៦ នាឱកាសបុណ្យខួបកំណើតលោកគីម អ៊ីលស៊ុង ជីតារបស់លោកគីមជុងអ៊ុននៅថ្ងៃសៅរ៍ទី ១៥មេសា។
នៅថ្ងៃសៅរ៍ខាងមុខ កូរ៉េខាងជើងត្រូវប្រារព្ធពិធីបុណ្យខួបកំណើត ១០៥ឆ្នាំ របស់ស្ថាបនិកកូរ៉េខាងជើង គឺលោកគីម អ៊ីលស៊ុង ដែលជាជីតា របស់មេដឹកនាំកូរ៉េខាងជើងបច្ចុប្បន្ន។ បើសិនទីតាំងបាញ់សាកល្បងអាវុធនុយក្លេអ៊ែរត្រៀមខ្លួនរួចរាល់ហើយ មានន័យថា កូរ៉េខាងជើងនឹងអាចបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ នៅថ្ងៃបុណ្យខួបកំណើតជីតារបស់មេដឹកនាំគីម ជុងអ៊ុន។ កន្លងមក នៅពេលរៀបចំពិធីបុណ្យជាតិសំខាន់ កូរ៉េខាងជើង តែងបាញ់សាកល្បងមីស៊ីល ដើម្បី បង្អួត បច្ចេកវិទ្យា និងកម្លាំងយោធារបស់ខ្លួន។
បើសិនកូរ៉េខាងជើងនៅតែផ្គើនអាចបាញ់សាកល្បងអាវុធនុយក្លេអ៊ែរមែន នោះ អាមេរិកប្រហែលមិនជ្រើសយកជម្រើសយោធា ដើម្បីឆ្លើយតបនឹងកូរ៉េខាងជើងទេ។ កូរ៉េខាងជើងមិនមែនស៊ីរី ដែលអាមេរិកបានបាញ់គ្រាប់មីស៊ីលមួយប្រាវហើយ ក៏ចប់នោះទេ។ កូរ៉េខាងជើងដែលមានកងទ័ព និងសព្វាវុធសន្ធឹកសន្ធាប់បានព្រមានរួចហើយនឹងធ្វើសង្គ្រាមនុយក្លេអ៊ែរ ដើម្បី ដើម្បីវាយបក ប្រឆាំងនឹងការវាយប្រហារ ឈ្លានពានណាមួយរបស់អាមេរិក។
អាមេរិកដឹងថា ផ្លូវយោធា ទោះជាមួយជំហានតូច ដោយបាញ់មីស៊ីលព្រមានកូរ៉េខាងជើង គឺនឹងអាចបណ្តាលមានសង្គ្រាមផ្ទុះឆាបឆេះ នៅឧបទ្វីបកូរ៉េទាំងមូល។ គេជឿថា បើមើលតាមកម្លាំងទ័ពកូរ៉េខាងជើង ដែលឈរជើងនៅតាមព្រំដែន កូរ៉េទាំងពីរ កូរ៉េខាងជើងនឹងអាចបាញ់ខ្ទេចខ្ទីរទីក្រុងសេអ៊ូល បើសិនមានការផ្ទុះអាវុធណាមួយ ចាប់ផ្តើមឡើងដោយអាមេរិក។ រដ្ឋបាលអាមេរិក របស់លោកដូណាល់ បានបញ្ជូនកងនាវាចម្បាំងទៅឧបទ្វីបកូរ៉េ ដើម្បី គ្រាន់តែកំញើញប៉ុណ្ណោះ ពោលគឺអាមេរិកនៅមិនទាន់ត្រៀមខ្លួន ហើយក៏មិនចង់ប្រឈមមុខធ្វើសង្គ្រាមជាមួយកូរ៉េខាងជើងដែរ។ តាមមន្ត្រីរបស់សេតវិមាន ដែលបាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានអង់គ្លេសReuters រដ្ឋបាលអាមេរិកអាចជ្រើសរើសយកជម្រើសដាក់ទណ្ឌកម្មសេដ្ឋកិច្ច ជាជាងប្រើជម្រើសយោធា ក្នុងករណីដែលកូរ៉េខាងជើងនៅតែហ៊ានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរម្តងទៀតនោះ។ ម្យ៉ាងវិញទៀត រដ្ឋបាលលោកដូណាល់ ត្រាំ សង្ឃឹមច្រើនថា លោកប្រធានាធិបតីចិន នឹងជួយអាមេរិក ដើម្បីដោះស្រាយបញ្ហាកូរ៉េខាងជើង។
ប្រភព៖http://www.pageth.info/archives/11569









