កាលពីពេលថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបានព្រមានធ្វើការវាយប្រហារដោយអាវុធនុយក្លេអ៊ែរទៅលើសហរដ្ឋអាមេរិក ប្រសិនបើមានសញ្ញាឈ្លានពានណាមួយកើតឡើងលើប្រទេសខ្លួន ស្របពេលដែលកងទ័ពជើងទឹករបស់អាមេរិកចូលមកដល់តំបន់ប៉ាស៊ីហ្វិចខាងលិចកាន់តែជ្រៅឡើងៗ ។
ការប្រកាសនេះកើតឡើង ក្រោយពីប្រធានាធិបតីអាមេរិកទើបឡើងកាន់ដំណែង Donald Trump បានចរចាជាមួយនឹងប្រទេសចិន ឱ្យរកដំណោះស្រាយសមស្របណាមួយជាមួយនឹងមេដឹកនាំកូរ៉េខាងជើង Kim Joong Un ហើយជាពិសេស លោក Trump ថែមទាំងបានប្រកាសក្តែងៗលើបណ្តាញសង្គម Twitter ទៀតថា កូរ៉េខាងជើង ចង់មានបញ្ហា ដូចនេះអាមេរិកត្រូវតែដោះស្រាយបញ្ហានោះ ទោះបីគ្មានជំនួយពីចិនក៏ដោយ ។
យ៉ាងណាក្តី កូរ៉េខាងជើងមិនចុះញ៉មនឹងអាមេរិកដាច់ខាត ដោយពួកគេប្រកាសយ៉ាងដាច់អហង្ការថា ពួកគេនឹងប្រើប្រាស់គ្រាប់នុយក្លេអ៊ែរ ប្រសិនបើអាមេរិកចង់លេងជាមួយពួកគេនោះ ។ គួរបញ្ជាក់ដែរថា កូរ៉េខាងជើងក៏ទើបនឹងធ្វើការសាកល្បងបាញ់អាវុធនុយក្លេអ៊ែរបានជោគជ័យផងដែរ កាលពីពេលកន្លងទៅនេះ ដូចនេះប្រសិនបើមានអ្វីកើតឡើងខុសប្រក្រតីនោះ សង្គ្រាមលោកលើកទីបីអាចនឹងកើតមានយ៉ាងពិតប្រាកដ ស្របពេលដែលពេលនេះចលាចល និង កម្តៅកំពុងក្តៅគគុកនៅក្នុងប្រទេសមហាអំណាច ៕ រិទ្ធី (ប្រភព ៖ ឌាយលីម៉ែល)




