បើតាមការអោយដឹងពី លោក សួង នាវា ដែលជាអ្នកជំនាញផ្នែកថតរូប Pre-Wedding មួយរូបប្រចាំនៅ DNA Studio បានគូសបញ្ជាក់ថា នៅប្រទេសកម្ពុជា មានគូស្នេហ៍ជាច្រើនគូដែលតែងតែទាក់ទងលោកជារឿយៗ អោយចេញទៅថតរូប Pre-Wedding សម្រាប់ពួកគាត់នៅតាមតំបន់ទេសចរណ៍មួយចំនួនដែលមានដូចជា៖
១ ខេត្តសៀមរាប
ជាទូទៅគូស្នេហ៍ភាគច្រើនតែងតែជាប់ចិត្តជាមួយ សម្រស់នៃទឹកដីបុរាណកាលដ៏ស្រស់ស្អាតនៅទីនោះ។ ចំណែកកន្លែងដែលពេញនិយមខ្លាំងគឺបរិវេណប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម ប្រាសាទបេងមាលា និង Pub Street នៅកណ្ដាលក្នុងសៀមរាបជាដើម។
២ ក្រុងព្រះសីហនុ
រូបភាពដ៏ស្រស់ស្អាតនៃសមុទ្រដ៏ខៀវស្រងាត់ ឆ្នេរសមុទ្រពណ៌ស និង ពន្លឺពណ៌មាសនៃព្រះអាទិត្យលិច គឺជាទេសភាពមួយដែលគូស្នេហ៍ភាគច្រើនប្រាថ្នាចង់ថតរូប។ លើសពីនេះទៀត គេក៏អាចថតរូបនៅសណ្ឋាគារសុខា និង អាចជិះកាណូតទៅកាន់កោះរុងថែមទៀតផង។
៣ ឧទ្យានជាតិគិរីរម្យ
តំបន់ទេសចរណ៍ឧទ្យានជាតិគិរីរម្យ ឬ ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ គឺជាកន្លែងទេសចរណ៍បែបធម្មជាតិមួយកន្លែងនៅក្នុងខេត្តកំពង់ស្ពឺ ដែលគូស្នេហ៍មួយចំនួនធំតម្រង់ទៅកាន់ទីនោះផងដែរ។ អ្វីដែលស្រស់ស្អាតបំផុតនៅទីនោះ គឺមានទឹកជ្រោះដ៏ថ្លាឆ្វេង ព្រៃស្រល់ដ៏ខៀវខ្ចី និង បឹងធម្មជាតិដ៏ស្រស់បំព្រង។
៤ ភ្នំបូកគោ
ស្ថិតក្នុងខេត្តកំពត ឧទ្យានជាតិព្រះមុនីវង្ស ឬ ដែលមនុស្សទូទៅស្គាល់ថាជាភ្នំបូកគោនោះ ក៏ជាកន្លែងពិសេសមួយដែលគូសង្សារមិនអាចមើលរំលងបានផងដែរ។ ចំពោះកន្លែងដែលគេនិយមទៅថតវិញគឺមានដូចជា អគារកាស៊ីណូចាស់ វិហារគ្រឹះចាស់ តំបន់វាលស្រែមួយរយ សណ្ឋាគារបូកគោថ្មី ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះគឺរូបភាពចុះអ័ព្ទនៅលើកំពូលភ្នំបូកគោ ដែលប្រៀបបាននឹងឋានសួគ៌លោកិយ។
៥ ខេត្តមណ្ឌលគីរី
ស្ថិតនៅភាគខាងកើតនៃប្រទេសកម្ពុជា ខេត្តមណ្ឌលគីរីពោរពេញទៅដោយទេសភាពស្រស់បំព្រង ដូចជាព្រៃឈើធំៗ កូនភ្នំស្អាតៗ ទឹកជ្រោះប៊ូស្រា និង វាលស្មៅដ៏ធំល្វឹងល្វើយជាដើម។ មិនតែប៉ុណ្ណោះ គូស្នេហ៍គ្រប់រូបក៏អាចផ្ដិតយកទិដ្ឋភាពថ្ងៃលិចនៅលើភ្នំផងដែរ។
ប្រភព៖ sabay




