ខ្ញុំនឹងមិនស្រឡាញ់បុរសណា ដែលមិនឱ្យតម្លៃលើផ្កាស្លាខ្ញុំនោះទេ!!!
ភាពថ្លៃថ្នូរ និងតម្លៃស្នេហារបស់មនុស្សស្រីដែលនារីៗគ្រប់ៗរូប តែងតែប្រាថ្នាចង់បាននោះគឺ ស្ថិតនៅលើភាពជោគជ័យនៅក្នុងជីវិតស្នេហារបស់នាង គឺនាងបានក្រាបក្បាលដល់ន្ទេលគោរពអ្នកមានគុណ ព្រមទាំងសំឡេងភ្លេងការ និងចំណងដៃនៃផ្កាស្លាដ៏មានក្លិនក្រអូបដែលមិនអាចនឹងមានផ្កាឯណាមកប្រដូចបាននោះគឺថ្ងៃមង្គលការ។ នៅក្នុងជីវិតរបស់មនុស្សស្រី នាងពិតជាត្រូវការខ្លាំងណាស់នូវសេចក្តីស្រឡាញ់ ព្រោះមនុស្សម្នាក់ៗ បើខ្វះក្តីស្រឡាញ់ហើយនោះ នៅក្នុងជីវិតនេះពិតជាគ្មានក្តីសុខនោះទេ។
ប៉ុន្តែក្តីស្រឡាញ់ដែលនាងប្រាថ្នានោះ គឺជាការស្រឡាញ់មួយដែលកើតចេញពីចិត្ត និងឱ្យតម្លៃដល់កិត្តិយសរបស់នាងនោះ គឺជាស្នេហាមួយដែលមិនរំលងប្រពៃណី ហើយនាងនឹងមិនស្រឡាញ់បុរសណាដែលមិនឱ្យតម្លៃ និងភាពថ្លៃថ្នូរដល់នាងនោះទេ។ ព្រោះភាពសំខាន់នៅក្នុងជីវិតមនុស្សស្រីនេះគឺ គ្មានអ្វីស្មើនឹងតម្លៃនៃផ្កាស្លាឡើយ នាងពិតជាស្រឡាញ់ និងគោរពនូវកិត្តិយសរបស់អ្នក បើសិនជាអ្នកបានផ្តល់តម្លៃឱ្យនាង ហើយមិនមែននារីគ្រប់ៗរូបសុទ្ធតែចង់បានការស្រឡាញ់ពីបុរសសង្សារ ដោយគ្មានប្រាថ្នាចង់រៀបការនោះទេ។ ផ្កាស្លាជាសក្ខីភាពនៃសម្រស់ស្នេហាមួយដែលមានក្លិនពិដោរក្រអូបស្ថិតស្ថេរជាអមតៈ និងជាតម្លៃកិត្តិយសរវាងស្នេហាបុរស និងស្រី៕
ប្រភព៖ rosemag