ចិនហាមឃាត់​ប្រជាជន​តំបន់​ស៊ីន​ជាំ​ង​ដាក់ឈ្មោះ​កូន​ភ្ជាប់​សាសនា​ឥស្លាម..ជួយស៊ែឱ្យបានដឹងផង



អាជ្ញាធរ​ក្នុង​ទីក្រុង Urumqi នៃ​តំបន់​ស៊ីន​ជាំ​ង លើកឡើងថា ខ្លួន​បានទទួល​សេចក្ដីណែនាំ​មួយ​ពី​ថ្នាក់លើ​របស់ខ្លួន ដែល​បញ្ជា​ថា គ្រប់​ទារក​ទាំងអស់ មិនត្រូវ​មានឈ្មោះ​ទាក់ទង​សាសនា​ហួសហេតុ ឬក៏​បង្ហាញ​ពី​ការបំបែកបំបាក់​ឡើយ​។ បម្រាម​ពេលនេះ គឺជា​ការពង្រីក​ការអនុវត្ត​បញ្ញត្តិ​ឆ្នាំ ២០១៥ ដែល​ហាម​ការប្រើប្រាស់​ឈ្មោះ​ឥស្លាម​សម្រាប់​ទារក​ដូចជា Fatimah ឬ Saddam ជាដើម​នោះ​។ នេះ ក៏​ជា​សញ្ញា​បង្ហាញ​ពី​ការ​រឹតត្បិត​របស់​អាជ្ញាធរ​ជនជាតិ​ហាន​ទៅលើ​ជន​ជាត​ភាគតិច​នៅ​ស៊ីន​ជាំ​ង​ដែរ​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី Sputnik មន្ត្រី​ក្នុង​ទីក្រុង Urumqi និយាយថា បើ​មាន​ករណី​ដូចខាងលើ​មែន ឪពុកម្ដាយ​ទារក គួរ​ប្ដូរ​ឈ្មោះ​កូន​ពួកគេ​ទៅ​។ មន្ត្រី​ដដែល​នេះ បន្តថា បើ​មានគ្រួសារ​ណា មិន​ព្រម​អនុវត្តតាម​ការសម្រេច​នេះ ពួកគេ នឹងមិន​ត្រឹមតែ​មិន​ទទួល​ការ​រាប់អាន​ពី​សង្គម​ឡើយ ហើយ​អាច​ប្រឈមមុខ​បញ្ហា​ផ្សេងទៀត​ដូចជា មិនអាច​ទទួលបាន​កា​រ​អប់រំ​, ការងារ និង​ផលប្រយោជន៍​សង្គម​ដទៃទៀត​។​

​ជាការ​ពិត វា​ជាការ​រឹតត្បិត​លើ​ជន​មូស្លីម​នៅ​តំបន់​ស្វយ័ត​មួយ​នេះ​។ ស៊ីន​ជាំ​ង ជា​ខេត្ត​ភាគ​ខាងលិច​បំផុត​របស់​ចិន ដែលមាន​ជន​មូស្លីម Uighur ប្រមាណ ១១​លាន​នាក់​រស់នៅ​។ ក្រៅពី​ជនជាតិ Uighur ដែលជា​ជនភាគតិច គេ​សង្កេតឃើញ​មាន​ជនភាគតិច​មួយចំនួន​ដែល​អនុវត្តតាម​សាសនា​ឥស្លាម​ដូចជា​ជនជាតិ​ម៉ុង​ហ្គោ​លី​, ជនជាតិ​តាជី (Tajiks) និង​ជនជាតិ​កា​ហ្សា​ក់ (Kazakhs) ជាដើម​។ ពួកគេ យល់ថា វិធានការ​របស់​ក្រុង​ប៉េកាំង គឺជា​ការរើសអើង​វប្បធម៌​របស់​ពួកគេ​។​

​ដំណើររឿង​ដែល​នាំ​ឲ្យ​មានការ​រឹតត្បិត​របៀបនេះ ក៏​ព្រោះតែ​ការ​ផ្ទុះឡើង​កុបកម្ម​ហិង្សា​ជាច្រើន​ថ្ងៃ​នៅ​ស៊ីន​ជាំ​ង​កាលពី​ឆ្នាំ​២០០៩ និង​ការ​រាតត្បាត​ក្រុម​ជ្រុលនិយម​ចេញពី​ប្រទេស​ដែលមាន​ព្រំដែន​ជាប់​ស៊ីន​ជាំ​ង​។ អាជ្ញាធរ​ចិន បាន​យក​វិធីសាស្ត្រ​ធ្លាប់​អនុវត្ត​ក្នុងការ​រឹតត្បិត​ជនជាតិ​ទី​បេ មកប្រើប្រាស់​នៅ​តំបន់​ភាគ​ខាងលិច​នេះ​ម្ដងវិញ​។ ក្រុង​ប៉េកាំង បានចេញ​ការហាម​ប្រាម​ជាច្រើន​រាប់ទាំង​ការ​ស្លៀកពាក់​, ការអនុវត្ត​ប្រពៃណី​, ការដកហូត​លិខិតឆ្លងដែន និង​ការ​ទុក​ពុកមាត់​តាមរបៀប​ឥស្លាម​ជាដើម​។​

​ដោយសារ​ការរើសអើង​បែបនេះ មន្ត្រី​ស៊ីវិល​នៅ​តំបន់​ស៊ីន​ជាំ​ង​ជាង ៨០​ម៉ឺន​នាក់ មិនអាច​គោរព​ប្រពៃណី​របស់ខ្លួន​ឡើយ ព្រោះ​ខ្លាច​បាត់បង់​ការងារ​រ​បស់​ពួកគេ​។ ជារឿយៗ រដ្ឋាភិបាល​ចិន បាន​ទម្លាក់កំហុស​លើ​ក្រុម​មូស្លីម Uighur ចំពោះ​ការអនុវត្ត​សាសនា​ជ្រុលនិយម​ក្នុង​តំបន់ និង​អំពើហិង្សា​ដែល​កើតមាន​ជា​ញឹកញយ​។ ដោយសារ​មាន​ព្រំដែន​ជាប់​ប៉ា​គី​ស្ថាន និង​អា​ហ្វ​ហ្គា​នី​ស្ថាន ចិន ពិតជា​បារម្ភ​ខ្លាំង​ការ​សាយភាយ​ភេរវកម្ម​ចូលមក​តំបន់​នេះ​៕




ប្រភព៖ www.ThmeyThmey.com