លោកនាយឧត្តមសេនីយ៍ សៅ សុខា ហាមដាច់ខាត ចំពោះការកាត់គោលរបប ប្រាក់បៀវត្សគ្រប់រូបភាពពីមន្ត្រីអាវុធហត្ថ
ភ្នំពេញ: មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានហាមដាច់ខាតការកាត់គោលរបប ប្រាក់បៀវត្សគ្រប់រូបភាពហាមដាច់ខាតចំពោះការរកស៊ីចងការប្រាក់ ការទិញប្រាក់ខែ នៅក្នុងស្ថាប័នកងរាជអាវុធហត្ថ និងហាមដាច់ខាតរាល់ការអំពាវនាវ គៀងគររកថវិកាគ្រប់រូបភាព ពីនាយ នាយរង និងពលអាវុធហត្ថ។
ការចេញសេចក្តីណែនាំនេះ បានធ្វើឡើងបន្ទាប់កើតមានភាពមិនប្រក្រតីនៅក្នុងសាលាកំបូល ដែលនាយកសាលាបានតម្រូវឲ្យមន្ត្រីអាវុធហត្ថដែលទៅរៀនបង់លុយម្នាក់ ១៤០ដុល្លារ ដើម្បីទិញគ្រៃ និងភាពមិនប្រក្រតីនៅអាវុធហត្ថខេត្តតាកែវ ដែលមេបញ្ជាការបានកាត់លុយរបបរបស់មន្ត្រីអាវុធហត្ថនៅក្រោមឱវាទ។
លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីណែនាំកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ ដល់គ្រប់បណ្តាស្នងការ និងអង្គភាព ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងបណ្តាកងឯកភាពកងរាជអាវុធហត្ថរាជធានី ខេត្ត ហាមដាច់ខាតការកាត់គោលរបប ប្រាក់បៀវត្សគ្រប់រូបភាព គ្រប់ទម្រង់ទាំងអស់ពីនាយ នាយរង និងពលអាវុធហត្ថក្រោមឱវាទ។ ហាមដាច់ខាតរាល់ការអំពាវនាវ គៀងគររកថវិកាគ្រប់រូបភាព ពីនាយ នាយរង និងពលអាវុធហត្ថ សម្រាប់ការកសាងសមិទ្ធិផលអ្វីមួយរបស់អង្គភាព ឬការកំណត់ដល់អង្គភាពថ្នាក់ក្រោម តម្រូវឲ្យត្រូវតែបង់វិភាគទាន ដើម្បីបម្រើឲ្យការងារផ្សេងៗ។ ហាមដាច់ខាតចំពោះការរកស៊ីចងការប្រាក់ ការទិញប្រាក់ខែ នៅក្នុងស្ថាប័នកងរាជអាវុធហត្ថ។
លោកនាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា ទទួលបានសេចក្តីណែនាំនេះ គ្រប់បណ្តាស្នងការ និងអង្គភាព ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងបណ្តាកងឯកភាពកងរាជអាវុធហត្ថរាជធានី ខេត្ត ត្រូវអនុវត្តឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
ប្រភព៖http://www.pageth.info/archives/18049

