ជួយ Share ដើម្បីលើកទឹកចិត្តគាត់ផង៖ គំនិត​ចិញ្ចឹម​ចង្រិត​របស់​យុវជន​ម្នាក់ ​ជួយ​ឲ្យ​ជីវភាព​គ្រួសារ​ងើប​ចេញ​ពី​ភាព​ក្រីក្រ


តាកែវ៖ កាលពី​ ៤ ​ឆ្នាំ​មុន អ្នកស្រី អ៊ុង វណ្ណៈ និង​ប្តី​របស់​អ្នក​ស្រី អ៊ូ សារឿន ​ទទួល​បាន​យាន​ជំនិះ​មួយ​ដែល​ជួយ​ដឹក​គ្រួសារ​របស់​អ្នក​ទាំង​ពីរ ​ចេញ​ពី​ភាព​ក្រីក្រ នោះ​គឺសត្វ ​ចង្រិត។ ជាមួយ​ដើម​ទុន​ត្រឹម​តែ​ជាង ១០០០ ដុល្លារ​អាមេរិក គូ​ស្វាមី​ភរិយា​បាន​បង្កើត ​កសិដ្ឋាន​ចិញ្ចឹម​ចង្រិត​មួយ ដោយ​ចាប់​ផ្តើម​ឡើង​ជាមួយ​នឹង​អាង​ចិញ្ចឹម​ចង្រិត​​មួយ​តែ​ប៉ុណ្ណោះ។
សូម្បី​តែ​នៅ​ក្រៅ​កសិដ្ឋាន​ដែល​ស្ថិត​នៅ​ភូមិ​ត្រពាំង​ឬស្សី​នេះ ក៏​គេ​អាច​លឺ​សម្លេង​ចង្រិត​យំ​ផង​ដែរ។ នៅ​ជិត​របង​ទ្វា​មាន​អាង​ចិញ្ចឹម​ចង្រិត​ចំនួន​ ៧ ដោយ​អាង​នីមួយៗ មាន​ប្រអប់​ គូតុង​ដាក់​សុត រាប់រយ ដែល​ត្រូវ​បាន​ប្រើប្រាស់​ជា «សំបុក​សិប្បនិម្មិត​» របស់​សត្វ​ចង្រិត និង​ចង្រិត​រាប់​ម៉ឺន​ក្បាល។ នៅ​ខាង​ក្រោយ​ផ្ទះ​ មាន​អាង​ចង្រិត​ចំនួន ៦ ទៀត។ អាង​នីមួយៗ​មាន​គ្រប់​សំណាញ់​ដើម្បី​កុំ​ឲ្យ​ចង្រិត​លោត​ចេញ និង​ការពារ​សត្រូវ​របស់​ពួក​វា​ មាន​មាន់​និង​បង្គួយ​ជា​ដើម​ចូល​មក​ស៊ី។
តាម​ការ​ឲ្យដឹង​របស់​អ្នក​ស្រី ​អ៊ុង​ វណ្ណៈ ការ​ថែរក្សា​ចង្រិត​នេះ​មិន​មែន​ជា​ការ​ងារ​លំបាក និង​នឿយ​ហត់​នោះ​ឡើយ។ ជា​រៀង​រាល់​ព្រឹក អ្នក​ស្រី​ត្រូវ​ឲ្យ​ចំណី​​ចង្រិត​ទាំង​នេះ​ស៊ី ដោយ​ចំណី​របស់​វា​រួម​មាន​ចំណី​ទា លាយ​នឹង​ទឹក​ដែល​ទិញ​ពី​ហាង​លក់​ចំណី​​សត្វ និង ​ស្លឹក​ឈើ​និង​បន្លែ​ដែល​អ្នក​ស្រីដាំ​ រួម​មាន​ត្រកួន​ជា​ដើម។ អ្នក​ស្រី​និយាយថា៖ «យើង​អាច​ប្រមូល​ចង្រិត​លក់​បាន ជាប់​រហូត។ នៅ​ពេល​ដែល​ចង្រិត​ដាក់​ពង យើង​អាច​ចាប់​មេៗ ដឹក​យក​ទៅ​ឲ្យ​ឈ្មួញ​បាន​ហើយ។ មួយ​សប្តាហ៍​ក្រោយ​មុខ ពង​ចង្រិត​ដែល​នៅ​ក្នុង​អាង​នោះ​នឹង​ញាស់​ឡើង​វិញ»។
ប្រហែលជា​ ៦ សប្តាហ៍​ក្រោយ​មក​ ចង្រិត​ដែលញាស់​ថ្មី​នោះ​នឹង​ដាក់​ពង​ ហើយ​អាច​ចាប់​យក​ទៅ​លក់ម្តង​ទៀត។ អាង​នីមួយ​អាច​ផលិត​ចង្រិត​បាន​រហូត​ទៅ​ដល់ ១០០ គីឡូក្រាម ដែល​មួយ​គីឡូក្រាមៗ អាច​លក់​បាន​ ៣ ដុល្លារ។ អ្នក​ស្រី​​បន្តថា៖ «យើង​ធ្លាប់​ក្រណាស់ រហូត​ខ្ញុំ​ត្រូវ​ទៅ​ធ្វើ​ការក្នុង​ចំការ​នៅ​ប្រទេស​ថៃ បន្ទាប់​ពី​ច្រូត​កាត់​រួច ប៉ុន្តែ​ពេល​ត្រលប់​មក​វិញ​មិន​ដែល​មាន​សល់​លុយ​ច្រើនទេ»។
បច្ចុប្បន្ន​នេះ កសិដ្ឋាន​ចង្រិត​របស់​អ្នក​ស្រី​មាន​អតិថិជន​មក​ពី​ទូទាំង​ប្រទេស ហើយ​របរ​នេះ​បាន ជួយ​ឲ្យ​ជីវភាព​ក្រុម​គ្រួសារ​អ្នក​ស្រី​បាន​រីក​ចម្រើន​គ្រាន់​បើ។ ត្រឹម​តែ​រយៈ​ពេល​ពី​រ​ឆ្នាំ​តែ​ប៉ុណ្ណោះ គ្រួសារ​អ្នក​ស្រី​អាច​ទិញ​រថយន្ត និង​គោយន្ត​មួយ​គ្រឿង​ពី​ចំណូល​ដែល​ទទួល​បាន​ពី​ការ​លក់​ចង្រិត​។ បន្ថែម​ទៅ​លើ​ចំណូល​ដែល​ទទួល​បាន​ពី​ការ​លក់ ចង្រិត​ក៏​ជួយ​ទៅ​ដល់​ការ​ធ្វើ​ស្រែ​របស់​ក្រុម​គ្រួសារ​អ្នក​ស្រី​ផង​ដែរ។ លោក អ៊ូ សារឿន បាន​ឲ្យដឹងថា លាមក​ចង្រិត​គឺ​ជា​ជីដ៏​ល្អ​ប្រសើរ​សម្រាប់​ដំណាំ​ដែល​លោក​ដាំដុះ។ អ្នក​ដែល​បាន​ផ្តើម​គំនិតធ្វើ ជំនួញ​ដ៏​ជោគជ័យ​នេះ​ជា​លើក​ដំបូង​គឺ​ជា​កូន​ប្រុសរបស់​អ្នក​ទាំង​ពីរ​ដែល​ឈ្មោះ ញឿក ភារម្យ ដែល​សព្វ​ថ្ងៃ​នេះ​មាន​អាយុ ២៧ ឆ្នាំ។ ញឿក ភារម្យ ​បាន​កត់​សម្គាល់ថា ប្រជាជន​នៅទូទាំង​ប្រទេស​កម្ពុជា​ទទួល​ទាន​ចង្រិត ក៏​ប៉ុន្តែ​ចង្រិត​ភាគ​ច្រើន​ដែល​លក់​លើ​ទីផ្សារ​គឺ​ចង្រិត​ធម្មជាតិ។
យុវជន​រូប​នេះ​និយាយថា៖​ «ការ​ចិញ្ចឹម​ចង្រិត​នឹង​ផលិត​នូវ​ចង្រិត​ដែល​ល្អ​ជាង​មុន​ទាំង​គុណភាព និង​បរិមាណ។ ដូច្នេះ​ហើយ​ខ្ញុំ​បាន​ធ្វើ​ការ​ស្រាវជ្រាវ​តាម​អ៊ីនធើណេត ហើយ​ក៏​បាន​ចាប់​ផ្តើម​របរ​នេះ​ជាមួយ​​​គ្រួសារ​របស់ខ្លួន»។ ដោយ​សារ​មាន​បំណង​ចង់​ចែក​រម្លែក​ភាព​ជោគជ័យនេះ​ ជាមួយ​​​ប្រជាជន​ខ្មែរ​ដទៃទៀត ​ដើម្បី​ឲ្យ​ពួក​គេ​មាន​មុខ​របរ​ត្រឹម​ត្រូវ ចៀស​វាង​ការ​ធ្វើ​ចំណាក​​ស្រុក ភារម្យ​ បាន​សរសេរ​សៀវភៅ​មួយ​ក្បាល​ពី​ការ​ចិញ្ចឹម​ចង្រិត​នេះ ដែល​គេ​នឹង​​បោះ​ពុម្ភ​ផ្សាយ​​នាពេល​ខាង​មុខ។
ភារម្យ ​បន្ត​ថា៖ «នៅ​ពេលដែល​ខ្ញុំ​មក​រៀន​នៅ​ភ្នំពេញ ខ្ញុំ​បាន​សិក្សាដឹង​ពី​តាម​អ៊ីនធើណេត​ថា ការ​ចិញ្ចឹម​ចង្រិត​ជា​លក្ខណៈ​កសិដ្ឋាន​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ប្រទេស​ជា​ច្រើន ​ដើម្បី​ដោះស្រាយ​បញ្ហា​ចំណី​​អាហារ ព្រោះ​តែ​វា​ទាម​ទារ​​កន្លែង​តិច និង​ជំនាញ​ទាប។ ចង្រិត​ត្រូវ​បាន​គេ​ហៅ​ថា ជា​អាហារ​សម្រាប់​ថ្ងៃ​អនាគត»។ យោង​តាម​របាយការណ៍​របស់​អង្គការ​ចំណី​អាហារ​ និង ​កសិកម្ម ​ចេញ​នៅ​ឆ្នាំ ២០១៣ ក្រោម​ចំណង​ជើង​ថា «Edible Insects: Future Prospects for Food and Feed Security» សត្វ​ចង្រិត​ និង​សត្វ​ល្អិត​ដទៃ​ទៀត​អាច​ដោះស្រាយ​បញ្ហាចំណី​អាហារ និង​សុខភាព​ជា​ច្រើន​របស់​ពិភព​លោក ហើយ​​មាន​ប្រយោជន៍​ជា​ចំណី​ត្រី និង​សត្វ​ពាហនៈ​នានា​ផងដែរ។ ក្នុង​ចង្រិត​ ១០០ ក្រាម មាន​សារធាតុ​ប្រូតេអ៊ីន​ពី ៨ ទៅ ២៥ ក្រាម។
ខណៈ​ដែល​ការ​ចីញ្ចឹម​ចង្រិត​​មាន​ភាព​ងាយ​ស្រួល និង​ថោក​ជាង​ការ​ចិញ្ចឹម​ជ្រូក និង​មាន់ទា វា​ក៏​បញ្ចេញ​ឧស្ម័ន CO2 និង​ធាតុ​ពុល​ដទៃ​ទៀត​តិច​ជាង​ផង​ដែរ៕




ប្រភព៖ http://www.postkhmer.com/