លុយ និង សុខភាពមួយណាសំខាន់ជាង?
សុខភាព និង ការងារ សុទ្ធតែជារឿងសំខាន់ដើម្បីឲ្យមនុស្សទទួលបានភាពជោគជ័យក្នុងជីវិតតែប្រសិនជាសុខភាពមិនល្អ ការងារក៏ធ្លាក់ចុះទៅតាមនោះដែរ។ ដូច្នេះហើយ វាជារឿងចាំបាច់បំផុតទាមទារឲ្យយើងចេះលៃលកចំពោះពេលវេលាដើម្បីចៀសវាងនាំឲ្យធ្លាក់ខ្លួនឈឺ ដោយសារការធ្វើការងារគ្មានពេលម៉ោងកំណត់ច្បាស់លាស់។
កញ្ញា ជា សុជាតិ ជាមន្ត្រីគណនេយ្យករ និងរដ្ឋបាលនៃស្ថាប័នឯកជនមួយបាននិយាយថា ពិបាកថាដែរនៅពេលសួរថា លុយ និង សុខភាពមួយណាសំខាន់ជាង? បើនិយាយពីសុខភាព គឺសំខាន់ជាងហើយ តែនៅពេលដែលខ្ញុំធ្វើការងារច្រើន និងមិនអាចបញ្ចប់ទាន់ពេលវេលា ខ្ញុំតែងតែមានអារម្មណ៍អត់ស្រឡះក្នុងខ្លួនទើបបង្ខំធ្វើវាដល់យប់ជ្រៅ។
ការខិតខំប្រឹងប្រែងធ្វើការហួសហេតុដោយមិនបានគិតដល់សុខភាព វាមិនត្រឹមតែអាចជះឥទ្ធិពលដល់បញ្ហាផ្លូវកាយប៉ុណ្ណោះទេ ប៉ុន្តែបញ្ហាផ្លូវចិត្តក៏អាចទទួលរងផលប៉ះពាល់អវិជ្ជមានផងដែរ។ កាលដែលមនុស្សធ្វើការងារច្រើនហើយការទំនួលខុសត្រូវក៏ច្រើនដែរនោះវាជាហេតុធ្វើឲ្យយើងមានភាពតានតឹងក្នុងចិត្តធ្ងន់ធ្ងរ ខណៈដែលគ្មានពេលវលាសម្រាក និងទទួលទានគ្រប់គ្រាន់ ដែលអាចងាយប្រឈមនឹងជំងឺផ្សេងៗ។
ជាបុគ្គលិកផ្នែកចែកចាយ នៃក្រុមហ៊ុនឯកជនមួយ លោក ហូយ ណារិទ្ធ បាននិយាយថា នៅពេលដែលខ្ញុំខិតខំធ្វើការងារច្រើនម៉ោង ខ្ញុំតែងតែមានអារម្មណ៍ស្រ្តេស និងឈឺក្បាល។ កន្លងមកខ្ញុំធ្លាប់កើតជំងឺក្រពះដោយសារញុំាបាយមិនទៀងម៉ោង ព្រោះតែរវល់ខំធ្វើការងារដែលមិនទាន់ចប់នៅកន្លែងក៏យកមកធ្វើនៅផ្ទះពេលយប់ធ្វើឲ្យការបរិភោគមិនទៀងពេលវេលា។
ចំណែកកញ្ញា ផុន ឆរិទ្ធ ជានិស្សិតឆ្នាំទី២ ផ្នែកធានាគារ និងជាបុគ្គលិកផ្នែកជំនួយការរដ្ឋបាលនៃផ្នែកឯកជនមួយបាននិយាយថា សុខភាព និង ការងារ សុទ្ធតែជារឿងសំខាន់បើសិនជាសុខភាពមិនល្អ លទ្ធផលនៃការសិក្សា និងការងារក៏ធ្លាក់ចុះទៅតាមនោះដែរ។ ដូច្នេះយើងគួរចេះលៃលកចំពោះពេលវេលាដើម្បីចៀសវាង និងជំងឺមួយចំនួន។
ថ្វីត្បិតតែការងាររវល់យ៉ាងណាក៏ដោយយើងមិនគួរធ្វេសប្រហែសចំពោះសុខភាពនោះទេ ព្រោះថា ពេលវេលាសម្រាក ជាសេចក្ដីត្រូវការដ៏ចាំបាច់របស់មនុស្សគ្រប់រូប ហើយបើសិនជាជីវិតមិនមានការសម្រាកគ្រប់គ្រាន់ នោះ យើងនឹងជួបវិបត្តិស្មុគស្មាញជាច្រើន ដូចជា ការខាតបង់ថវិកា បញ្ហាសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងការបែកបាក់ទំនាក់ទំនងមិត្តភាពជាដើម៕
ប្រភព ៖ http://news.sabay.com.kh/article/912751



